Saturday, August 2, 2025
Homeតារាខ្មែរលោកព្រាប សុវត្ថិ ងាកមកស្ទីលហង្សមាស វិញ

លោកព្រាប សុវត្ថិ ងាកមកស្ទីលហង្សមាស វិញ

ក្រោយវាយលុកជាង២ខែ សុទ្ធតែបទបែបយុវវ័យ និងលេងស្ទីលបែបក្មេងជាងអាយុ ដូចកាលច្រៀងនៅហង្សមាស ឆ្នាំ១៩៩៨នោះ ពេលនេះតារា​ចម្រៀង Galaxy ព្រាប សុវត្ថិ បានងាកមកច្រៀងបទដែលមានចរិតដូចកាលលោកនៅផលិតកម្មចាស់វិញម្ដង​ដោយសារតែមុននេះ មានការលើកឡើងថា មហាជនមិនសូវគាំទ្រព្រាប សុវត្ថិ ច្រើនដូចកាលនៅហង្សមាស នោះទេ។

បទ ”ពេលណាជួបគេម្ដងទៀត?”, ”ស្ដាយអារម្មណ៍” និងបទ ”មនុស្សល្អៗអស់ទៅណា?” បញ្ជាក់ថា ព្រាប សុវត្ថិ នៅតែមានសំឡេងល្អ មិនទាន់ធ្លាក់ចុះឡើយ ហើយពេលនេះ Galaxy ចាប់ផ្ដើមធ្វើបទឲ្យត្រូវទៅនឹងសំឡេងរបស់ព្រាប សុវត្ថិ វិញហើយ។

ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នៅតាមបណ្ដាបៀរហ្គាឌិន និងក្លឹបកម្សាន្ដទាំងឡាយ គេនៅតែនិយមចាក់បទចម្រៀងរបស់ព្រាប សុវត្ថិ នៅហង្សមាស ដដែល ទើបធ្វើឲ្យ Galaxy កាន់តែប្រយ័ត្នប្រយ៉ែងក្នុងការធ្វើបទចម្រៀងឲ្យលោកច្រៀង ព្រោះខ្លាចកំពូលតារាចម្រៀងរូបនេះ ធ្លាក់កូដពេលមកដល់ទ្រនំរបស់ខ្លួននេះ។

ព្រាប សុវត្ថិ ហាក់មានរាសីមិនសូវល្អទេ រយៈពេលចុងក្រោយនេះ ព្រោះតែរលកក្រោយខេមរៈ សិរីមន្ដ ដែលជាគូប្រកួតប្រជែងលោកយ៉ាងស្វិតស្វាញ នៅ៥ឆ្នាំចុងក្រោយនេះ កំពុងតែមានសន្ទុះខ្លាំង នឹងសង្ឃឹមឡើងអង្គុយកៅអីរបស់លោក ដែលនៅទំនេរនោះបានទៀតផង ក្រោយល្បីបទ ”ពឺតៗ” មក ខណៈដែលព្រាប សុវត្ថិ វិញ កំពុងតែឈឺក្បាលរឿងដែលលោកចោទថា លោកម៉ៅ ធនារក្ស សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី រំលោភបំពានយកដីរបស់លោកនៅខេត្តមណ្ឌលគិរី ទំហំ១៩៣,២៩០ម៉ែត្រក្រឡានោះ នៅមិនទាន់មានដំណោះស្រាយនៅឡើយ រហូតកំពូលតារាចម្រៀងរូបនេះ បានស្នើសុំសម្ដេចតេជោហ៊ុន សែន ជួយអន្ដរាគមន៍ទៀតផង។

ប៉ុន្ដែយ៉ាងណា លោកព្រាប សុវត្ថិ នៅតែមានសង្ឃឹមយ៉ាងមុតមាំថា យុត្តិធម៌នឹងមានសម្រាប់រូបលោក ខណៈដែលអាជីពចម្រៀងវិញ ទោះជាប្រឈមត្រូវលោកសិរីមន្ត កំពុងតែមានប្រៀបជាងមែន តែលោកនៅតែជាតារាចម្រៀងដែលស៊ីថ្លៃជាងគេ ទាំងការឡើងឆាក និងស្ពតពាណិជ្ជកម្ម៕

RELATED ARTICLES