Saturday, August 2, 2025
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ថតសម្អាងការ ២០០០០ដុល្លារ ច្រៀងតាមឆាកធំៗ ៥០០០ដុល្លារ

តន់ ច័ន្ទសីម៉ា ថតសម្អាងការ ២០០០០ដុល្លារ ច្រៀងតាមឆាកធំៗ ៥០០០ដុល្លារ

ភាពភ្ញាក់ផ្អើលបានកើតមានមានទាំងក្នុងចង្កោមអ្នកសិល្បៈ និងមហាជន បន្ទាប់ពីតារាចម្រៀងវ័យក្មេង Galaxy កញ្ញាតន់ ច័ន្ទសីម៉ា ត្រូវបានអ្នកគ្រប់គ្រងផលិតកម្មនេះ លោកយឹម តាស្រង់ ប្រកាសថា នាងថតសម្អាងការ១ថ្ងៃ ស៊ីថ្លៃរហូតដល់២០០០០ដុល្លារ។

អ្នកខ្លះបានជជែកគ្នាថា តើលោកតាស្រង់ ច្រឡំតួលេខពី២០០០ដុល្លារ ទៅ២០០០០ដុល្លារឬយ៉ាងណា? ព្រោះបើថ្លៃ២០០០០ដុល្លារមែន ហាក់អួតជ្រុលពេកហើយ ដោយសារតែពីមុន សីម៉ា ច្រៀងនៅហាងវីហ្វេ្រន ១យប់ បានតែជាង១០ដុល្លារប៉ុណ្ណោះ។

អ្នកយកព័ត៌មានយើងបានទូរស័ព្ទសួរលោកយឹម តាស្រង់ ពីរឿងនេះ កាលពីថ្ងៃទី៧ ខែធ្នូ ហើយត្រូវបានអ្នកគ្រប់គ្រង Galaxy រូបនេះ បញ្ជាក់ថា ពិតជាស៊ីថ្លៃ២០០០០ដុល្លារ ពិតប្រាកដមែន មិនមែន២០០០ដុល្លារនោះទេ។

អ្នកនិពពន្ធបទចម្រៀង និងគ្រប់គ្រងផលិតកម្មមួយនេះ អះអាងថា ជាទូទៅ តន់ ច័ន្ទសីម៉ា ថតសម្អាងការ ប្រើពេលតែ១ទៅ២ថ្ងៃប៉ុណ្ណោះ ហើយកុងត្រាជាមួយគេ ១ឆ្នាំ អីចឹងពិតជាទទួលបានតម្លៃខ្លួន ២ម៉ឺនដុល្លារមែន។ លោកថា មានសម្អាងការផ្សេងៗទៀត ក៏ទាក់ទងមកសីម៉ា ឲ្យថតសម្អាងឲ្យគេដែរ តែ Galaxy មិនចង់ឲ្យនាងធ្វើការឲ្យច្រើនក្រុមហ៊ុនពេកទេ គឺចង់ឲ្យ១ ដឹង១ ហើយបើគេថា ថ្លៃមិនហ៊ានហៅថត ក៏មិនអីដែរ ព្រោះ Galaxy អាចផ្គត់ផ្គងតារាចម្រៀងរបស់ខ្លួនដោយខ្លួនឯងបាន គឺរក្សាគោលការណ៍តម្លៃមួយ ដែលយើងអាចធ្វើការបាន ទើបយើងទៅថតឲ្យ។

អ្នកគ្រប់គ្រងរូបនេះថា ពេលនេះ សីម៉ា ទទួលបានការងារធំៗលក្ខណៈស្ដង់ដារ ដល់ទៅ២ទៅ៣ក្រុមហ៊ុនហើយ ដែលបន្ដិចទៀតនោះ នឹងមានសន្និសីទកាសែតបង្ហាញផងដែរ។

ការដាក់តម្លៃខ្លួនកប់ពពករបស់តន់ ច័ន្ទសីម៉ា បែបនេះ ធ្វើឲ្យអ្នកខ្លះគិតថា ពេលនេះ Galaxy កំពុងតែបិទច្រកផ្លូវរបស់នាងហើយ ព្រោះបើថ្លៃម្ល៉ឹងៗ អ្នកណាទៅហ៊ានជួល?

ការលើកឡើងបែបនេះ ដោយសារតែកន្លងមក​តារាសម្ដែងល្បីៗជាស្រីស្អាតជូរមុខនោះ ថតសម្អាងការ១ថ្ងៃ ស៊ីថ្លៃតែពីចន្លោះត្រឹមតែ៧០០ទៅ២០០០ដុល្លារប៉ុណ្ណោះ ហេតុនេះហើយ បើសីម៉ា មិនព្រមទម្លាក់ថ្លៃខ្លួនទេ នាងនឹងប្រឈមហានិភ័យ គ្មានអ្នកណាហ៊ានហៅច្រៀង សម្ដែង និងថតជាមិនខាន។

ប៉ុន្ដែលោកយឹម តាស្រង់ នៅតែបញ្ជាក់ថា តម្លៃខ្លួនរបស់ច័ន្ទសីម៉ា មិនអាចចុះថ្លៃពីការកំណត់នោះបានទេ។ លោកប្រាប់ដែរថា សម្រាប់ការឡើងឆាកតន្រ្ដីប៉ុស្ដិ៍ទូរទស្សន៍វិញ សីម៉ា ស៊ីថ្លៃ១កម្មវិធី ពី១ទៅ២ពាន់ដុល្លារ ខណៈដែលការច្រៀងនៅឆាកតន្រ្ដីធំៗតាមបណ្ដាខេត្តវិញ នាងស៊ីថ្លៃ១កម្មវិធី ៥ពាន់ដុល្លារ។

តាស្រង់ បន្ថែមថា ពេលនេះ តន់ ច័ន្ទសីម៉ា ស្ថិតក្នុងតារាលំដាប់ Grade A ហើយបទចម្រៀងនាងច្រៀងនៅ Galaxy ចេញបានពី៧០ទៅ៨០បទ ហើយក្នុងនោះ បទដែលផ្ទុះមានការគាំទ្រច្រើនខ្ទង់៨០%ឡើង។

លោកគ្រូភ្លេងម្នាក់នៅហង្សមាស ដែលនិយាយសុំដោយមិនឲ្យដាក់ឈ្មោះ បានបញ្ចេញយោបល់ថា ការដែល Galaxy បញ្ចេញតម្លៃតន់ ច័ន្ទសីម៉ា នៅពេលនេះ មានទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន។ លោកថា ទី១. គឺអវិជ្ជមាន គេលែងហ៊ានជួលសីម៉ា តែម្ដង ព្រោះថតសម្អាងការស៊ីថ្លៃ២០០០០ដុល្លារ, ច្រៀងនៅប៉ុស្ដិ៍ទូរទស្សន៍១កម្មវិធី ពី១ទៅ២ពាន់ដុល្លារ, ឡើងឆាកធំស៊ីថ្លៃ៥ពាន់ដុល្លារ សូម្បីតែព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ក៏មិនទាន់អាចមានតម្លៃខ្លួនប៉ុណ្ណឹងដែរ។

លោកគ្រូភ្លេងរូបនោះ បន្តថា ពេលនេះ សីម៉ា មិនទាន់វ៉ាមាស សុខសោភា និងឱក សុគន្ធកញ្ញា បានទេ តែអាចហៅនាងថា ជាតារាចម្រៀងវ័យក្មេងដែលកំពុងមានសក្ដានុពលនៅឆ្នាំ២០២០នេះ។ ចំណែកចំណុចទី២. វិជ្ជមាន លោកយល់ថា ការប្រកាសរបស់ Galaxy ពីតម្លៃខ្លួនសីម៉ា នៅពេលនេះ បញ្ជាក់ថា ផលិតកម្មគេអាចចិញ្ចឹមតារាចម្រៀងរបស់គេរស់បាន មិនខ្វល់គេហៅច្រៀង ឬថតទេ ហើយក៏ធ្វើឲ្យសិល្បករខ្មែរ មានតម្លៃខ្លួនដែរ។

ប៉ុន្តែលោកថា សម្រាប់តម្លៃខ្លួនខ្ពស់បែបនេះ ទាំងអ្នករៀបចំកម្មវិធីប្រគំតន្រ្ដីនៅតាមឆាកទូរទស្សន៍ និងឆាកធំៗ មិនទាន់មានលទ្ធភាពជួលសីម៉ា ទៅច្រៀងនោះទេ។

អ្នកជំនាញសិល្បៈរូបនោះ ក៏បានឲ្យដឹងដែរថា សីម៉ា អាចច្រៀងបាន៥ប្រភេទ គឺទី១. រ៉ក់, ទី២. ប៉ុប, ទី៣. កន្រឹ្ទម, ទី៤. ញាក់ និងទី៥. លុកធុង។ លោកក៏បានព្រមានដែរថា ទោះជាពេលនេះ សីម៉ា ល្បីយ៉ាងណា ក៏មិនទាន់អាចមើលស្រាលតារាដែលគេបានសន្សំកេរ្ដិ៍ឈ្មោះតាំងពីយូរឆ្នាំនោះបានទេ៕           ហ៊ឹម វិចិត្រ

RELATED ARTICLES