ភ្នំពេញ : កម្មករជួសជុលប្រព័ន្ធលូម្នាក់ បានបាត់បង់ជីវិតដោយសារតែឆ្លងចរន្តអគ្គិសនីពីម៉ូទ័របុកបេតុងឆក់ ខណ:ដែលកាន់ម៉ូទ័របម្រុងបុកទម្លុះបេតុងលូ បើកផ្លូវឲ្យទឹកហូរ ។
ហេតុការណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើ់ងកាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះ ឈ្មោះកើត សំនៀង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករជួសជុលប្រព័ន្ធលូឯកជន ស្នាក់នៅភូមិអណ្ដូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ប្រភពដដែល បន្តថា មុនពេលកើតហេតុ ជនរងគ្រោះ រួមនិងក្រុមការងារម្នាក់ទៀត ត្រូវបានគេជួលឲ្យទៅជួសជុលប្រព័ន្ធលូ បន្ទាប់មក អ្នកទាំង២នាក់ បាននាំគ្នាម៉ូតូជិះកង់បី ១គ្រឿង ដឹកសម្ភារ:សម្រាប់ធ្វើការងារទៅកាន់ទីនោះ។

ប្រភពដដែល បានបន្តទៀតថា លុះពេលទៅដល់ បាននាំគ្នាកាប់កាយដីស្ដារប្រព័ន្ធលូ រួចក៏បានយកឌុយម៉ូទ័របុកទៅដោតចូលព្រីភ្លើង ដើម្បីប្រើប្រាស់បុកបំបែកបេតុង បើកផ្លូវទឹក ហើយខណ:នោះ ដៃជើងរបស់ជនរងគ្រោះសើមរៀងផង បន្ទាប់ពីដោតឌុយរួច បានកាន់ច្របាច់កុងតាក់សាកមើល ដើម្បីចង់ដឹងថា មានភ្លើងចូលហើយឬនៅ ក៏ស្រាប់តែម៉ូទ័រឆ្លងភ្លើងឆក់ជនរងគ្រោះដួលទាំងកំរោល សន្លប់ស្ដូកស្ដឹងតែម្ដង ។

ក្រោយកើតហេតុភ្លាមៗ មិត្តភក្តិរួមការងារ បានដកឌុយភ្លើងចេញ ចំណែកប្រជាពលរដ្ឋបានជួយហៅក្រុមសង្រ្គោះ មកជួយដឹកជនរងគ្រោះទៅសង្រ្គោះដែរ ប៉ុន្តែពេលទៅដល់ ក្រុមសង្រ្គោះបានពិនិត្យឃើញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ មិនអាចជួយសង្រ្គោះបានឡើយ ។

ក្រោយពេលកើតហេតុ នគរបាលមូលដ្ឋាន បានរាយការណ៍ជូននគរបាលការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យធ្វើកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕