Saturday, August 2, 2025
Homeព័ត៌មានជាតិនាងជិះម៉ូតូ Today ដេញតាមផង ស្រែកផង... ចុងក្រោយជនសង្ស័យគេចបាត់

នាងជិះម៉ូតូ Today ដេញតាមផង ស្រែកផង… ចុងក្រោយជនសង្ស័យគេចបាត់

ភ្នំពេញ ៖ នារីម្នាក់ ត្រូវជនសង្ស័យធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃស៊េរីទំនើបមួយគ្រឿង ទៅបាត់ដោយសុវត្ថិភាព ខណៈនារីរងគ្រោះជិះម៉ូតូមួយគ្រឿង ជាមួយប្អូនប្រុស ចេញពីកន្លែងធ្វើការ ហើយកាន់ទូរស័ព្ទឆាតបណ្តើរ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចក្បែរស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុនីរ៉េត ស្ថិត ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពពីនារីរងគ្រោះ ដែលសុំមិនបញ្ចោញឈ្មោះ បានរៀបរាប់ប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបនាងនិងប្អូនប្រុសបានជិះម៉ូតូមួយគ្រឿងម៉ាក Today ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1P-4 950 ចេញមកពីកន្លែងធ្វើការនៅផ្សារទំនើបអូឡាំព្យា ក្នុង គោលបំណងជិះត្រឡប់ទៅផ្ទះនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយប្អូនប្រុសរបស់នាងជាអ្នកបើកម៉ូតូ ចំណែកនាងអង្គុយខាងក្រោយ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីជើងទៅត្បូង ។

ប្រភពដដែលបានបន្តថា ខណៈពេលកំពុងធ្វើដំណើរតាមផ្លូវនោះ នាងក៏បានយកទូរស័ព្ទ ដៃស៊េរីទំនើបមួយគ្រឿង មកចុចឆ្លើយឆ្លងឆាតជាមួយមិត្តភក្តិរបស់នាងបណ្តើរ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ មិនចាំស្លាកលេខ តាមមកពីក្រោយ ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់នាងដែលកំពុងតែកាន់ចុចបានសម្រេចរួចបើកម៉ូតូគេចខ្លួនតែម្តង។ ភ្លាមៗនោះ នាងក៏បានស្រែកចោរៗ និងជិះដេញតាមពីក្រោយដែរ ប៉ុន្តែជនសង្ស័យបានបន្ថែមល្បឿនជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់នាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ដើម្បីសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ជន- សង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

RELATED ARTICLES