Saturday, August 2, 2025
Homeតារាខ្មែរពេជ្រ សោភា សង្សារធុញរឿងគេថាបែបនេះ ទើបចង់ដឹកដៃរៀបការ

ពេជ្រ សោភា សង្សារធុញរឿងគេថាបែបនេះ ទើបចង់ដឹកដៃរៀបការ

ពេជ្រ សោភា ត្រូវបានប្រុសក្មេងរូបសង្ហា លោកឆឹម សក្កដា ធ្វើឲ្យនាងកាន់តែមានភាពកក់ក្ដៅថែមទៀត ក្រោយពីតារាសម្ដែងរូបនេះបានចេញមកប្រកាសថា លោកមិនដែលស្ទាក់ស្ទើរក្នុងចិត្តម្ដងណាឡើយ រឿងភ្ជាប់ស្នេហ៍ និងចង់រៀបការជាមួយសោភា ដោយសារតែនាងធ្លាប់ជាស្រីមេម៉ាយនោះ។

លោកសក្កដា ថា ”កកក៏បាយ មេម៉ាយក៏ស្រី កន្ទុយបារីក៏ថ្នាំ” អីចឹងតើមានរឿងអីដែលត្រូវគិតច្រើនទៅ?

តារាចម្រៀងថោន រូបនេះ ថែមទាំងថា ស្រលាញ់មនុស្សម្នាក់ គួរកុំគិតពីអតីតកាលថា គេជាអ្វី ហើយធ្លាប់យ៉ាងម៉េច សំខាន់គឺគិតតែពេលបច្ចុប្បន្ន និងទៅអនាគតទៅបានហើយ។

ការចេញមកបន្ថែមនូវការលើកទឹកចិត្តរបស់ឆឹម សក្កដា នៅពេលនេះ បន្ទាប់ពីអ្នចម្រៀង និងសម្ដែង រូបនេះ បានប្រកាសជាសាធារណៈថា លោកនឹងសុំសោភា រៀបការជាមួយគ្នានៅឆ្នាំ២០២២ ខាងមុខនេះហើយ។

ទោះជាយ៉ាងណា លោកសក្កដា ថា ចម្លើយនឹងបានវិជ្ជមាន ឬអវិជ្ជមាននោះ លោកមិនទាន់ហ៊ាននិយាយទុកជាមុននោះទេ។ ប៉ុន្ដែលោកនិងសោភា បានស្រលាញ់គ្នា៤ឆ្នាំទៅហើយ អីចឹងហើយគួរតែដល់ពេលវេលាដឹកដៃគ្នាចូលរោងការ  ព្រោះលោកក៏ធុញទ្រាន់រឿងគេថា សោភា និងលោក សាងស្នេហា ”ក្លែងក្លាយ” បន្លំភ្នែកមហាជននោះដែរ។

ពេជ្រ សោភា ធ្លាប់និយាយថា សម័យនេះហើយ មិនមែនរកប្ដីខុសម្ដងខុសមួយជីវិតនោះទេ។ នាងថា ខុសម្ដង ត្រូវរកម្ដងទៀត ហើយបច្ចុប្បន្នជីវិតជាស្រីមេម៉ាយជាង៤ឆ្នាំរបស់នាង គឺពោរពេញទៅដោយសិទ្ធិសេរីភាពពេញលេញ គ្មានអ្នកណារំខាន ឬហួងហែងនាងឡើយ។

សោភា បន្ថែមថា មិនបាច់ទាល់តែគេងជាមួយសង្សារ ឬប្ដី ទើបមានក្ដីសុខនោះទេ នៅជាមួយក្រុមគ្រួសារក៏មានក្ដីសុខដែរ។

ប៉ុន្ដែនៅពេលត្រូវសួររឿងរៀបការជាមួយប្រុសក្មេង សក្កដា នោះ សោភា ម្ដងថា មិនដែលគិតរឿងចង់រៀបការជាលើកទី២ទេ ព្រោះនាងធ្លាប់រៀបការម្ដងរួចទៅហើយ និងជួនកាលនាងថា ត្រូវការមើលចិត្តថ្លើមគ្នាតទៅទៀតសិន។

ពេជ្រ សោភា បានរៀបការជាមួយអាណិកជនខ្មែរ មកពីអាមេរិក លោកឡៅ ឆលី កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥ តែបានលែងលះគ្នាវិញ កាលពីឆ្នាំ២០១៦ ហើយនាងបានងាកមកកៀកកើយជាមួយលោកឆឹម សក្កដា នឹងប្រកាសស្រលាញ់គ្នាជាចំហរៀងៗខ្លួន។

ទោះជាយ៉ាងណា អ្នកស្និទ្ធជាមួយលោកសក្កដា នៅតែមានភាពស្រពេចស្រពិលចំពោះរឿងតារាសម្ដែងរូបនេះ ជាសង្សាររបស់សោភា នេះ ព្រោះតែមានការខ្សឹបខ្សៀវគ្នាថា លោកសក្កដា ស្រលាញ់តែប្រុស និងគ្មានអារម្មណ៍ជាមួយស្រ្ដីភេទនោះទេ។ ប៉ុន្តែរឿងនេះធ្លាប់ត្រូវបានលោកសក្កដា ឆេះដុំ និងអះអាងម្ដងហើយម្ដងទៀតថា លោកគឺជាសង្សាររបស់ពេជ្រ សោភា ពិតប្រាកដ ឥតក្លែងក្លាយឡើយ។

គេកត់សម្គាល់ដែរថា មុនពេលពេជ្រ សោភា ត្រូវសង្សារក្មេងរំអុកសុំរៀបការនេះ នាងកាន់តែហ៊ឺហាដល់កំពូលតែម្ដង ពិសេសការជិះរថយន្ដទំនើប៣គ្រឿងឆ្លាស់គ្នា ដែលមានតម្លៃជិតកន្លះលានដុល្លារនោះ គឺ Porsche, Mercedes និង Range Rover ។ តែអ្វីដែលចម្លែក គេមិនដែលឃើញសោភា ជិះរថយន្ដតែ២នាក់ ជាមួយសក្កដា ដូចគូស្នេហ៍តារាផ្សេងៗទៀតនោះទេ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES