តារាចម្រៀងខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ធ្លាប់បានអូសដៃក្មួយស្រីឲ្យថត MV ជាមួយខ្លួនបទ ”វាលត្រែង វាលស្មៅ” ដែលពូនិងក្មួយសម្ដែងដូចគូសង្សារមែនទែន។ ថ្មីៗនេះដែរ លោកសិរីមន្ត ក៏បាននាំក្មួយស្រីម្នាក់ទៀត ឈ្មោះ Danny Danny មកថត MV ជាមួយលោកតាមរយៈបទ ”ឆ្លងឆ្នាំ២នាក់” ដែលម្ដងនេះក៏មិនខុសពីមុនដែរ គឺពូនិងក្មួយបង្ហាញកាយវិការផ្អែមល្ហែមជាមួយគ្នាដូចគូស្នេហ៍អីចឹង ខណៈដែលក្មួយស្រីម្នាក់នេះ សិរីមន្ដ កំពុងតែដុះខាត់ឲ្យនាងដើរតាមគន្លងរបស់ខ្លួន ក្នុងការចាប់អាជីពជាតារាចម្រៀងដូចប្អូនស្រីបង្កើត (ខេមរៈ ស្រីពៅ)។

នេះមិនមែនជាលើកទី១ឡើយ ដែលលោកខេម ប៊ុនថៃ បានយកសាច់ញាត្តិរបស់ខ្លួនឲ្យលេងសិល្បៈ ដើរតាមផ្លូវលោកនោះ ព្រោះកាលពីឆ្នាំ២០០៤ សិរីមន្ដ ក៏បាននាំប្អូនស្រីរបស់លោក កញ្ញាខេមរៈ ស្រីពៅ ចូលច្រៀងនៅ U2 និងចូលសាន់ដេ ឆ្នាំ២០១០ ជាមួយគ្នាដែរ ហើយសិរីមន្ដ ថែមទាំងឲ្យអង្គរក្ស និងអ្នកបើកឡានឲ្យខ្លួនថត MV ជាញឹកញាប់ផងដែរ។

ប៉ុន្ដែគួរឲ្យស្ដាយ ប្អូនស្រីសំណព្វចិត្តរបស់សិរីមន្ដ កញ្ញាខេមរៈ ស្រីពៅ បានលាចាកលោកក្នុងអាយុ២៩ឆ្នាំ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ទៅហើយ ដែលពេលនេះ ធ្វើឲ្យសិរីមន្ដ នៅតែអាឡោះអាល័យដល់ប្អូនស្រី។

ដោយមើលឃើញក្មួយស្រីទាំង២ មានដុងសិល្បៈ ទើបសិរីមន្ដ ប្រឹងសណ្ដោងពួកគេឲ្យដើរតាមគន្លងរបស់ខ្លួនតែម្ដង តាមរយៈការផ្ដល់ឱកាសឲ្យថត MV បទល្បីៗរបស់លោកនៅហង្សមាស ផ្ទួនៗតែម្ដង។

គូរបញ្ជាក់ថា ខេមរៈ សិរីមន្ដ ក្រោយពីល្បីបទ ”ពឺតៗ” នោះ លោកសិរីមន្ត ក៏ត្រូវភរិយា អ្នកនាងកុយ ផល្លី ធ្វើខួបកំណើតឲ្យគម្រប់អាយុ៣៥ឆ្នាំ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ហើយតារាកូន៣រូបនេះ កាន់តែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយប្រពន្ធកាន់តែខ្លាំងឡើងៗ បើទោះជាពេលនេះនៅតែគ្មានដំណឹងនៃការចូលរោងការក្ដី។

ប៉ុន្ដែលោកសិរីមន្ត ធ្លាប់ប្រកាសថា លោកបានរៀបការជាមួយអ្នកនាងផល្លី រួចទៅហើយ កាលពីឆ្នាំ២០០៩ បើទោះជាមហាជននៅតែមិនអស់ចិត្ត ព្រោះលោកសិរីមន្ត គ្មានភស្ដុតាងមកបង្ហាញក្ដី៕