Saturday, August 2, 2025
Homeព័ត៌មានជាតិអាជីវករក្នុងផ្សារច្បារអំពៅ គ្រវីក្បាលគ្រប់គ្នា ហួសចិត្តនឹងទង្វើយាយ

អាជីវករក្នុងផ្សារច្បារអំពៅ គ្រវីក្បាលគ្រប់គ្នា ហួសចិត្តនឹងទង្វើយាយ

ភ្នំពេញ ៖ ជារឿងដ៏គួរឱ្យហួសចិត្ត ខណៈដែលស្ត្រីវ័យចំណាស់ម្នាក់បានដើរចូលទៅរកទិញបន្លែនៅក្នុងបរិវេណផ្សារច្បារអំពៅ ដោយមិនមានពាក់ម៉ាសក៍ លុះសន្តិសុខផ្សារ ហុចម៉ាសក៍ឱ្យពាក់ ស្ត្រីចំណាស់រូបនោះមិនត្រឹមតែមិនព្រមទទួលយកទេ ថែមទាំងខឹងច្រឡោតតោតតូច ដោះស្បែកជើងដេញវ៉ៃ គប់ និងថែមទាំងបានជេរប្រមាថសន្តិសុខផ្សារទៀតផង។

តាមប្រភពពីលោកសាន់ ប៊ុនណា ប្រធានគ្រប់គ្រងផ្សារបន្លែច្បារអំពៅ បានបញ្ជាក់ប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ថា លោកនឹកហួសចិត្តចំពោះសកម្មភាពស្ត្រីម្នាក់ ដែលធ្វើដំណើរចូលមកផ្សារបន្លែច្បារអំពៅ ស្ថិតនៅភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដើម្បីទិញបន្លែ ប៉ុន្តែមិនបានពាក់ម៉ាសក៍ លុះឃើញបែបនេះ ក្រុមសន្តិសុខបានយកម៉ាសក៍ ជូនគាត់ពាក់ ស្រាប់តែស្ត្រីចំណាស់រូបនោះ បានដោះស្បែកជើងវ៉ៃក្បាលសន្តិសុខ រួចជេរប្រទេចសន្តិសុខ យ៉ាងចាស់ដៃថា “ពួកហ្អែងមើលងាយអ្នកក្រ”។

លោកប្រធានផ្សារ បានបន្តថា សកម្មភាពរបស់ស្ត្រីខាងលើនេះ គឺធ្វើឱ្យអ្នកផ្សារមានការខឹងសម្បាយ៉ាងខ្លាំង ហើយថែមបង្ខំចិត្តដេញស្ត្រីខាងលើចេញពីផ្សារ ព្រោះខ្លាចទប់កំហឹងមិនបាន។ យ៉ាងណា ភ្លាមៗនោះ ក្រុមសន្តិសុខបានជួយសម្របសម្រួលបន្ធូរកំហឹងក្រុមអាជីវករ និងបានជួយសម្រួលសុវត្ថិភាពជូនស្ត្រីចំណាស់រូបនោះ ចេញពីផ្សារវិញភ្លាមៗផងដែរ។

លោកសាន់ ប៊ុនណា បន្តថា សកម្មភាពរបស់ស្ត្រីខាងលើ គឺធ្វើផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដែលតម្រូវឱ្យមនុស្សគ្រប់រូប ត្រូវពាក់ម៉ាសក៍ លាងសម្អាតដៃដោយអាល់កុល ឬសាប៊ូ ដើម្បីការពារជំងឺឆ្លង កូវីដ-១៩។ អ្នកផ្សារនិយាយថា បើអ្នកណាមិនពាក់ម៉ាសក៍ទេ គឺដាច់ខាតមិនឱ្យចូលផ្សារ ព្រោះខ្លាចឆ្លងជំងឺកូវីដ-១៩ ដល់មនុស្សគ្រប់ៗគ្នា៕

RELATED ARTICLES