ខេត្តសៀមរាប ៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលមូលដ្ឋានក្រុងសៀមរាប បានចុះបង្ក្រាបទីតាំងបញ្ចាំគ្មានច្បាប់ ចំនួន៣កន្លែង ស្ថិតក្នុងសង្កាត់ទឹកវិល និងសង្កាត់គោកចក ក្រុងសៀមរាប ដោយដកហូតបានម៉ូតូ មិនមានលិខិតសម្គាល់ (មិនប្រក្រតី) ចំនួន ២០គ្រឿង។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា ការបង្ក្រាបនេះ គឺដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត។

លោកបន្តថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយ អធិការនគរបាលក្រុងសៀមរាប ប៉ុស្តិ៍នគរបាលសង្កាត់ទឹកវិល និងប៉ុស្តិ៍នគរបាលសង្កាត់គោកចក ចុះធ្វើរដ្ឋបាល ពិនិត្យទីតាំងទទួលបញ្ចាំ (ម៉ូតូ) ក្នុងសង្កាត់ទឹកវិល ចំនួនបីទីតាំង ដែលគ្មានច្បាប់ និងអាជ្ញាប័ណ្ណ ។

លោកបន្ថែមថា ទីតាំងទី១- មានម្ចាស់ឈ្មោះទែន សុភិន ភេទស្រី អាយុ៣៦ឆ្នាំ និងប្តី ឈ្មោះ ដួង ហេង អាយុ៤៨ឆ្នាំ ស្ថិតនៅភូមិប្រិយចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាប។ ដកហូតម៉ូតូ បានចំនួន៧គ្រឿង ។ ទីតាំងទី២- មានម្ចាស់ឈ្មោះស៊ីម ប៊ុនណាត ភេទស្រី អាយុ៤៨ឆ្នាំ មានតាំងនៅភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប។ ដកហូតម៉ូតូខុសប្រក្រតី ចំនួន៣គ្រឿង។ ទីតាំងទី៣-មានម្ចាស់ឈ្មោះស៊ឹង នួម ភេទស្រី អាយុ៥១ឆ្នាំ មានទីតាំងនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។ ដកហូតម៉ូតូខុសប្រក្រតី ចំនួន១០គ្រឿង។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបាត់ម៉ូតូ សូមអញ្ជើញទៅពិនិត្យមើលនៅអធិការនគរបាលក្រុងសៀមរាប ដោយភ្ជាប់ជាមួយឯកសារឱ្យបានត្រឹមត្រូវ។

ជុំវិញករណីនេះដែរ មហាជនបានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំង ខណៈដែលសមត្ថកិច្ចខេត្តសៀមរាប បានចុះពិនិត្យទីតាំងទទួលបញ្ចាំដែលមានភាពមិនប្រក្រតី នៅក្នុងក្រុងសៀមរាប ដើម្បីបង្ការទប់ស្កាត់ករណីហានិភ័យផ្សេងៗ៕
