ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ជាជាងកាត់សក់ ឆ្លៀតពេលភ្ញៀវរបស់ខ្លួនដែលមានតួនាទីជាស្នងការរង ពាក់ផ្កាយ១ ចូលមកកាត់សក់ ដោះអាវទុកចោល ក៏សុំយកទៅពាក់ថតរូប បង្ហោះបង្អួតគេឯងពេញបណ្តាញសង្គមហ្វេសប៊ុក ជាហេតុធ្វើឱ្យមានការប្រតិកម្ម និងឈានដល់ការកោះហៅចូលទៅបំភ្លឺនៅចំពោះមុខសមត្ថកិច្ច និងបានសំពះសុំទោសជាសាធារណៈចំពោះកំហុសឆ្គងរបស់ខ្លួន ដែលគ្រាន់តែចង់អួតមិត្តភក្តិក្នុងហ្វេសប៊ុក ទាំងមិនដឹង ថាជាអំពើខុសច្បាប់។

បុរសជាជាងកាត់សក់ ដែលពាក់អាវផ្កាយ១ ថតបង្អួតហ្វេសប៊ុក និងត្រូវសមត្ថកិច្ចកោះហៅមកសាកសួរនោះ មានឈ្មោះផាន សុភក្តី អាយុ៣៨ឆ្នាំ មុខរបរជាងកាត់សក់ នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន។ ចំណែកឯកសណ្ឋានផ្កាយ១ ដែលត្រូវជាងកាត់សក់ខាងលើ យកមកថតអួតសម្ញែងខុសរឿងនេះ ជាឯកសណ្ឋានរបស់លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរទទួលការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
តាមប្រភពពីសមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចបានកោះហៅបុរសម្នាក់មកសាកសួរ ករណីប្រើប្រាស់ឯកសណ្ឋានមន្ត្រីនគរបាលជាតិ ថ្នាក់ឧត្តមសេនីយ៍ បង្ហោះលើបណ្តាញសង្គម។

យោងតាមក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្រោយពីពិនិត្យឃើញមានការផ្សព្វផ្សាយ និងការចែករំលែកជាបន្តបន្ទាប់ លើបណ្តាញទំនាក់ទំនងសង្គម ពាក់ព័ន្ធនឹងបុរសម្នាក់ប្រើប្រាស់ឯកសណ្ឋានមន្ត្រីនគរបាលជាតិ ថ្នាក់ឧត្តមសេនីយ៍ ដោយពុំមានលក្ខណៈគ្រប់គ្រាន់ និងបង្ហោះផ្សព្វផ្សាយជាសាធារណៈនោះ នាយកដ្ឋានបុគ្គលិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវរកអត្តសញ្ញាណបុរសខាងលើ និងស្វែងរកប្រភពអ្នកផ្គត់ផ្គង់ឯកសណ្ឋាន នគរបាលនោះ។
រហូតមកដល់រសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងស្រាវជ្រាវកំណត់អត្តសញ្ញាណបុរសខាងលើ និងឈានដល់ការកោះហៅបុរសម្នាក់នោះមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះផាន សុភក្តី ជាជាងកាត់សក់ បានឆ្លើយសារភាព និងទទួលស្គាល់ថា “ឯកសណ្ឋាននគរបាលជាតិ (អាវ) នោះ គឺជាកម្មសិទ្ធិលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងទទួលការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលកាលពី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីព្រឹក កន្លងទៅ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី បានបើករថយន្តពាក់ស្លាកលេខនគរបាល មកតូបរបស់ខ្លួន (ផាន សុភក្តី) ដើម្បីកាត់សក់ ហើយគាត់បានដោះអាវព្យួរ រូបគេក៏បានសុំពាក់អាវថតរូប ដោយលោកង៉ាម រី បានឆ្លើយថា ពាក់ៗទៅ ហើយខ្លួនបានសួរបន្តថា បើថតផុសក្នុងហ្វេសប៊ុក បានអត់? គាត់ឆ្លើយថា ផុសៗទៅ។
ភ្លាមនោះ ខ្លួនក៏បានសុំខ្ចីសោរថយន្តដើម្បីបើកទ្វារអង្គុយថត។ គាប់ជួនពេលនោះ មានព្រះសង្ឃនិមន្តបិណ្ឌបាត ឆ្លងកាត់ទីនោះ ខ្លួនបានយកបច្ច័យដាក់បាត្រលោក ដោយគ្រងឯកសណ្ឋាននគរបាលជាតិ ផងដែរ…។

ឈ្មោះផាន សុភក្តី បានបញ្ជាក់បន្ថែមថា “ចំពោះសកម្មភាពខាងលើ គឺខ្ញុំមិនបានដឹងថា ជាអំពើខុសច្បាប់នោះទេ ព្រោះលោកឧត្តមសេនីយ៍ ង៉ាម រី គាត់ជានគរបាលជាតិ មានឋានៈខ្ពស់ បានយល់ព្រមឱ្យខ្ញុំថតរូបផុសក្នុងហ្វេសប៊ុក…”។
លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយបុគ្គលឈ្មោះផាន សុភក្តី បានសារភាពទទួលស្គាល់កំហុស និងបានស្នើសុំការយោគយល់អធ្យាស្រ័យពីសមត្ថកិច្ច គណៈស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងដោយមានការយល់ព្រមពីថ្នាក់ដឹកនាំនៃនាយកដ្ឋានបុគ្គលិក សម្របសម្រួលអនុវត្តត្រឹមកម្រិតធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ។
ដោយឡែក ចំពោះលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរង នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ គណៈស្នងការ នឹងគោរពស្នើសុំមតិចង្អុលដឹកនាំពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីអនុវត្តបន្ត៕