Friday, August 1, 2025
Homeព័ត៌មានជាតិគេទៅប្រាប់ភ្លាម គាត់ស្ទុះមកភ្លែត ឃើញរាបដល់ដីអស់ទៅហើយ

គេទៅប្រាប់ភ្លាម គាត់ស្ទុះមកភ្លែត ឃើញរាបដល់ដីអស់ទៅហើយ

ខេត្តត្បូងឃ្មុំ ៖ លំនៅឋានមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបង្កការខូចខាតគ្មានសល់ ដោយសារមូលហេតុផ្ទុះហ្គាស់ បណ្តាលឱ្យក្លាយជាអគ្គិភ័យឆាបឆេះ ខណៈដែលម្ចាស់ផ្ទះរវល់ចេញទៅធ្វើចម្ការ។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិដារកណ្កោល ឃុំដារ ស្រុកមេមត់។

ផ្ទះដែលទទួលរងការឆាបឆេះ មានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ សង់ពីឈើ ជញ្ជាំងក្តារ ប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះអេន សំណាង ភេទប្រុស អាយុ២៨ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីម្ចាស់ផ្ទះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានចេញទៅធ្វើចម្ការ តាំងពីព្រឹក ដោយចាក់សោផ្ទះចោល លុះក្រោយមកនៅវេលាម៉ោងកើតហេតុ ក៏មានអ្នកភូមិរត់មកប្រាប់ថា ផ្ទះរបស់គាត់កំពុងត្រូវភ្លើងឆេះហើយ ទើបគាត់ប្រញាប់រត់ទៅមើលភ្លាមៗ លុះទៅដល់ ក៏ឃើញភ្លើងកំពុងឆេះផ្ទះរបស់គាត់ពេញបន្ទុកទៅហើយ មិនអាចគ្រប់គ្រងស្ថានការណ៍បានឡើយ ហើយពេលនោះ មានរថយន្តពន្លត់ អគ្គិភ័យមកជួយអន្តរាគមន៍ដែរ តែបានត្រឹមបាញ់ការពារកុំឱ្យភ្លើងឆេះរាលដាលដល់លំនៅឋានប្រជាពលរដ្ឋក្បែរខាងប៉ុណ្ណោះ ព្រោះផ្ទះរបស់គាត់ ត្រូវបានភ្លើងលេបត្របាក់ទាំងស្រុងទៅហើយ និងថែមទាំងរាលឆេះផ្ទះពលរដ្ឋជាប់នោះ អស់ជញ្ជាំងក្តារ ១ចំហៀងទៀតផង។

ករណីអគ្គិភ័យខាងលើនេះ បានបង្កឱ្យរងការខូចខាត រួមមាន ផ្ទះ ១ខ្នងទាំងស្រុង សម្ភារ:ប្រើប្រាស់ក្នុងផ្ទះ រួមមាន កង់១គ្រឿង លុយ៨០ម៉ឺនរៀល រួមនិងរបស់ប្រើប្រាស់មួយចំនួនទៀត ព្រមទាំងរាលដាលឆាបឆេះឆ្លងទៅផ្ទះប្រជាពលរដ្ឋជាប់នោះ ឆេះជញ្ជាំងក្តារ ១ចំហៀងបន្តិចបន្តួចទៀតផង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ករណីនេះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគបាលស្រុកមេមត់ អន្តរាគមន៍ទាន់ពេល ដោយប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត ស្មើនឹង៨ម៉ែត្រគូប។ ចំណែកមូលហេតុផ្តើមចេញពីការផ្ទុះហ្គាស់ ខណៈដែលម្ចាស់ផ្ទះអត់នៅ រវល់ចេញទៅចម្ការ៕

RELATED ARTICLES