Friday, September 20, 2024
Homeព័ត៌មានជាតិបញ្ហា​ទំនាស់​ដីធ្លី អ្នក​រាយ​ការណ៌​ពិសេស អ-​ស-​ប ចុះ​ជួប​ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ

បញ្ហា​ទំនាស់​ដីធ្លី អ្នក​រាយ​ការណ៌​ពិសេស អ-​ស-​ប ចុះ​ជួប​ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ

ភ្នំពេញ ៖ លោកស្រីរ៉ូណា ស៊្មីត (Rhona Smith)  អ្នករាយការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅ កម្ពុជា បានចុះជួបប្រជាពលរដ្ឋ នៅខេត្តកំពង់ស្ពឺ ដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនឧកញ៉ាលី យ៉ុងផាត់ ដើម្បីស្តាប់ពីកង្វល់របស់ពួកគាត់ ។

ប្រជាពលរដ្ឋប្រមាណ៩០០នាក់ នៅស្រុក ថ្ពង និងស្រុកឱរ៉ាល់ ក្នុងខត្តកំពង់ស្ពឺ ដែលមាន ជម្លោះដីធ្លីជាមួយក្រុមហ៊ុនស៊ូហ្កឺររបស់លោក ឧកញ៉ាលី យ៉ុងផាត់ អស់ជាច្រើនឆ្នាំ បានមក រង់ចាំទទួលស្វាគមន៍លោកស្រីរ៉ូណា ស៊្មីត ដោយ ទឹកចិត្តពុះកញ្ជ្រោល កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ដើម្បីជម្រាបប្រាប់អ្នករាយការណ៍ ពិសេសទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិរូបនេះ អំពីបញ្ហាលំបាក ខ្វះដីធ្វើស្រែ ចម្ការ ដោយសារការឈូសឆាយ និងការរំលោភ បំពាន និងបញ្ហាសំខាន់មួយចំនួនទៀត។ ពោលគឺ ប្រជាពលរដ្ឋរងផលប៉ះពាល់ទាំងនោះ បានស្នើ លោកស្រីរ៉ូណា ស៊្មីត យកបញ្ហារបស់ពួកគាត់ ទៅជជែកជាមួយរដ្ឋាភិបាល ក្រុមហ៊ុន និងភាគី ពាក់ព័ន្ធ ដើម្បីឱ្យមានដំណោះស្រាយបានឆាប់ រហ័ស។

rhona1

បើគិតមកទល់ពេលនេះ មានរយៈពេល មិនតិចជាង៤ឆ្នាំ ដែលជម្លោះដីធ្លី រវាងប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ និងក្រុមហ៊ុនស្ករអំពៅ  ភ្នំពេញស៊ូហ្គឺរ របស់ឧកញ៉ាលី យ៉ុងផាត់ នៅ មិនទាន់ដោះស្រាយបានចប់នៅឡើយ ដោយ ប្រជាពលរដ្ឋរងគ្រោះទាំងនោះ នៅតែព្យាយាម ស្វែងអន្តរាគមន៍តាមរយៈអង្គការសង្គមស៊ីវិល។ ក្នុងនោះអង្គការសមធម៌កម្ពុជា ជាអង្គការមួយ ក្នុងចំណោមអង្គការជាច្រើនទៀត បានធ្វើការ នេះច្រើនជាងគេ។

ប្រធានអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី បានបញ្ជាក់ថា វត្តមានរបស់លោកស្រី រ៉ូណា ស៊្មីត ក្នុងការទៅជួបជាមូយពលរដ្ឋមាន បញ្ហាដីធ្លីនៅទីនោះ ពិតជាមានសារសំខាន់ ដែលអង្គកាសមធម៌កម្ពុជា សូមធ្វើការវាយ តម្លៃខ្ពស់។

លោកអៀង វុទ្ធី មានប្រសាសន៍ថា “បាទ! ជំនួបនេះ គ្រាន់តែជាជំនួបធម្មតាដែលអ្នករាយការណ៍ពិសេស នៅពេលដែលគាត់មាន បេសកកម្មមកស្រុកខ្មែរយើង គឺដើម្បីតាមដាន ទៅដល់បញ្ហាដែលកើតឡើងទាក់ទងទៅនឹង បញ្ហាសិទ្ធិមនុស្ស បញ្ហាដីធ្លី បញ្ហានយោបាយ។ អ៊ីចឹងជាធម្មតា ពេលគាត់មកហ្នឹង គឺគាត់ត្រូវ ធ្វើបេសកកម្មស្វែងរកការពិត។ អ៊ីចឹងគាត់ចុះ ទៅនេះ ដើម្បីជួបជាមួយអ្នករងគ្រោះដោយសារដីសម្បទានស្ករអំពៅ នៅ២ស្រុក គឺស្រុក ឱរ៉ាល់ ហើយនិងថ្ពង ហើយជាឱកាសមួយសម្រាប់ ឱ្យអ្នករងគ្រោះហ្នឹង ធ្វើការផ្តល់ជាព័ត៌មានពី បញ្ហាប្រឈមរបស់ពួកគាត់ហ្នឹង។ ហើយដោយសារអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ គាត់ធ្វើការជួបអ្នកពាក់ព៍ន្ធផ្សេងៗ មាន ទាំងរដ្ឋាភិបាល និងក្រុមហ៊ុនផងដែរ។

rhona2

លោកអៀង វុទ្ធី បានមានប្រសាសន៍បន្ត ថា “បាទ! តាំងពីឆ្នាំ២០១០ មក យើងបាន ធ្វើការតាមដានទៅលើបញ្ហាដែលកើតឡើង ហ្នឹង ហើយយើងបានប្រមូលនូវព័ត៌មានផ្សេងៗ ទាក់ទងវិវាទដីធ្លីហ្នឹង។ អ៊ីចឹងវាជាឱកាសដែល យើងគិតថា ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ហ្នឹង អាចនឹងជជែកគ្នា ហើយថ្មីៗនេះ យើង ឃើញថា មានយន្តការដោះស្រាយច្រើនដែរ ដែលរៀបចំដោយក្រុមហ៊ុន ហើយខាងរដ្ឋាភិបាល ក៏មានយន្តការអន្តរក្រសួង ដើម្បីធ្វើការ ដែរ។ គ្រាន់តែដំណើរការហ្នឹងហាក់ដូចជានៅ យឺតយ៉ាវនៅឡើយ ហើយរឿងនេះក៏មានការ ផ្តោតយកចិត្តទុកដាក់ពីស្ថាប័នអន្តរជាតិស្ថាប័ន ជាតិ ហើយការដែលចុះទៅជួបប្រជាពលរដ្ឋពី សំណាក់អ្នករាយការណ៍ពិសេសនេះ បង្ហាញថា បញ្ហានេះ ក៏មានការយកចិត្តទុកដាក់ពីស្ថាប័ន អង្គការសហប្រជាជាតិ ស្ថាប័នអន្តរជាតិដែរ។ អង្គការសមធម៌កម្ពុជា គឺជាអង្គការមួយ ក្នុង ចំណោមអង្គកាជាច្រើនទៀត ដែលធ្វើការលើ បញ្ហាដីសម្បទានសេដ្ឋកិច្ច ជាពិសេស រឿងស្ករអំពៅហ្នឹង។ អ៊ីចឹងយើងបានធ្វើការជួបជាមួយ អ្នករាយពិសេស ហើយយើងក៏បានផ្តល់នូវព័ត៌មានមួយចំនួនដែលពាក់ព័ន្ធរឿងហ្នឹងដែរ។ អ៊ីចឹងជាធម្មតា អ្នករាយការណ៍ពិសេស ត្រូវតែ ជួបអ្នកពាក់ព៍ន្ធទាំងអស់ ហើយគាត់ប្រមូល ព័ត៌មាន ដើម្បីលើកឡើងនៅក្នុងរបាយការណ៍  ក៏ដូចជាជំនួបផ្សេងៗដែលគាត់ធ្វើឡើង”។

ក្រៅពីជំនូបជាមួយប្រជាពលរដ្ឋរងគ្រោះ ដីធ្លីទាំងនោះ  លោកស្រីរ៉ូណា ស៊្មីត ក៏បានជួប ពិភាក្សាជាមួយគណៈអភិបាលខេត្តកំពង់ស្ពឺ លើសពីនេះ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ លោកក៏បានជួបជាមួយភាគីខាងក្រុមហ៊ុនភ្នំពេញ ស៊ូហ្គឺរ របស់ឧកញ៉ាលី យ៉ុងផាត់ ផងដែរ។ នេះ បើយោងតាមការតាមដានព័ត៌មានរបស់អង្គការ សមធម៌កម្ពុជា ដែលបានយកចិត្តទុកដាក់លើ ការងារនេះ។

លោកអៀង វុទ្ធី បានមានប្រសាសន៍ បន្ថែមថា “ថ្ងៃនេះ ដូចតាមដែលខ្ញុំដឹង ក៏មាន ជំនួបរវាងអ្នករាយការណ៍ពិសេស ហើយនិង តំណាងក្រុមហ៊ុនផងដែរ។ ហើយពីម្សិល ក៏គាត់ បានជួបជាមួយខាងអភិបាលខេត្តកំពង់ស្ពឺ។ អ៊ីចឹងយើងគិតថា បេសកកម្មរបស់គាត់ហ្នឹងគឺ ធ្វើឡើងដោយមានការជជែកពេញលេញជាមួយអ្នកពាក់ព័ន្ធផ្សេងៗ។ ចំពោះតំណាងខាង ក្រុមហ៊ុន ខ្ញុំមិនច្បាស់ដែរ តែដូចមានការចាត់តាំងតំណាងម្នាក់ ដើម្បីជួបជាមួយអ្នករាយការណ៍ ពិសេសហ្នឹង ប្រហែលដោយសារលោកឧកញ៉ា លី យ៉ុងផាត់ ដែលគាត់រវល់ឬក៏មិនដឹង បាន មិនបានជួបផ្ទាល់។ យើងបានសួរគាត់ថា គាត់ ជួបនឹងអ្នកណានៅក្រុមហ៊ុនហ្នឹង? ហើយគាត់ ក៏បានប្រាប់ថា គាត់ព្យាយាមជួបជាមួយលោក ឧកញ៉ាលី យ៉ុងផាត់ ប៉ុន្តែមិនដឹងថា គឺគាត់ឬក៏  តំណាងរបស់គាត់ យើងអត់ដឹង។ ចុងក្រោយ ខ្ញុំសង្ឃឹមថា ភាគីទាំងអស់ នឹងធ្វើការជាមួយគ្នា ហើយជំរុញឱ្យយន្តការដែលមានស្រាប់ យន្តការ អន្តរក្រសួង ដែលជាយន្តការផ្លូវការ ហើយមាន អ្នកចូលរួមទាំងអស់ ដូចមានសង្គមស៊ីវិល មាន សហគមន៍អឺរ៉ុប មានក្រុមហ៊ុន តំណាងខេត្តទាំង អស់ហ្នឹង ធ្វើជាមួយគ្នា។ អ៊ីចឹងយើងចង់ឱ្យ យន្តការនេះ ដើទៅមុខឱ្យលឿន ដើម្បីយើង បង្កើតជាគំរូមួយនៅក្នុងការដោះស្រាយវិវាទ ប្រកបដោយប្រសិទ្ធភាព ដោយសារភាគីទាំង អស់ហ្នឹង យើងបានចំណាយពេលវេលាច្រើន ហើយនៅក្នុងការងារនេះ”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES