Friday, August 1, 2025
Homeព័ត៌មានជាតិលោកហ៊ុន ម៉ានី ថាតេស្តលើកទី២ សមាជិកសភាទាំងអស់ អវិជ្ជមានកូវីដ-១៩

លោកហ៊ុន ម៉ានី ថាតេស្តលើកទី២ សមាជិកសភាទាំងអស់ អវិជ្ជមានកូវីដ-១៩

ភ្នំពេញ ៖ លោកហ៊ុន ម៉ានី សមាជិកសភា និងជាប្រធានគណ:កម្មការទី៧ នៃរដ្ឋសភា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងកំពុងបន្តធ្វើចត្តាឡីស័ក នៅគេហដ្ឋាននោះ បានឲ្យដឹងថា លោកបានធ្វើតេស្តលើកទី២ រួចរាល់ហើយ ជាលទ្ធផលគឺសមាជិកសភាទាំងអស់ រួមទាំងរូបលោកផងដែរ ទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ប៉ុន្តែយ៉ាងណា លោកត្រូវបន្តធ្វើចត្តាឡីស័ក ឲ្យបានហ្មត់ចត់ ចំនួន ១៤ថ្ងៃ និងធ្វើតេស្តរកវីរុសកូវីដ-១៩ តាមការកំណត់របស់ក្រសួងសុខាភិបាល។

លោកហ៊ុន ម៉ានី បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ថា «នៅវេលាពាក់កណ្តាលអធ្រាត្រ ថ្ងៃទី០៨ ខែធ្នូ ឈានចូលថ្ងៃទី០៩ ខែធ្នូ លទ្ធផលនៃការធ្វើតេស្តកូវីដ-១៩ លើកទី២ គឺរួចរាល់ហើយ សមាជិកសភាទាំងអស់ដែធ្វើតេស្តនៅថ្ងៃទី០៨ ខែធ្នូ រួមទាំងរូបខ្ញុំផងដែរ គឺអវិជ្ជមានវីរុសកូវីដ-១៩។

ខាងរាងកាយ និងសតិអារម្មណ៍នៅតែដដែល/ធម្មតា ប៉ុន្តែការធ្វើតេស្តត្រូវតែធ្វើ ដើម្បីឱ្យប្រាកដថា យើងម្នាក់ៗមានភាពច្បាស់លាស់ សម្រាប់ជាប្រយោជន៍ដល់ក្រុមគ្រួសារ និងប្រទេសរបស់យើងទាំងមូល…»។

សូមបញ្ជាក់ថា​ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ ទាំងអស់ថា ក្នុងរយះពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកដែលបានធ្វើតេស្ត មានវិជ្ជមានវីរុសកូវីដ-១៩ សុទ្ធតែធ្លាប់បានទៅហាងលក់ទំនិញ Zando ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវត្រសក់ផ្អែម និងហាងលក់ទំនិញ Pedro ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវព្រះសីហនុ រាជធានីភ្នំពេញ។

ដើម្បីចូលរួមទប់ស្កាតនូវការរីករាលដាលវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ក្រសួងសុខាភិបាល ស្នើបងប្អូនប្រជាពលរដ្ឋដែលបានទៅហាងទាំងពីរខាងលើ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ សូមអញ្ជើញរួសរាន់មកធ្វើចត្តាឡីស័ក នៅសណ្ឋាគារសុខា ភ្នំពេញ ដោយរាល់ការចំណាយទាំងអស់ ជាបន្ទុករបស់រាជរដ្ឋាភិបាល។

RELATED ARTICLES