Friday, August 1, 2025
Homeតារាខ្មែរទូច ស៊ុននិច រំលឹកអនុស្សាវរីយ៍ ២១ឆ្នាំមុន អ្នកគាំទ្រហៅអ្នកចម្រៀងបញ្ញវន្តស្នេហាជាតិ

ទូច ស៊ុននិច រំលឹកអនុស្សាវរីយ៍ ២១ឆ្នាំមុន អ្នកគាំទ្រហៅអ្នកចម្រៀងបញ្ញវន្តស្នេហាជាតិ

ស.រ.អា ៖ តារាចម្រៀង ទូច ស៊ុននិច ដែលរងគ្រោះដោយត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ កាលពី ១៧ឆ្នាំមុន បណ្តាលឲ្យរងរបួសធ្ងន់ ហើយសព្វថ្ងៃកំពុងស្នាក់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ស្ថិតក្នុងស្ថានភាពពិការមួយកំណាត់ខ្លួននោះ បន្ទាប់ពីថ្មីៗនេះ នាងបានផ្ញើសំឡេងពីអាមេរិក ជូនជនរួមជាតិខ្មែរ ដែលធ្លាប់គាំទ្រនាង ស្តាប់កម្សាន្ត នូវបទចម្រៀងថ្មី របស់នាង មួយបទ ដែលមានចំណងជើងថា «កត្តិកបាត់សង្សារ» ហើយត្រូវបានអ្នកស្តាប់ទាំងឡាយ សរសើរថា សំឡេងនាងនៅតែពីរោះក្រអួនដូចដើមនោះ នៅពេលនេះ នាងបានរំលឹកពីអនុស្សាវរីយ៍ កាលពី២១ឆ្នាំមុន ខណះដែលនាងទៅច្រៀងសម្តែងនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក​ ជាមួយតារារៀមច្បង​ រួមមានអ្នកស្រី មាស សុម៉ាលី និងអ្នកស្រី អ៊ុំ សុវណ្ណនី ហើយនាងសង្ឃឹមថា ថ្ងៃណាមួយ នាងនឹងបានជួប និងច្រៀង សម្តែងជាមួយរៀមច្បងទាំងនោះទៀត ។

តារាចម្រៀង ទូច ស៊ុននិច បានបង្ហោះរូបភាពអនុស្សាវរីយ៍របស់នាងជាមួយតារារៀមច្បង រួមមាន តារាចម្រៀង មាស សុម៉ាលី និងតារាសម្តែង អ៊ុំ សុវណ្ណនី ព្រមទាំងសិល្បការិនីមួយចំនួនទៀត កាលនាងទៅច្រៀងនៅនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នាឆ្នាំ១៩៩៩ (មុនពេលរងការបាញ់ប្រហារ) ក្នុងទំព័របណ្តាញសង្គម​ហ្វេសប៊ុក របស់នាង នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ជាមួយសំណេរថា «រូបថតអនុស្សាវរីយ៍ជាមួយអ្នកមីង មាស សុម៉ាលី, អ្នកមីង អ៊ុំ សុវណ្ណនី, ប្អូនស្រីហ្សូលីដា ពេលខ្ញុំមកសម្តែងនៅអាមេរិក ឆ្នាំ១៩៩៩ Long Beach, CA. សង្ឃឹមថា ថ្ងៃណាមួយ នឹងបានជួបពួកគាត់ ច្រៀងរួមគ្នាទៀត។ Miss & Love»។

តាមរយះរូបភាព និងសំណេរខ្លី ខាងលើនេះ បានទទួលការចាប់អារម្មណ៍ពីមហាជន អ្នកប្រើប្រាស់បណ្តាញសង្គម​ហ្វេសប៊ុក ជាច្រើន ជាពិសេសអ្នកដែលធ្លាប់គាំទ្រតារាចម្រៀងអភ័ព្វរូបនេះ ដោយពួកគេបានចូលទៅបញ្ចេញយោបល់ (Comment) សម្តែងនូវមនោសញ្ចេតនា នឹករលឹកចំពោះនាង និងជូនពរឲ្យនាងបានជាដូចដើមវិញ ដើម្បីបន្តអាជីពចម្រៀងឡើងវិញ។

ក្នុងចំណោមអ្នកចូលទៅ Comment  ទាំងនោះ ភាគច្រើនសរសើនូវទឹកដមសំឡេងច្រៀងរបស់តារាចម្រៀង ទូច ស៊ុននិច ហើយថានៅតែចង់ស្តាប់ទាំងបទចម្រៀងចាស់ពីមុន និងបទចម្រៀងថ្មី ដែលនាងច្រៀង បង្ហោះតាមបណ្តាញសង្គម ហ្វេសប៊ុក យូធូប ក្រោយរងការបាញ់ប្រហារ ទៅរស់នៅឯសហរដ្ឋអាមេរិក ព្រោះទឹកដមសំឡេងនាងល្អណាស់ ល្អពីធម្មជាតិ ស្ដាប់ទៅដូចមិនតឹងដូចអ្នកចម្រៀងផ្សេងខ្លះដែលច្រៀងតឹង សឹងផុតដង្ហើម។

ជាមួយគ្នានេះ មានអ្នកគាំទ្រម្នាក់ បានលើកតម្កើងតារាចម្រៀងរងគ្រោះ ទូច ស៊ុននិច នេះថា ជា «អ្នកចម្រៀងបញ្ញវន្តស្នេហាជាតិ»  ទៀតផង។

គណនីហ្វេសប៊ុក ឈ្មោះ «Sambo Phann» បានសរសេរ Comment ថា «ជូនពរឲ្យប្អូនស្រី ទូច ស៊ុននិច ដែលជាអ្នកចម្រៀងបញ្ញវន្តស្នេហាជាតិ ឆាប់ជាសះស្បើយ ១០០%»។

គួររំលឹកថា តារាចម្រៀងអភ័ព្វ កញ្ញាទូច ស៊ុននិច ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ កាលពីថ្ងៃទី២១ តុលា ឆ្នាំ២០០៣ នៅមុខហាងលក់ផ្កាមួយ ស្ថិតនៅផ្លូវមុនីរ៉េត ខាងត្បូងផ្សារដើមគ រាជធានីភ្នំពេញ បណ្តាលឲ្យនាងនិងម្តាយ រងរបួសធ្ងន់ ហើយបន្ទាប់មក ម្តាយនាង បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត ។ ចំណែករូបនាង ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅប្រទេសថៃ និងបន្តទៅសហរដ្ឋអាមេរិក រហូតមកដល់សព្វថ្ងៃ។

ចំពោះស្ថានភាពរបស់កញ្ញាទូច ស៊ុននិច មកដល់សព្វថ្ងៃនេះ ទោះបីនាងបានរួចរស់ជីវិតពីការបាញ់ប្រហារពីខ្មាន់កាំភ្លើងដ៏ឃោរឃៅនោះក៏ដោយ តែបច្ចុប្បន្ន នាងនៅតែស្ថិតក្នុងពិការភាពមួយកំណាត់ខ្លួន មិនខុសពីតារាចម្រៀងរងគ្រោះដោយការបាញ់ប្រហារមួយរូបទៀត គឺកញ្ញាពៅ បញ្ញាពេជ្រ នោះទេ ដោយនៅតែលើរទេះរុញ មិនអាចដើរបាននៅឡើយ តែនាងនៅតែអាចច្រៀងបានពីរោះដូចដើម គ្រាន់តែឆាប់ហត់បន្តិច។

ទោះជាយ៉ាងណា ជនរួមជាតិខ្មែរទូទៅទាំងនៅក្នុងនិងក្រៅប្រទេស ជាពិសេសអ្នកនិយមគាំទ្រទឹកដមសំឡេងរបស់អតីតអ្នកចម្រៀងបញ្ញវន្ត (អតីតសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ) រូបនេះ តែងបួងសួងដល់វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ជួយឲ្យនាងបានជាសះស្បើយដូចដើមឡើងវិញ ហើយសង្ឃឹមថា នៅថ្ងៃណាមួយ នាងនឹងអាចឡើងច្រៀងសម្តែងលើឆាក ដូចមុនឆ្នាំ២០០៣ វិញ៕

RELATED ARTICLES