Friday, August 1, 2025
Homeព័ត៌មានជាតិប៉ះចោរជំនាញ IT លួចដកលុយចេញពីកុងជាង១ម៉ឺនដុលា្លរ សមត្ថកិច្ចជួយទាន់

ប៉ះចោរជំនាញ IT លួចដកលុយចេញពីកុងជាង១ម៉ឺនដុលា្លរ សមត្ថកិច្ចជួយទាន់

ភ្នំពេញ ៖ ប្តីប្រពន្ធវ័យក្មេង១គូ បានយកប្រាក់ទៅផ្ញើនៅធនាគារឯកជនមួយ សង្ឃឹមថា មានសុវត្ថិភាព១០០ភាគរយ តែដឹងអី! ស្រាប់តែមានចោរជំនាញបច្ចេកវិទ្យា (IT) លួចដកយកលុយពីក្នុងគណនីធនាគារ អស់ចំនួន១៥៨០០ដុល្លារ។ ប៉ុន្តែសំណាងល្អ ភ្លាមៗនោះ ដោយមានអន្តរាគមន៍ភ្លាមៗពីខាងសមត្ថកិច្ចជំនាញ ទីបំផុតក៏ឈានដល់ការចាប់ខ្លួនជនសង្ស័យ និងដកហូតប្រាក់ទាំងអស់ត្រឡប់មកប្រគល់ឱ្យម្ចាស់ដើមវិញ។

លោកដួង តារា រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងពីករណីខាងលើនេះ តាមទំព័របណ្តាញសង្គមហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ថា  “អរគុណស្ថាប័នជំនាញពាក់ព័ន្ធ និងស្នងការនគរបាលខេត្តកំពង់ឆ្នាំង។ ករណីប្អូនស្រីផាន សុគន្ធារី និងប្អូនប្រុសស៊ូ ដារ៉ា ដែលបានដាក់ពាក្យគោរពមកសុំក្តីសន្តោសពីសម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗ កន្លងទៅ ពេលនេះប្អូនស្រីបានជួបជុំប្តី កូនប្រុសអាយុ៥ឆ្នាំ ហើយក៏សម្រាលបានកូនតូច គួរឱ្យស្រឡាញ់ ដែលបានអាយុ២០ថ្ងៃហើយ។

ជាអកុសល ប្អូនទាំងពីរ ក្រោយពីបានជួបជុំក្រុមគ្រួសាររួចមក ក៏ត្រូវបានជនខិលខូចដែលមានជំនាញបច្ចេកវិទ្យា (IT) បានលួចដកយកលុយពីគណនីក្នុងធនាគារ ABA អស់ ១៥៨០០ដុល្លារ។ ថ្មីៗនេះជនខិលខូចក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅខេត្តកំពង់ឆ្នាំង ហើយភ្លាមៗនោះ សមត្ថកិច្ចបានដកហូតលុយ១៥៨០០ដុល្លារ ដែលជននេះលួចដកបង្វិលចេញទៅ Account ផ្សេង ប្រគល់ទៅឱ្យប្អូនស្រីផាន សុគន្ធារី និងស៊ូ ដារ៉ា វិញ។

ការលួចដកលុយ (transfer) ចេញពី Account របស់ប្អូនទាំង២ បញ្ជូនចេញទៅគណនីជនល្មើស កន្លងមកគឺធ្វើតាម ABA App លើទូរស័ព្ទដៃរបស់ប្អូនទាំង២ ដែលទូរស័ព្ទនេះត្រូវបានដកហូតទុកជាវត្ថុតាងចាប់យក និងរក្សាទុកដោយមន្ត្រីអនុវត្តច្បាប់ម្នាក់»។

លោកដួង តារា សរសេរបន្តថា «រឿងបុគ្គលដែលប្រព្រឹត្តខុសច្បាប់ គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ នូវអ្វីដែលខ្លួនបានប្រព្រឹត្តខុស ហើយមិនត្រូវអូសអង្គភាព ស្ថាប័ន ឬក្រសួងមកពាក់ព័ន្ធជាមួយអំពើល្មើសដែលខ្លួនបានប្រព្រឹត្តឡើយ។ នេះក៏ជាមេរៀនសម្រាប់មន្ត្រីនានាដែលមានភារកិច្ចដូចនេះ កុំឱ្យបន្តប្រព្រឹត្តខុស យកទូរស័ព្ទនិងលេខសម្ងាត់ (Password) ជនរងគ្រោះ ទៅលួចដកលុយដូចករណីខាងលើ គឺខុសនឹងច្បាប់ធ្ងន់ធ្ងរ។

មន្ត្រីអនុវត្តច្បាប់ ដែលប្រព្រឹត្តទង្វើខុសច្បាប់ និងខ្វះក្រមសីលធម៌វិជ្ជាជីវៈបែបនេះ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ យើងក៏មិនត្រូវលើកទឹកចិត្តឱ្យមន្ត្រីខិលខូច ធ្វើបាបពលរដ្ឋស្លូតត្រង់ ហើយបន្តប្រព្រឹត្តអំពើខុសច្បាប់ និងខុសក្រមសីលធម៌វិជ្ជាជីវៈតទៅទៀតឡើយ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើង គ្រប់ទីកន្លែង ដោយគ្មានការរើសអើង…”៕

RELATED ARTICLES