ភ្នំពេញ ៖ បន្ទាប់ពីបានប្រកាសពន្យារពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នោះមក នៅពេលនេះ ក្រសួងអប់រំ យុវជននិងកីឡា បានសម្រេចកំណត់កាលបរិច្ឆេទប្រឡងបាក់ឌុប នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជននិងកីឡា លេខ៨២ អយក.សជណ ចុះថ្ងៃព្រហស្បតិ៍ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ស្តីពីការកំណត់សម័យប្រឡងនិងដំណើរការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៩-២០២០ តាមគ្រឹះស្ថានមធ្យមសិក្សា មានខ្លឹមសារទាំង ស្រុងថា “បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជននិងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០ នៅតាម គ្រឹះស្ថានមធ្យមសិក្សា (ទុតិយភូមិ) តាមលំនាំនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ។
គ្រឹះស្ថានមធ្យមសិក្សានីមួយៗ ត្រូវសហការជាមួយអាជ្ញាធរអប់រំគ្រប់លំដាប់ថ្នាក់ និងប្រើប្រាស់បុគ្គលិកអប់រំ នៅក្នុងគ្រឹះស្ថានមធ្យមសិក្សារបស់ខ្លួន ធ្វើជាគណៈកម្មការមេប្រយោគ ប្រឡងនៅគ្រប់ដំណាក់កាល។

ក្រសួងសម្រេចកំណត់ សម័យប្រឡង ៖ ១១ មករា ២០២១ ជាកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០។ ក្រសួងនឹងចេញសេចក្តីណែនាំលម្អិតស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមដំណាក់កាលសំណេរ ដំណាក់កាលកំណែ ដំណាក់កាលបូកស្រង់ពិន្ទុ និងដំណាក់កាលប្រកាសលទ្ធផល ក្នុងពេលឆាប់ៗ នេះ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមមន្ទីរអប់រំ យុវជននិងកីឡារាជធានី-ខេត្ត គណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា បុគ្គលិកអប់រំ មាតាបិតាអាណាព្យាបាល សិស្សានុសិស្សគ្រប់រូប ជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់”៕