Thursday, July 31, 2025
Homeព័ត៌មានជាតិល្មមបានឃើញកូនស្រី យប់ជ្រៅទៅហើយ... បានត្រឹមសោកស្តាយ

ល្មមបានឃើញកូនស្រី យប់ជ្រៅទៅហើយ… បានត្រឹមសោកស្តាយ

ខេត្តកំពង់ធំ ៖ ក្មេងស្រីម្នាក់ឆ្លៀតពេលឪពុកម្តាយរវល់ការងារភ្លេចខ្លួន បានដើរលេងតែម្នាក់ឯងនៅមាត់ស្រះទឹក ស្រាប់តែអកុសលរអិលជើងធ្លាក់ចូលទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម ដោយគ្មានអ្នកណាម្នាក់បានដឹង និងជួយសង្គ្រោះទាន់ឡើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិសុជុល ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក។

ក្មេងស្រីរងគ្រោះដែលលង់ទឹកស្លាប់នោះ មានឈ្មោះរ៉ាំ លក្ខិណា អាយុ៧ឆ្នាំ សព្វថ្ងៃរស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលឪពុកម្តាយកំពុងរវល់ការងារភ្លេចខ្លួន ស្រាប់តែក្មេងស្រីរងគ្រោះខាងលើ បានដើរចេញនៅក្រៅតែម្នាក់ឯង លុះក្រោយមកស្រាប់តែក្មេងស្រីរងគ្រោះបានទៅដើរលើនៅមាត់ស្រះទឹក ចំណុចកើតហេតុខាងលើ រួចក៏រអិលជើងធ្លាក់ចូលទឹកលង់ស្លាប់តែម្តង ដោយគ្មានអ្នកណាម្នាក់បានដឹងសោះឡើយ។

ប្រភពដដែល បន្តថា លុះក្រោយមកដោយសារបាត់កូនស្រីយូរពេក ទើបស្ត្រីជាម្តាយបានចេញមកតាមរក តែមិនឃើញសោះ លុះក្រោយមកនឹកសង្ស័យថាកូនចុះលេងទឹក ក៏នាំគ្នាចុះរាវរកក្នុងស្រះទឹកខាងលើ រហូតដល់វេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃដដែល ទើប ប្រទះឃើញកូនស្រីបានលង់ទឹកស្លាប់បាត់ទៅហើយ ធ្វើឲ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏ប្រគល់សពឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES