Thursday, July 31, 2025
Homeតារាខ្មែរតារា៣ដួង ស្ងប់ស្ងាត់ ក្រោយសម្រាលកូនទើបតែបាន១

តារា៣ដួង ស្ងប់ស្ងាត់ ក្រោយសម្រាលកូនទើបតែបាន១

តារាចម្រៀងនិងសម្ដែងមួយចំនួន ដែលមានប្ដីនិងកូនហើយ ច្រើនតែពិបាកស្ដារមុខមាត់ និងធ្វើឲ្យទីផ្សារសិល្បៈរបស់ពួកគេឡើងខ្លាំងវិញណាស់ ប៉ុន្តែបែរជាប្រឈមការចុះខ្សោយបន្ដិចម្ដងៗ។

ជាក់ស្ដែង ដូចជាមុននេះ តារាចម្រៀងស្រីល្បីឈ្មោះរបស់ហង្សមាស ដល់ទៅ៣ដួង សម្រាលកូនបន្ដបន្ទាប់គ្នា ហើយពេលនេះពួកគេប្រឈមភាពស្ងប់ស្ងាត់ក្នុងអាជីពរៀបៗខ្លួន។ ប៉ុន្ដែអ្នកជំនាញសិល្បៈ លោកម៉ិញ សុធីវណ្ណ ថា ការមានប្ដីនិងកូន មិនធ្វើឲ្យទស្សនិកជនឈប់គាំទ្រតារាទាំងនោះទេ ព្រោះជាក់ស្ដែង ដូចជា នាង Beyonce មានប្ដីកូនហើយ នៅតែល្បីដដែល។

១. ឱក សុគន្ធកញ្ញា ៖ បានក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស ក្រោយពីនាងដឹកដៃលោកអ៊ឹង សុខលី រៀបការកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ហើយសម្រាលកូនប្រុសកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយដាក់ឈ្មោះថា អ៊ឹង បញ្ញាបុត្រ ហៅឆលី។

ឱក សុគន្ធកញ្ញា

រយៈពេលជាង១ឆ្នាំនេះ សុគន្ធកញ្ញា មិនទាន់មានបទចម្រៀងល្បីៗដូចមុនទេ ដែលធ្វើឲ្យនាងកំពុងប្រឈមភាពស្ងប់ស្ងាត់។ ប៉ុន្តែលោកម៉ិញ សុធីវណ្ណ បានអះអាងថា ដោយសារតែហង្សមាស ចង់ឲ្យសុគន្ធកញ្ញា សម្រាកឲ្យមានសុខភាពល្អឡើងវិញសិន ក្រោយមានកូននេះ ហើយបន្ដិចទៀត គេនឹងលើកឡើងវិញហើយ ដែលលោកអាចប្រាកដក្នុងចិត្តថា ១០០% ហង្សមាស នឹងមិនបណ្ដោយឲ្យសុគន្ធកញ្ញា ធ្លាក់ចុះជាដាច់ខាត។

ដោយឡែក គ្រូភេ្លងនៅហង្សមាស ម្នាក់ បានឲ្យដឹងថាការដែលសុគន្ធកញ្ញា មិនសូវលេចធ្លោដូចមុន ព្រោះតែបទចម្រៀងនាងធ្វើហើយ មិនទាន់ហ៊ានបញ្ចេញ ព្រោះកូវីដ-១៩ និងម្យ៉ាងទៀត គេរង់ចាំឲ្យនាងបានរឹងដៃរឹងជើងវិញសិន ទើបឲ្យនាងសម្រុកទីផ្សារចម្រៀងវិញ។

២. សួស វីសា ៖ បានដឹកដៃលោកប៊ុនថុល ប៊ុនថង ហៅថមមី រៀបការកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និងសម្រាលកូនស្រី កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ដោយដាក់ឈ្មោះថាថង សាម៉ូលីណា ហៅ Jenny។

សួស វីសា

មុនរៀបការ វីសា ជាតារាចម្រៀងលេចធ្លោម្នាក់របស់ហង្សមាស តែពេលនេះនាងក៏ស្ងប់ស្ងាត់ខ្លាំងដែរ។

វីសា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងដឹងថា ក្រោយរៀបការរួច ទាំងរូបនាងនិងស្វាមី ប្រាកដជាប៉ះពាល់ដល់អាជីពសិល្បៈ។ ប៉ុន្តែនាងថា មិនអាចពន្យារពេលរៀបការតទៅទៀតបានទេ ព្រោះចាស់ទុំទាំងសងខាងកាន់តែចាស់ៗអស់ហើយ អីចឹងនាងបានសុំច្បាប់ថៅកែហង្សមាស តាំងពីពពោះ និងក្រោយសម្រាលកូន រយៈបេល១ឆ្នាំ សម្រាកពីការច្រៀង សម្ដែង ហើយទោះជាកេរ្ដិ៍ឈ្មោះយ៉ាងណាក៏ដោយ ក៏នាងព្រមទទួលដែរ។

៣. ពេជ្រ សូលីកា ៖ បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរ មកពីអូស្រា្ដលី លោកគឹម ហាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ និងសម្រាលកូនបុ្រសថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ដោយដាក់ឈ្មោះថា ហង្ស អ៊ារី រ៉េនស្ដេ ។

ពេជ្រ សូលីកា

សូលីកា មិនមែនជាអ្នកចម្រៀងលេចធ្លោខ្លាំងរបស់ហង្សមាស នោះទេ ព្រោះបទចម្រៀងនាងទើបចេញបានតិចតួចពេក ក្រោយវិលចូលហង្សមាស ជាលើកទី២នេះ ហើយក្រោយមានប្ដីនិងកូននេះ ធ្វើឲ្យការប្រជែងទីផ្សារចម្រៀងរបស់នាង ហាក់កាន់តែខើចទៅៗ ព្រោះមិនអាចទប់ទល់ជាមួយតារាគីឡូប្រហាក់ប្រហែលគ្នា ដូចជា កញ្ញាតន់ ច័ន្ទសីម៉ា បានទេ។

យ៉ាងណា​ សូលីកា ធ្លាប់ប្រាប់ថា នាងចង់រៀបការនៅឆ្នាំ២០២១ ខណៈដែលម្ដាយនាង អ្នកស្រីស៊ិន ស្រីនាង កំពុងជាប់ឃុំខ្លួននៅពន្ធនាគារ ក្រោយសម្លាប់គូស្នេហ៍ភេទដូចគ្នា អ្នកស្រីងិន សុខលី កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០៕ ហ៊ឹម វិចិត្រ

RELATED ARTICLES