ខេត្តកំពត ៖ ស្ត្រីជើងល្អជាមុខសញ្ញាឆបោក (ទម្លាក់យោង) ម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកឈូក ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក។
ស្ត្រីសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះញឿន សន្យា អាយុ៣១ឆ្នាំ មានកន្លែងកំណើតនៅភូមិពាក់រំអោង ឃុំអង្គរកា ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីស្ត្រីសង្ស័យម្នាក់បានធ្វើសកម្មភាពឆបោក ដោយប្រើល្បិចទម្លាក់យោង ប៉ុនប៉ងបោកបញ្ឆោតគេឯង នៅចំណុចកើតហេតុ។ ភ្លាមៗនោះ កម្លាំងជំនាញ បានចេញអន្តរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួនស្ត្រីសង្ស័យបានម្នាក់ ឈ្មោះញឿន សន្យា ព្រមទាំងដកហូតបាននូវវត្ថុតាងមួយចំនួន រួមមាន ទូរស័ព្ទ Nokia ចំនួន១គ្រឿង លោហធាតុពណ៌លឿង (កាឡៃ) ទម្ងន់៥ជី និងកាបូបស្ពាយចំនួន១។
ករណីនេះ កម្លាំងជំនាញបានបញ្ជូនស្ត្រីសង្ស័យខាងលើ ទៅធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕