ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាល បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួច តាមពាក្យបណ្តឹងរបស់ជនរងគ្រោះជាម្ចាស់ម៉ូតូ បន្ទាប់ពីជនសង្ស័យរូបនេះចូលលួចម៉ូតូរបស់គេដល់ក្នុងផ្ទះ។ ហេតុការណ៍ភ្ញាក់ផ្អើលបាត់ម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនសង្ស័យម្នាក់នេះ ជាជនដែលប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មានឈ្មោះញ៉ាញ់ សារ៉ានពិសិដ្ឋ អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅភូមិ-សង្កាត់ក្បែរផ្ទះ កើតហេតុខាងលើ។

ចំណែកម្ចាស់ម៉ូតូ មានឈ្មោះមាស សុណាង ភេទស្រី អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ រីឯម៉ូតូដែលជនសង្ស័យលួចនោះ ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ស៊េរីឆ្នាំ ២០១៦ ពាក់ស្លាកលេខស្វាយរៀង 1I-4777។
ប្រភពសមត្ថកិច្ចនគរបាលដដែល បានឱ្យដឹងថា នៅពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាព ដើរចូលទៅក្នុងផ្ទះរបស់ឈ្មោះមាស សុណាង រួចក៏លួចយកម៉ូតូមួយគ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ដែលម្ចាស់បញ្ឈរទុកនៅខាងមុខផ្ទះ និងមានជាប់ចង្កឹះសោស្រាប់។ ក្រោយពីធ្វើសកម្មភាពរួច ជននេះបានជិះម៉ូតូដែលលួចបានគេចខ្លួនទៅទិសខាងលិចបាត់ទៅ។

ក្រោយមកម្ចាស់ដឹងថា បាត់ម៉ូតូ ក៏ឆែកកាមេរ៉ាសុវត្ថិភាព មើលឃើញជនសង្ស័យលួចយក និងបើកចេញទៅទិសខាងលិច ក៏មកដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍តែម្តង។
ក្រោយពីទទួលពាក្យបណ្តឹងភ្លាម សមត្ថកិច្ចបានបោះដៃតាមវិទ្យុទាក់ទងឱ្យតាមគោលដៅជួយស្ទាក់ ទើបកម្លាំងជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យខាងលើ បាននៅខាងកើតស្ពានពោធិ៍តាហោ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ប្រគល់ឱ្យកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះខាងលើប្រាកដមែន។

បច្ចុប្បន្ន សមត្ថកិច្ចក៏បានរាយការណ៍ជូនលោកព្រះរាជអាជ្ញា ដើម្បីឃាត់ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕