Thursday, July 31, 2025
Homeព័ត៌មានជាតិក្រសួងយុត្តិធម៌កម្ពុជា បំភ្លឺការរិះគន់ពីវិធានការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩

ក្រសួងយុត្តិធម៌កម្ពុជា បំភ្លឺការរិះគន់ពីវិធានការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា លោកជិន ម៉ាលីន បានធ្វើការឆ្លើយបំភ្លឺទៅនឹងការរិះគន់របស់អ្នករាយការណ៍ពិសេស UN និងសកម្មជនសិទ្ធិមនុស្សដទៃទៀត អំពីវិធានការបង្ហាញអត្តសញ្ញាណអ្នកធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ។

លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ថា «៤ចំណុច ឆ្លើយបំភ្លឺទៅនឹងការរិះគន់របស់អ្នករាយការណ៍ពិសេស UN និងសកម្មជនសិទ្ធិមនុស្សដទៃទៀត អំពីវិធានការបង្ហាញអត្តសញ្ញាណអ្នកធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ៖

១. វិធានការនេះ មិនមែនជាការរំលោភលើសិទ្ធិបុគ្គលនិងឯកជនភាពនៃអ្នកវិជ្ជមានកូវីដ-១៩ នោះទេ តែផ្ទុយទៅវិញ វាជាវិធានការចាំបាច់ក្នុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធដទៃទៀតដោយផ្ទាល់និងប្រយោល ដើម្បីទប់ស្កាត់ការរីករាលដាលការឆ្លងកាន់ច្រើនចូលក្នុងសហគមន៍។ វិធានការនេះ ក៏ត្រូវបានអនុញ្ញាតផងដែរ តាមគោលការណ៍ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលកម្ពុជា ប្រកាន់យកគោលការណ៍សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ បែបសមូហភាពនិយម ដោយតម្កល់ផលប្រយោជន៍រួមរបស់សហគមន៍ជាធំ ហើយជាពិសេស ក្នុងកាលៈទេសៈគ្រោះថ្នាក់បែបនេះ សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវការការពារ និងសង្រ្គោះ របស់ពលរដ្ឋនិងសហគមន៍ មានតម្លៃនិងអាទិភាពជាងសិទ្ធិណាៗទាំងអស់។

២. ការបង្ហាញអត្តសញ្ញាណនេះ មិនមែនការធ្វើទុក្ខបុកម្នេញ និងរើសអើងចំពោះអ្នកដែលវិជ្ជមានកូវីដ-១៩ នោះទេ ព្រោះថា វិធានការនេះ មានការចូលរួមដោយស្ម័គ្រចិត្តពីពួកគាត់ ហើយថ្នាក់ដឹកនាំកំពូល ក៏បានថ្លែងសារជាសាធារណៈផងដែរ កុំឱ្យមានការរើសអើងចំពោះពួកគាត់។

៣. វិធានការនេះ មិនបានរារាំងដល់ការធ្វើតេស្តដោយស្ម័គ្រចិត្តរបស់អ្នកពាក់ព័ន្ធដទៃទៀតដូចការចោទប្រកាន់នោះទេ តែផ្ទុយទៅវិញ វិធានការនេះ មានការចូលរួមនិងគាំទ្រពីជនរួមជាតិទូទាំងប្រទេស ដែលធ្វើឱ្យចំនួនអ្នកមកធ្វើតេស្តដោយស្ម័គ្រចិត្ត ទាំងអ្នកដែលបានពាក់ព័ន្ធដោយផ្ទាល់ក្តី និងប្រយោលក្តី មានការកើនឡើងជាលំដាប់។

៤. ចំពោះការរិះគន់អំពីស្ថានភាពពន្ធនាគារ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា វិញ រដ្ឋាភិបាល បានដាក់ចេញវិធានការយ៉ាងហ្មត់ចត់និងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ការឆ្លងចូលក្នុងពន្ធនាគារ រួមមានការធ្វើតេស្តអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោល ទាំងមន្រ្តីពន្ធនាគារ និងអ្នកជាប់ឃុំ វិធានការចត្តាឡីស័ក និងវិធានការសុខភាពអនាម័យដទៃទៀតជាដើម ។ល។ ហើយមកដល់ពេលនេះ មិនមានសញ្ញាណឬការបង្ហាញណាមួយថា មានអ្នកជាប់ឃុំវិជ្ជមានកូវីដ-១៩ នៅឡើយទេ»៕

RELATED ARTICLES