Wednesday, July 30, 2025
Homeព័ត៌មានជាតិគាត់ឆ្ងាញ់បាយនៅឯស្រែ ភ្លេចពន្លត់ភ្នក់ភ្លើង ឆេះម៉ត់រាបដល់ដី

គាត់ឆ្ងាញ់បាយនៅឯស្រែ ភ្លេចពន្លត់ភ្នក់ភ្លើង ឆេះម៉ត់រាបដល់ដី

ខេត្តឧត្តរមានជ័យ ៖ ក្រុមគ្រួសារមួយបានដាក់ដាំបាយ ដើម្បីវេចយកទៅហូបនៅឯស្រែ លុះក្រោយពេលដាំបាយ ធ្វើម្ហូបឆ្អិនអស់ហើយ ក៏រៀបចំវេចខ្ចប់ រួចចេញពីផ្ទះទៅធ្វើស្រែបាត់អស់ ដោយចាក់សោផ្ទះចោលទាំងភ្លេចពន្លត់ភ្លើងចង្ក្រានឱ្យបានត្រឹមត្រូវ ស្រាប់តែ មិនបានប៉ុន្មានរងើកភ្លើងចង្ក្រានបានរាលឆេះផ្ទះ បណ្តាលឱ្យរងការខូចខាតអស់ទាំងស្រុង។

ករណីអគ្គិភ័យខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិខ្ទំ សង្កាត់កូនក្រៀល ក្រុងសំរោង។

ផ្ទះដែលទទួលរងការឆាបឆេះខាងលើ មានទំហំ ៧ម៉ែត្រ គុណនឹង ៨ម៉ែត្រ ជាប្រភេទផ្ទះសង់ខ្ពស់ផុតពីដី សង់ពីឈើ ដំបូលប្រក់ស័ង្កសី មានម្ចាស់ឈ្មោះហៃ ឈ្លា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជាម្ចាស់ផ្ទះបានបង្កាត់ភ្លើ់ងដាំបាយ និងធ្វើម្ហូប ដើម្បីវេចយកទៅហូបនៅឯស្រែ។ លុះធ្វើបាយម្ហូបឆ្អិនរួច ក៏បានចាក់សោផ្ទះចោល រួចចេញទៅស្រែបាត់ ដោយភ្លេចពន្លត់ភ្លើងចង្ក្រាន ជាហេតុធ្វើឱ្យមានរងើកភ្លើងឆេះរាលដល់ផ្ទះទាំងមូល បណ្តាលឱ្យរងការខូចខាតអស់ទាំងស្រុងតែម្តង។

នៅអំឡុងពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ និងបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង ទៅជួយអន្តរាគមន៍ភ្លាមៗ ដែរ ដោយប្រើប្រាស់ទឹកអស់ចំនួន ១រថយន្ត តែមិនអាចស្រោចស្រង់ស្ថានការណ៍បាននោះឡើយ ពោលគឺផ្ទះទាំងមូល ត្រូវភ្លើងឆេះបំផ្លាញអស់។

តាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ច មូលហេតុដែលនាំឱ្យកើតមានហេតុការណ៍អគ្គិភ័យនេះ គឺបណ្តាលមកការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះ ដែលបានបង្កាត់ភ្លើង ដាំបាយរួច មិនបានពន្លត់ភ្លើងចង្ក្រាន រួចក៏ចេញទៅស្រែបាត់។ យ៉ាងណា អគ្គិភ័យនេះ មិនបង្កឱ្យឆេះរាលដាលដល់លំនៅឋានប្រជាពលរដ្ឋក្បែរខាងនោះឡើយ ហើយក៏មិនមានអ្នកណាម្នាក់ទទួលរងគ្រោះថ្នាក់នោះដែរ៕

RELATED ARTICLES