ភ្នំពេញ ៖ អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អគ្គនាយកស្ថានីយទូរទស្សន៍ CTN, CNC, MYTV និងជាប្រធានក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ដែលជាមហាសេដ្ឋីល្បីឈ្មោះក្នុងប្រទេសកម្ពុជា នៅថ្ងៃអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ លោកបានលើកឡើងពីសារសំខាន់នៃការគោរពសិទ្ធិមនុស្ស ជាពិសេសលោកបានបញ្ជាក់ថា លោកពិតជាមានសំណាងណាស់ ដែលបានជួបឧត្តមភរិយា គឺលោកស្រី ម៉ៅ ចំណាន (ស្រីតូច ចំណាន) ថាខ្លួនមានសំណាង បានជួបឧត្តមភរិយា ម៉ៅ ចំណាន និងបានកសាងគ្រួសារដ៏គួរឱ្យស្រលាញ់ជាមួយគ្នា។

អ្នកឧកញ៉ាគិត ម៉េង បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ថា «សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស គឺជាឯកសារដែលត្រូវបានការពារ និងទទួលស្គាល់ទូទាំងពិភពលោក។ សិទ្ធិនីមួយៗក្នុងចំណោមសិទ្ធិមនុស្ស ជាមូលដ្ឋានទាំង៣០ របស់យើង គឺមានសារសំខាន់ដូចៗគ្នា។
ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិនេះ ខ្ញុំសូមអបអរសាទរសិទ្ធិរៀបការ និងមានគ្រួសារ។ ខ្ញុំពិតជាមានសំណាងណាស់ដែលបានជួបភរិយាខ្ញុំ គឺលោកជំទាវ ម៉ៅ ចំណាន ហើយជាងនេះទៅទៀត ពួកយើងកាន់តែរីករាយដែលបានកសាងគ្រួសារដ៏គួរឱ្យស្រលាញ់ជាមួយគ្នា។
ខ្ញុំសូមជូនពរឱ្យអ្នកទាំងអស់គ្នា រីករាយក្នុងទិវាសិទិ្ធមនុស្សអន្តរជាតិ និងមានសុវត្ថិភាព!»។

គួរបញ្ជាក់ថា អ្នកឧកញ៉ា គិត ម៉េង ដោយសារតែលោកឲ្យតម្លៃភរិយា និងគោរពប្រពៃណីខ្មែរ លោកបានរៀបចំពិធីអាពាហ៍ពិពាហ៍ដ៏ធំ ជាមួយភរិយារបស់លោក គឺលោកស្រីម៉ៅ ចំណាន (ស្រីតូច ចំណាន) ដែលជាអតីតសិល្បការិនី និងពិធីការិនីល្បីឈ្មោះ មានរូបសម្រស់ស្រស់ស្អាតផូរផង់ដាច់គេ កាលពីថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០១៥ បន្ទាប់ពីបានភា្ជប់ស្នេហានិងរួមរស់ជាមួយគ្នា បានកូន៤នាក់ (ស្រី២ ប្រុស២) រួចទៅហើយ ។ ពិធីមង្គលការរបស់លោក បានទទួលកិត្តិយសដ៏ធំធេង ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំកំពូលៗ នៃរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស។

អ្នកឧកញ៉ា គិត ម៉េង ជាពាណិជ្ជករដ៏ល្បីល្បាញជាងគេក្នុងប្រទេសកម្ពុជា ដោយលោកមានក្រុមហ៊ុនជាច្រើន ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយាល់ គ្រុប (Royal Group) ហើយលោកតែងចូលរួមបរិច្ចាគថវិកាជួយដល់រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា សម្រាប់ជួយដល់ផ្នែកមនុស្សធម៌ និងជួយដល់ប្រជាពលរដ្ឋក្រីក្រ រងគ្រោះធម្មជាតិ ជាដើម។ ជាពិសេសថ្មីៗនេះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានបង្ហាញនូវផែនការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃនោះ អ្នកឧកញ៉ា គិត ម៉េង បានស្ម័គ្រចិត្តបរិច្ចាគថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ដល់ទៅចំនួន ៣លានដុល្លារអាមេរិក ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ នេះ។

ពាក់ព័ន្ធការបរិច្ចាគថវិកា ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាជនកម្ពុជា ដោយឥតគិតថ្លៃនេះ អ្នកឧកញ៉ា គិត ម៉េង បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ថា «ខ្ញុំ និងក្រុមគ្រួសារ មានកិត្តិយសយ៉ាងក្រៃលែង ក្នុងការបរិច្ចាគថវិកាចំនួន ៣លានដុល្លារ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ជួយជីវិតប្រជាពលរដ្ឋខ្មែរ ដែលកំពុងជួបការលំបាកខ្លាំង។ សូមបងប្អូនថែរក្សា និងការពារខ្លួនជានិច្ច ពីជំងឺកូវីដ-១៩»។
អ្នកឧកញ៉ា គិត ម៉េង សរសេរបន្ថែមថា «ខ្ញុំពិតជាមានកិត្តិយសណាស់ ក្នុងការផ្តល់ជូនដល់ប្រជាជនកម្ពុជា ឱ្យបានចូលរួមយ៉ាងសកម្ម ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីរបស់យើង ក្នុងការផ្តល់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ សម្រាប់ប្រជាជនកម្ពុជា ទាំងអស់។

ខ្ញុំសូមអញ្ជើញប្រជាជនកម្ពុជា ទាំងអស់ដែលកំពុងរស់នៅក្នុងប្រទេស និងកំពុងរស់នៅក្រៅប្រទេស ជុំវិញពិភពលោក ចូលរួមបរិច្ចាគជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការទិញវ៉ាក់សាំងការពារវីរុសកូវីដ-១៩។ យើងសូមជូនពរឱ្យប្រជាជនកម្ពុជា ទាំងអស់ ទទួលបានការការពារ វ៉ាក់សាំងការពារវីរុសកូវីដ-១៩។ ដូច្នេះយើងទាំងអស់គ្នាអាចចាប់ផ្តើមដំណើរការស្រោចស្រង់ស្ថានភាពឡើងវិញ និងរីកចម្រើនទៅមុខ។ សូមឱ្យយើងទាំងអស់គ្នា សាមគ្គីគ្នាដើម្បីគាំទ្របុព្វហេតុដ៏អស្ចារ្យនេះ។

យើងមានភ្នាក់ងារវីង ជិត ៩០០០កន្លែង នៅទូទាំងប្រទេស ដើម្បីសម្រួលការធ្វើសប្បុរសធម៌របស់លោកអ្នក។ ម៉្យាងវិញទៀត លោកអ្នកអាចបរិច្ចាគដោយប្រើកម្មវិធី វីង លើទូរស័ព្ទដៃរបស់លោកអ្នក ដោយចុចតាមការណែនាំដូចខាងក្រោម ៖
១. ការទូទាត់វិក្កយបត្រ
២. ការបរិច្ចាគ និងសប្បុរសធម៌
៣. មូលនិធិសប្បុរសធម៌ជូនសម្តេចតេជោ ដើម្បីទិញវ៉ាក់សាំងវីរុសកូវីដ-១៩ តាមរយៈគណនីប្រាក់រៀល ឬដុល្លារអាមេរិក
៤. សូមបញ្ចូលឈ្មោះរបស់អ្នក ឬលេខទូរស័ព្ទ
៥. បញ្ចូលទឹកប្រាក់
៦. ចុចបង់ប្រាក់។

រាល់ទង្វើសប្បុរសធម៌ គឺជាការបង្កើតឱ្យទទួលបានភាពរីករាយ។ សូមចូលរួមបរិច្ចាគការទិញវ៉ាក់សាំង តាមរយៈវីង។ សូមអរគុណអ្នកទាំងអស់គ្នាដែលបានគាំទ្រ»៕ ខៀវទុំ