ភ្នំពេញ ៖ បុរសជាជនអនាថាម្នាក់ ក្រោយពីអង្គុយហូបមី អស់១កំប៉ុង ស្រាប់តែកើតមានអាការប្រកាច់ត្រដរខ្យល់ស្លាប់ទាំងអាក្រាតកាយ នៅខាងមុខផ្ទះប្រជាពលរដ្ឋមួយកន្លែងដែលគ្មានមនុស្សនៅចាក់សោចោល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះមកពិនិត្យភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានដើរទាំងគ្មានសម្លៀកបំពាក់ជាប់ខ្លួន (អាក្រាតកាយ) មកអង្គុយហូបមីមួយកំប៉ុង នៅម្តុំមុខផ្ទះដែលគ្មានមនុស្សនៅ ចាក់សោទ្វារពីខាងមុខ ស្រាប់តែមួយសន្ទុះក្រោយមក បុរសរូបនោះបានប្រកាច់ ហើយដេកស្លាប់មួយរំពេចទាំងអាក្រាតកាយ ទើបពួកគាត់ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ ឱ្យចុះមកត្រួតពិនិត្យមើល ទើបដឹងថា បុរសដែលបានស្លាប់នោះ គឺជាជនអនាថា គ្មានអ្នកណាម្នាក់ស្គាល់អត្តសញ្ញាណច្បាស់លាស់នោះទេ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញកោសល្យវិច័យ របស់ក្រសួងមហាផ្ទៃ បានធ្វើកំណត់ហេតុ រួចរាល់ក៏ប្រគល់សពឱ្យទៅរថយន្តសាមុយ ដឹកយកទៅរក្សាទុកនៅវត្តឫស្សីសាញ់ រង់ចាំស្វែងរកសាច់ញាតិ បូជាទៅតាមប្រពៃណី៕