ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់តែងផឹកស្រាស្រវឹងជាប្រចាំ និងមិនសូវនឹកនារឿងបាយទឹកសោះឡើយ លុះចុងក្រោយ បន្ទាប់ពីផឹកស្រវឹង បានប្រាប់ប្រពន្ធថា ចេញទៅរកកន្លែងបត់ជើងធំ តែទៅបាត់យូរពេក ប្រពន្ធនឹកឆ្ងល់ចេញទៅតាមរកមើល ស្រាប់តែប្រទះឃើញប្តីដេកស្លាប់នៅក្នុងចម្ការដំឡូងមី បង្កឱ្យមានការភ្ញាក់ផ្អើល រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងចម្ការដំឡូងមីមួយកន្លែង ស្ថិតនៅខាងត្បូងភូមិសិលាខ្មែរ ចម្ងាយ១៥០ម៉ែត្រ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឱ្យដឹងថា បុរសរងគ្រោះ មានឈ្មោះស៊ីវ ឃឿន អាយុ៥៨ឆ្នាំ មានលំនៅក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
លោកអធិការ បានបញ្ជាក់ថា តាមការបំភ្លឺពីឈ្មោះម៉ន បឿន អាយុ៥៧ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ បានប្រាប់ថា ប្តីរបស់គាត់តែងតែដើរផឹកស្រា-ស ស្រវឹងជាប្រចាំ។ មុនពេលកើតហេតុ គាត់បានផឹកស្រា-សស្រវឹង ហើយបាននិយាយថា ទៅបត់ជើងធំនៅខាងត្បូងផ្ទះ ហើយក៏បាត់មិនឃើញមកវិញ ទើបគាត់នឹកឆ្ងល់ក៏ចេញទៅតាមរក ស្រាប់តែប្រទះឃើញប្តីដេកស្លាប់នៅចំណុចកើតហេតុខាងលើតែម្តង ធ្វើឱ្យកើតមានការភ្ញាក់ផ្អើល រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។

ក្រោយពីទទួលបានព័ត៌មាន ក្រុមការងារគណៈកម្មការត្រួតពិនិត្យ មាននគរបាលស្រុក ប៉ុស្តិ៍រដ្ឋបាល មណ្ឌលសុខភាពឃុំ នគរបាលការពារព្រំដែនគោក លេខ៩១១ កងរាជអាវុធហត្ថស្រុក បានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យសព ពុំមានស្លាកស្នាមអ្វី ទាក់ទងនឹងអំពើមនុស្សឃាតនោះទេ។
តាមការសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ មូលហេតុដោយសារជនរងគ្រោះ តែងផឹកស្រាស្រវឹងជាប្រចាំ និងមិនសូវនឹកនារឿងបាយទឹកឡើយ។
ក្រោយពីពិនិត្យរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕