ភ្នំពេញ៖ បុរសឈ្មោះ នី ណាក់ ដែលមានហ្វេសប៊ុកឈ្មោះ “Iman-KH” ដែលបានបង្ហោះសារឌឺដងសម្តេច ហ៊ុន សែន ពាក់ព័ន្ធនឹងការឲ្យកូនមាន់ពាក់ម៉ាសក៍ ដោយមានសារមានជំងឺផ្តាសាយ ពេលនោះលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចាត់មន្ត្រីឲ្យចុះពិនិត្យ តែរកមិនឃើញកូនមាន់មានជំងឺផ្តាសាយ ក៏បានប្តឹងបុគ្គលរូបនេះ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ។
យោងតាមដីកាមួយច្បាប់ របស់លោកប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើការឃាត់ខ្លួនឈ្មោះនីណាក់ ដែលតែងបង្ហោះព័ត៌មានញុះញង់ និងបង្កចលាចលតាមបណ្ដាញសង្គម Facebook។

មន្ដ្រីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា បុគ្គលនេះត្រូវបានចាប់ខ្លួន តាមពាក្យបណ្តឹងរបស់ក្រសួងកសិកម្មពាក់ព័ន្ធការរិះគន់ និងបង្ហោះព័ត៌មានមិនពិត នាំឲ្យមានចលាចលនៅក្នុងសង្គម។
គួររំឮកថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានចេញសារសំឡេង ពាក់ព័ន្ធនឹងការត្រៀមលិខិតដាក់ប្រទេសក្នុងគ្រាមានអាសន្នថា “…ពិតមែនហើយ ខ្ញុំសូមនិយាយដោយត្រង់ថា ខ្ញុំបានត្រៀមរួចរាល់អស់ហើយនូវសារលិខិតថ្វាយព្រះមហាក្សត្រ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ព្រៀងនូវអនុត្រឹត្យ ព្រៀងនូវលិខិតសម្រាប់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា រួចស្រេចទៅហើយ ក៏ប៉ុន្តែខ្ញុំមិនចង់រដើល់ជំហានបែបនេះទេ ព្រោះវាធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា គាំងទាំងស្រុងតែម្តង ប្រសិនបើបិទប្រទេស ឬក៏បិទផ្នែកណាមួយរបស់ប្រទេស ដូចជា រាជធានីភ្នំពេញ ឬខេត្តណាមួយនោះ វានឹងធ្វើឲ្យគាំងសេដ្ឋកិច្ច ជាពិសេសប៉ះពាល់ដល់ការរកស៊ីប្រជាពលរដ្ឋរបស់យើង…”។
ក្រោយមក បុរសឈ្មោះនី ណាក់ បានបង្ហោះសារថា “ខ្ញុំបានត្រៀម ឬព្រៀងលិខិតនិងឯកសាររួចរាល់អស់ហើយ ក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុ មានមេរោគផ្តាសាយរលាកផ្លូវដង្ហើម កំពុងតែរាតត្បាតក្នុងកសិដ្ឋាន”។

បុរសរូបនេះ បានបន្ថែមថា “ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើឲ្យខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នា ហើយដេកនៅក្នុងទ្រុង កុំចេញក្រៅឲ្យសោះ បើគ្មានការចាំបាច់”។
ភ្លាមនោះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យមន្ត្រីស្រាវជ្រាវករណីនេះហើយថា តើកសិដ្ឋានរបស់បុគ្គលឈ្មោះ នី ណាក់ ដែលប្រើហ្វេសប៊ុកផេកឈ្មោះ Iman-KH នោះ មានកើតជំងឺផ្តាសាយបក្សី ពិតមែនឬទេ?៕