Wednesday, July 30, 2025
Homeព័ត៌មានជាតិសូមសរសើរទឹកចិត្ត!!! បុរសអង់គ្លេស យកថ្មអង្គរ ទុក១៤ឆ្នាំ ផ្ញើមកឲ្យកម្ពុជាវិញ

សូមសរសើរទឹកចិត្ត!!! បុរសអង់គ្លេស យកថ្មអង្គរ ទុក១៤ឆ្នាំ ផ្ញើមកឲ្យកម្ពុជាវិញ

ភ្នំពេញ ៖ ជនបរទេសម្នាក់ បានផ្ញើបំណែកថ្មប្រាសាទ មួយដុំ ពីចក្រភពអង់គ្លេស ដើម្បីប្រគល់មកឱ្យកម្ពុជា ដែលជាម្ចាស់ដើមវិញ ក្រោយរូបគេបានយកចេញពីប្រាសាទបាយ័ន កាលពីឆ្នាំ២០០៦ កន្លងទៅ នេះបើតាមការដឹងរបស់មន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។

លោកជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាសមាជិកក្រុមប្រឹក្សាភិបាលអាជ្ញាធរអប្សរា បានឱ្យដឹងថា ដំបូងឡើយ ជនបរទេសរូបនេះ បានផ្ញើបំណែកថ្មប្រាសាទ មួយដុំ ជាមួយនឹងលិខិតមួយច្បាប់ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន តាមរយៈក្រុមហ៊ុន DHL ពីចក្រភពអង់គ្លេស។ ក្រោយបំណែករតនវត្ថុនេះ ត្រូវបាននាំមកដល់ប្រទេសកម្ពុជា ក្រុមការងារក្រសួងទេសចរណ៍ ដឹកនាំដោយរូបលោក (ជុក ជំនោរ) ក៏បានទៅទទួលយកមក និងបានប្រគល់បន្តជូនទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈនាយកដ្ឋានសារមន្ទីរ។

តាមការវាយតម្លៃបឋមរបស់អ្នកជំនាញរបស់នាយកដ្ឋានសារៈមន្ទីរ បំណែកថ្មនេះ អាចជាចំណែកថ្មនៃសសរពេជ្រ នៃប្រាសាទបាយ័ន។ ក្រុមការងារជំនាញ នឹងបន្តការវិភាគ និងចុះបញ្ជីនៅនាយកដ្ឋានសារមន្ទីរ ឬបញ្ជូនបន្តទៅអាជ្ញាធរអប្សរា ដើម្បីចាត់ចែងបន្ត។

ជាមួយគ្នានោះ ក្រសួងទេសចរណ៍ ក៏បានអំពាវនាវ និងលើកទឹកចិត្តឱ្យមានការប្រគល់វត្ថុបុរាណដែលបានយកចេញពីកម្ពុជា នាពេលកន្លងមក ហើយក្រសួងទេសចរណ៍ នឹងសម្របសម្រួលដំណើការ និងនីតិវិធីជាមួយក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធ៕

RELATED ARTICLES