ស្រីស្អាតធ្មេញច្រពើស កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន មានអាយុ២៨ឆ្នាំហើយ តែចិត្តរបស់នាងនៅតែមិនទាន់ចង់រៀបការ ហើយហេតុផលដែលនាងមិនចង់គ្រងឈុតកូនក្រមុំនោះ ត្រូវបាននីរ័ត្ន ទម្លាយសារនាពេលកន្លងមកថា ដោយសារតែកូវីដ-១៩ ទើបនាងមិនអាចធ្វើកូនក្រមុំនៅឆ្នាំនេះបានទេ។

ដោយឡែក ក្នុងជំនួបជាមួយអ្នកយកព័ត៌មានយើងកន្លងមក ពិធីការិនីទូរទស្សន៍បាយ័ន រូបនេះ ធ្លាប់វាចាថា ចិតុ្តនាងចង់រៀបការ និងមិនទាន់ចង់ធ្វើកូនក្រមុំមែនទែន គឺ ៥០% ស្មើគ្នា ហេតុនេះហើយមិនអាចកំណត់បានថា ពេលណាទើបលាភាពនៅលីវដូចគេនោះបានទេ។

ហ៊ិន ច័ន្ទនីរ័ត្ន ធ្លាប់ប្រេះឆារឿងស្នេហាជាបន្ដបន្ទាប់ ដូចជា កន្លងមកនាងធ្លាប់ប៉ះស្នេហ៍ឯកឧត្តមក្មេង ពិសិដ្ឋ, លោកព្រីង ច័ន្ទបុត្រ ហៅនាយចេក និងបុរសកូនមន្រ្ដីធំម្នាក់ ដែលបានរៀបការចោលនាងកាលពីឆ្នាំ២០១៧ ។

យ៉ាងណា ពិធីការិនីរូបស្រស់នេះហាក់គ្មានទុក្ខស្នេហ៍ឡើយ ហើយពេលនេះនាងភ្ជាប់ស្នេហ៍ថ្មីជាមួយបុរសរូបសង្ហាម្នាក់ ដែលមិនចាញ់តារាឡើយ និងជាញឹកញាប់ គេឃើញនាង និងបុរសរូបនោះ តែងតែជិះរថយន្ដ Range Rover ពណ៌ខ្មៅ ជាមួយគ្នាទាំងនៅទីក្រុង និងទៅតាមតំបន់រមណីយដ្ឋានផ្សេងៗ។

ប៉ុន្ដែនៅពេលត្រូវសួររឿងនេះ កន្លងមក នីរ័ត្ន បែរជារកនឹកមិនឃើញបុរសនោះទៅវិញ ដោយនាងថា អាចមកពីគេយល់ច្រឡំអ្នករួមការងារជាមួយនាងនៅបាយ័ន ច្រើនជាងទៅវិញ។

បើទោះជាហ៊ិន ច័ន្ទនីរ័ត្ន ធ្លាប់ដំបៅបេះដូងជាច្រើនលើកច្រើនសាមែន ប៉ុន្តែតាមព័ត៌មានថា តារារួមអាជីពជាច្រើននៅតែសរសើរពិធីការិនីតូចច្រឡឹងរូបនេះថា នាងមិនរំភើបដោយសារតែប្រុសៗអ្នកធំចង់ជះលុយលើនាងនោះទេ ពោលគឺបុរសដែលអាចយកបេះដូងនាងបាន ទាល់តែនាងស្រលាញ់ប្រុសនោះដែរ ទើបទៅរួច។

គេថា មិនខ្វះទេអ្នកចង់ឧបត្ថម្ភនីរ័ត្ន ឲ្យរស់នៅសោយសុខលើគំនរទ្រព្យ មិនចាំបាច់ថតសម្ដែងហាលក្ដៅ និងយប់អាធ្រាត្រទៀត ប៉ុន្ដែប្រុសៗទាំងនោះសុទ្ធតែត្រូវបានតារារូបនេះ មើលរំលង ព្រោះតែនាងគ្មានអារម្មណ៍ជាមួយ ហើយចុងក្រោយប្រុសដែលនាងព្រមភ្ជាប់ស្នេហ៍ថ្មីនោះ ជាបុរសរូបសង្ហា និងវ័យក្មេង៕
