ឈិត សុវណ្ណបញ្ញា ដែលស្ពាយបង្វេចចេញពីហង្សមាស ទៅផ្ញើខ្លួនជាមួយទ្រនំថោន ជាង៣ឆ្នាំ ដោយសង្ឃឹមយ៉ាងមុតមាំថា ទ្រនំទី២នេះ នឹងធ្វើឲ្យនាងកាន់តែល្បីរន្ទឺថែមទៀតជាមិនខាន។

ប៉ុន្ដែក្ដីស្រម៉ៃនេះត្រូវបានរលាយបន្ដិចម្ដងៗ ព្រោះតែពេលនេះ សុវណ្ណបញ្ញា មិនត្រឹមតែមិនអាចធ្វើឲ្យទីផ្សារចម្រៀងរបស់នាងមានការប្រែប្រួលនោះទេ តែនាងកាន់តែប្រឈមភាពស្ងប់ស្ងាត់ជាងកាលនៅទ្រនំចាស់ទៅទៀត ដែលអាចនឹងពិបាកស្ដារមុខមាត់។

អ្វីដែលជាការខកចិត្តថែមទៀតនោះ សុវណ្ណបញ្ញា មិនត្រឹមតែមិនអាចដណ្ដើមតំណែងតារាចម្រៀងស្រីនាំមុខគេនៅថោន នោះទេ ប៉ុន្ដែនាងក៏មិនអាចប្រជែងជាមួយតារាចម្រៀងសិស្សប្អូន កញ្ញារ៉ាប៊ី បានដែរ ដែលធ្វើឲ្យអតីតម្ចាស់ជ័យលាភី “Rock Star” រូបនេះ កាន់តែប្រឈមហានិភ័យថែមទៀត។

តារាចម្រៀងពេជ្រ សោភា ដែលធ្លាប់រួមការងារជាមួយឈិត សុវណ្ណបញ្ញា ជាច្រើនឆ្នាំនៅហង្សមាស នោះ ធ្លាប់សម្ដែងការនឹករលឹកជាខ្លាំងចំពោះសុវណ្ណបញ្ញា ក្រោយបែកផលិតកម្មគ្នា ជាង៣ឆ្នាំនេះ។ ប៉ុន្តែក្នុងជំនួបជាមួយសុវណ្ណបញ្ញា នាពេលកន្លងមក នាងថា មិនចង់សម្ភាសន៍នោះទេ ព្រោះមេ (អ្នកគ្រប់គ្រងថោន) មិនចង់ឲ្យនិយាយ។

ទោះជាយ៉ាងណា គេកត់សម្គាល់ថា តាំងពីដើរចេញពីហង្សមាស មក សុវណ្ណបញ្ញា កាន់តែមានជីវភាពហ៊ឺហាជាងមុន ព្រមទាំងជិះរថយន្ដទំនើបៗឆ្លាស់គ្នាជាញឹកញាប់ទៀតផង ដូចជា រថយន្ដ Range Rover និង LandcruiserV8 ជាដើម។

ប៉ុន្ដែរឿងគូស្នេហ៍វិញ សុវណ្ណបញ្ញា នៅតែប្រឹងលាក់ជិតឈឹងតែម្ដង បើទោះជាជុំវិញការប្រែប្រួលជីវភាពរបស់នាងពេលនេះ ត្រូវបានគេសង្ស័យថា នាងមានគូស្នេហ៍នៅក្រោយខ្នងក្ដី។

ឈិត សុវណ្ណបញ្ញា ដែលល្បីបទ ”Mouse Love Rise” កាលពីឆ្នាំ២០០៥ នៅហង្សមាស នោះ បានអាក់អន់ស្រពន់ចិត្តជាមួយទ្រនំនេះ ក្រោយនាងជ្រកបាន១១ឆ្នាំ តែមិនបានចេញវ៉ុលម្នាក់ឯង (Solo Album) ទើបនាងសម្រេចចិត្តបាយ បាយហង្សមាស ទៅជ្រកនៅថោន។ យ៉ាងណា ពេលនេះ សុវណ្ណបញ្ញា ក៏នៅតែមិនទាន់បានចេញ Solo Album នៅថោន ឡើយ៕
