Wednesday, July 30, 2025
Homeតារាខ្មែរព្រាប សុវត្ថិ -ខេមរៈ សិរីមន្ដ ខំប្រជែងគ្នា តម្លៃខ្លួនក្រោមតារាស្រីម្នាក់

ព្រាប សុវត្ថិ -ខេមរៈ សិរីមន្ដ ខំប្រជែងគ្នា តម្លៃខ្លួនក្រោមតារាស្រីម្នាក់

ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ក្រៅពីជាគូប្រជែងគ្នាយ៉ាងស្វិតស្វាញ នៅរយៈពេលជា៥ឆ្នាំចុងក្រោយនេះ តារាចម្រៀងទាំង២ដួង ក៏ត្រូវបានអ្នកដឹកនាំប្រគំតន្រ្ដីហ៊ានឲ្យតម្លៃខ្លួនខ្ពស់ជាងតារាចម្រៀងល្បីៗដទៃទៀតដែរ ពោលគឺច្រៀងតាមឆាកតន្ត្រីធំៗ ១កម្មវិធី សុវត្ថិ-សិរីមន្ដ ស៊ីថ្លៃប្រហាក់ប្រហែលគ្នា គឺ៣០០០ដុល្លារ។

លោកព្រាប សុវត្ថិ និងកញ្ញាតន់ ច័ន្ទសីម៉ា

ប៉ុន្ដែថ្មីៗនេះ ស្រាប់តែមានអ្នកចម្រៀងជើងថ្មី អតីតបេក្ខភាព “The Voice Cambodia” រដូវកាលទី២ កញ្ញាតន់ ច័ន្ទសីម៉ា បានដាក់តម្លៃខ្លួនខ្ពស់ជាងតារាល្បីល្បាញទាំង២ ពោលគឺនាងច្រៀងការប្រគំតន្រ្ដីធំៗតាមបណ្ដាខេត្ត-ក្រុង ១កម្មវិធី ស៊ីថ្លៃ៥០០០ដុល្លារ។

ការចេញតម្លៃខ្លួនថ្លៃផុតគេនេះ ធ្វើឲ្យមានការលើកឡើងថា តើពេលនេះ កញ្ញាសីម៉ា ដែលធ្លាប់ច្រៀងនៅហាងវីហ្រ្វេន ១យប់ បានថ្លៃតែជាង១០ដុល្លារនោះ ល្បីល្បាញនិងទីផ្សារចម្រៀងខ្លាំងជាងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ឬយ៉ាងណា បានជានាងថ្លៃខ្ពស់ជាងតារាទាំង២?

លោកយឹម តាស្រង់ អ្នកគ្រប់គ្រងនៅផលិតកម្ម Galaxy បានឲ្យដឹងថា តម្លៃរបស់តន់ ច័ន្ទសីម៉ា គឺមិនអាចទម្លាក់បានជាដាច់ខាត ព្រោះបានកំណត់រួចទៅហើយ។ លោកថា ច្រៀងតាមខេត្ត គឺ១កម្មវិធី ស៊ីថ្លៃ៥០០០ដុល្លារ ចំណែកការថតសម្អាងការម្ដង ស៊ីថ្លៃ២០០០០ដុល្លារ។

កញ្ញាតន់ ច័ន្ទសីម៉ា

លោកបន្ថែមថា សីម៉ា ជាអ្នកចម្រៀងលំដាប់ Grade A ហើយបើតម្លៃនេះ គេថាថ្លៃ មិនហ៊ានជួល​លោកមានតែសុំអធ្យាស្រ័យហើយ ព្រោះកូនចៅលោកមិនចេញច្រៀង ក៏ផលិតកម្មមានលទ្ធភាពទំនុកបម្រុងឲ្យតារាចម្រៀងរបស់ខ្លួនរស់បានដែរ។

ទោះជាព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ កំពុងត្រូវបានគេអុកអុកតម្លៃខ្លួនមែន ប៉ុន្ដែមហាជនភាគច្រើននៅតែយល់ថា តារាប្រុសល្បីល្បាញទាំង២ដួងនេះទេ ដែលស័ក្តិសមក្នុងការថ្លៃខ្ពស់ជាងគេ ព្រោះកញ្ញាសីម៉ា ទើបតែច្រៀងបានជាង២ឆ្នាំសោះ រឿងអីដែលចង់វ៉ាតម្លៃខ្លួនព្រាប សុវត្ថិ ដែលល្បីជាង២៣ឆ្នាំ និងខេមរៈ សិរីមន្ដ ដែលល្បីជាង១៦ឆ្នាំនោះ?

លោកខេមរៈ សិរីមន្ត

អ្នកដឹកនាំកម្មវិធីប្រគំតន្រ្ដីម្នាក់ របស់ CTN បាននិយាយដោយសុំមិនឲ្យដាក់ឈ្មោះថា លោកព្រាប សុវត្ថិ ត្រូវបានមហាជនទូទាំងប្រទេស ទទួលស្គាល់ អីចឹងគាត់ថ្លៃបន្ដិច ក៏គ្មានគេថាអីដែរ ខណៈដែលខេមរៈ សិរីមន្ដ កំពុងឡើងទៅប្រដមប្រសងព្រាប សុវត្ថិ ។

ចំណែកតន់ ច័ន្ទសីម៉ា វិញ លោកថា លោកចង់ហៅនាងឡើងច្រៀងតាមប៉ុស្ដិ៍ដែរ ប៉ុន្ដែបញ្ហា គឺអ្នកគ្រប់គ្រងទារថ្លៃមែន អីចឹងលោកមានតែសំណូមពរថា កុំឲ្យគាត់តម្លើងតម្លៃខ្លួនខ្ពស់អីចឹងពេក ខាង Sponsors ខ្លះគេមិនហ៊ានទេ។

រីឯអ្នកដឹកនាំកម្មវិធីប្រគំតន្រ្ដីនៅ​PNN វិញ និយាយដោយមិនឲ្យដាក់ឈ្មោះដែរថា តម្លៃខ្លួនច្រៀងម្ដង ៥០០០ដុល្លារ ថតសម្អាងការម្តង ថ្លៃ២០០០០ដុល្លារនោះ គ្មានពីណាគេជឿទេ។ លោកថា គេចាត់ទុកសីម៉ា ជាតួឯករបស់ផលិតកម្មគេ អីចឹងគេថាម៉េចក៏បានដែរ ដើម្បីលើកតួគេ តែដល់ពេលនិយាយអីចឹងទៅ អាហ្នឹងហើយគេហៅថា ”អួត” ហ្នឹង។

ព្រាប សុវត្ថិ បានច្រៀងនៅហង្សមាស រយៈពេល២៣ឆ្នាំ (១៩៩៧-២០២០) ហើយពេលនេះលោកបានឈរជើងនៅ Galaxy ជាង៣ខែមកហើយ ខណៈដែលខេមរៈ សិរីមន្ដ ទើបចូលហង្សមាស ជាង៣ឆ្នាំ។

តារាប្រុសទាំង២ដួងនេះ រយៈពេលចុងក្រោយនេះ ត្រូវបានមហាជនមើលឃើញថា ប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញបំផុត មិនធ្លាប់មានក្នុងពិភពសិល្បៈ ប៉ុន្ដែចុងក្រោយនេះ ព្រាប សុវត្ថិ ហាក់ចាញ់ប្រៀបលោកខេម ប៊ុនថៃ ក្រោយតារាហង្សមាស រូបនេះ ផ្ទុះបទ ”ពឺតៗ”។

យ៉ាងណា អ្នកជំនាញសិល្បៈ បញ្ជាក់ថា ពេលនេះ លោកព្រាប សុវត្ថិ មិនទាន់ត្រូវបានលោកខេមរៈ សិរីមន្ត វ៉ាឡើយ ទាំងតម្លៃខ្លួននិងទីផ្សារចម្រៀង៕                                ហ៊ឹម វិចិត្រ

RELATED ARTICLES