Wednesday, July 30, 2025
Homeព័ត៌មានជាតិកូនៗរៀបរាប់ប្រាប់សមត្ថកិច្ច ក្រោយពេលបានជួបម្តាយឪពុកបែបនេះ

កូនៗរៀបរាប់ប្រាប់សមត្ថកិច្ច ក្រោយពេលបានជួបម្តាយឪពុកបែបនេះ

ខេត្តបាត់ដំបង ៖ ប្តីប្រពន្ធវ័យចំណាស់ ស្នាក់នៅផ្ទះ តែ២នាក់ ស្រាប់តែត្រូវចោរស្រី ៣នាក់ធ្វើសកម្មភាពដាក់ថ្នាំសណ្តំឲ្យសន្លប់ រួចចូលរើកកាយ ប្រមូលយកលុយកាក់ របស់ទ្រព្យមានតម្លៃទៅអស់ គាប់ជួនកូនៗទៅលេងឪពុក-ម្តាយ គ្រាន់តែបើកទ្វារចូលទៅ ឃើញឪពុកម្តាយដេកសន្លប់ស្តូកស្តឹងក្បែរគ្នាលើឥដ្ឋការ៉ូក្នុងផ្ទះ ទើបកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ភ្លាមៗ។

ករណីដាក់ថ្នាំសណ្តំ ២នាក់ប្តីប្រពន្ធវ័យចំណាស់ លួចយកទ្រព្យសម្បត្តិខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង០៤នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល។

ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បុរសជាប្តី មានឈ្មោះហ៊ឹង ហយ អាយុ៨២ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះសុត មុំ អាយុ៧៣ឆ្នាំ។ ប្តីប្រពន្ធជនរងគ្រោះ ជាទូទៅស្នាក់នៅផ្ទះកើតហេតុ តែ២នាក់ប៉ុណ្ណោះ ដោយយូរៗ ទើបកូនចៅទៅលេងម្តង។

តាមការអះអាងពីបុរសឈ្មោះថិន វិធូន ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវជាកូនប្រសាជនរងគ្រោះខាងលើ បានឱ្យដឹងថា គាត់បានដឹងរឿងនេះ កាលពីវេលាម៉ោង ៧និង០៤នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅពេលដែលគាត់និងប្រពន្ធ បាននាំគ្នាជិះម៉ូតូទៅលេងឪពុកម្តាយ នៅផ្ទះ ដែលស្ថិតនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល។ លុះពេលទៅដល់ផ្ទះគាត់បានឃើញទ្វារកញ្ចក់បើកមួយចំហៀង តែបិទភ្លើង ងងឹតឈឹង ភ្លាមនោះ គាត់ក៏ចូលទៅបើកភ្លើង ស្រាប់តែឃើញឪពុក-ម្តាយក្មេក ដេកសន្លប់ក្បែរគ្នាស្តូកស្តឹង ទើបបង្កការភ្ញាក់ផ្អើលតែម្តង។

ប្រភពដដែល បន្តថា បន្ទាប់ពីឃើញហេតុការណ៍នេះភ្លាម ប្រពន្ធខ្លួន ឈ្មោះមាលាកា អាយុ២៦ឆ្នាំ ដែលត្រូវជាកូនបង្កើតជនរងគ្រោះ បានស្ទុះទៅមើលឃើញឪពុកដេកសន្លប់លើប៉ៅអី រីឯម្តាយ ដេកសន្លប់លើឥដ្ឋការ៉ូ និងឃើញស្នាមរើកកាយអីវ៉ាន់រាយរប៉ាត់រប៉ាយពេញផ្ទះ ផងដែរ។

កូនប្រសាជនរងគ្រោះ បន្ថែមថា ភ្លាមៗនោះ ខ្លួនក៏បានដឹកបញ្ជូនជនរងគ្រោះទាំងពីរនាក់ ជាឪពុកម្តាយក្មេក ទៅកាន់គ្លីនិកឯកជន នៅឯក្រុងបាត់ដំបង ។ បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរតាគី និងកម្លាំងកងរាជអាវុធហត្ថ បានចុះទៅកន្លែងកើតហេតុ រួចនាំកូនៗជនរងគ្រោះ យកទៅសួរនាំផងដែរ។

សមត្ថកិច្ច បានឲ្យដឹងថា តាមសម្តីជនរងគ្រោះក្រោយដឹងខ្លួនពីសន្លប់ បាននិយាយទាំងរវើរវាយថា មុនពេលកើតហេតុ មានមនុស្សស្រី ប្រហែល ៣នាក់ បានជិះឡានទៅឈប់ខាងមុខផ្ទះគាត់ ហើយនាំគ្នាដើរចូលទៅសួរនាំរកទិញត្រីប្រៃ ហើយពេលនោះគាត់បានប្រាប់ទៅក្រុមស្ត្រីសង្ស័យថា មិនមានត្រីប្រៃលក់ទេ តែបន្តិចក្រោយមក ជនសង្ស័យ បានយកក្រូច មកឱ្យគាត់ ២នាក់ប្តី ហូប ស្រាប់តែលែងដឹងខ្លួនតាំងពីពេលនោះមកតែម្តង។

ដោយស្តាប់ចម្លើយរបស់ជនរងគ្រោះ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជំហានដំបូងថា ក្រុមេជនសង្ស័យ បានដាក់ថ្នាំសណ្តំឲ្យជនរងគ្រោះសន្លប់ ហើយពួកគេរើកកាយរកទ្រព្យសម្បត្តិតែម្តង។

ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចបានឱ្យដឹងថា សកម្មភាពដាក់ថ្នាំសណ្តំ ដើម្បីលួចទ្រព្យសម្បត្តិម្ចាស់ផ្ទះនេះ បានកើតមានឡើងច្រើករណីមកហើយ។ ចំណែកជនប្រព្រឹត្ត ភាគច្រើនជាស្ត្រី ដែលតែងធ្វើសកម្មភាពនៅតាមផ្ទះដែលមានមនុស្សចាស់ស្នាក់នៅ ឬនៅតាមតំបន់ដែលស្ងាត់៕

RELATED ARTICLES