ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ វក់នឹងការប្រើប្រាស់ថ្នាំញៀន លុះដាច់លុយជក់ថ្នាំ ក៏បែកគំនិតកោរសក់ ស្លៀកស្បង់ បន្លំធ្វើជាលោកសង្ឃ ដើរបិណ្ឌបាត យកលុយទិញថ្នាំញៀនជក់ ទីបំផុតត្រូវកម្លាំងអាវុធហត្ថ សហការជាមួយខាងមន្ទីរធម្មការនិងសាសនា ឃាត់ខ្លួន បកស្បង់ចីវរ រួចបញ្ជូនទៅចាត់ការតាមច្បាប់។
ករណីចាប់ខ្លួនសង្ឃក្លែងក្លាយ ខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមូលដ្ឋានក្រុងសិរីសោភ័ណ។ ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើបាន នៅវេលាម៉ោង៦ព្រលប់ ថ្ងៃដដែល កម្លាំងសមត្ថកិច្ចក៏បញ្ជូនជនសង្ស័យទៅកាន់មន្ទីរធម្មការនិងសាសនាខេត្ត ក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដើម្បីសាកសួរ។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះយ៉ុក សុខទិ អាយុ១៩ឆ្នាំ រស់នៅភូមិស្រះខ្វៅ ឃុំបាក់ហុយ ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ថា សង្ឃក្លែងក្លាយខាងលើ ត្រូវកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណចុះឃាត់ខ្លួន ហើយចាប់យកបានថ្នាំញៀនពណ៌លឿង ចំនួន២គ្រាប់ ទូរស័ព្ទដៃ១គ្រឿង ប្រាក់ចំនួន៤០ម៉ឺនរៀល និងស្រោមសំបុត្រអញ្ជើញចូលរួមកសាងវត្ត មួយចំនួនទៀតផង។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការក្រុងសិរីសោភ័ណ បានឱ្យដឹងថា ការឃាត់ខ្លួនសង្ឃក្លែងក្លាយខាងលើបាន ដោយសារតែបានទទួលព័ត៌មានពីប្រជាពលរដ្ឋ បង្ហាញប្រាប់ថា មានសង្ឃគួរឱ្យសង្ស័យម្នាក់បានដើរបិណ្ឌបាតនៅចំណុចមូលដ្ឋានខាងលើ ទើបសមត្ថកិច្ចឈានដល់ការចុះអន្តរាគមន៍ សាកសួរ និងឈានដល់ការឃាត់ខ្លួនតែម្តង។

លោកមេបញ្ជាការ បានបញ្ជាក់ថា សង្ឃក្លែងក្លាយខាងលើ ត្រូវបានប្រធានមន្ទីរធម្មការសាសនា ខេត្តបន្ទាយមានជ័យ បញ្ជូនមកផ្សឹកនៅវត្តសមាធិផល បន្ទាប់មក កម្លាំងជំនាញបទល្មើសគ្រឿងញៀន បានបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០៕