Wednesday, July 30, 2025
Homeព័ត៌មានជាតិកម្ពុជា អបអរសាទរ ខួប២៨ឆ្នាំ អង្គរ ចុះបញ្ជីបេតិកភណ្ឌពិភព

កម្ពុជា អបអរសាទរ ខួប២៨ឆ្នាំ អង្គរ ចុះបញ្ជីបេតិកភណ្ឌពិភព

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ កម្ពុជា បានអបអរសាទរយ៉ាងផុលផុសនូវខួប ២៨ឆ្នាំ (១៤ ធ្នូ ១៩៩២-១៤ ធ្នូ ២០២០) នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ថា «អបអរសាទរ ខួបលើកទី២៨ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ!

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ គឺជាខួបលើកទី២៨ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២-១៤ ធ្នូ ២០២០)។ 

នេះគឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូប ឲ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ ជាពិសេសគឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរ ដែលបានពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរ នាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេស ក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។

រដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមំាក្នុងការអភិរក្សបេតិកភណ្ឌមួយដ៏អស្ចារ្យនេះ។ បច្ចុប្បន្ន អង្គរវត្ត បានក្លាយជាគោលដៅទេសចរណ៍លេខ១ នៅលើពិភពលោក ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិ រាប់លាននាក់ មកទស្សនា និងបានស្គាល់ពីសម្បតិ្តវប្បធម៌ប្រទេសកម្ពុជា។ 

កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»។

ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់ខ្លួននៅថ្ងៃទី១៤ ខែធ្នូ​ឆ្នាំ២០២០ ថា «កាលពី ២៨ឆ្នាំមុន នៅទីក្រុង Santa Fe សហរដ្ឋអាមេរិក តំបន់ប្រាសាទអង្គរ ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ 

អបអរសាទរខួប ២៨ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក (១៤ ធ្នូ ១៩៩២-១៤ ធ្នូ ២០២០)»។

ចំណែកអង្គការសហប្រជាជាតិ​ប្រចាំនៅកម្ពុជា (United Nations in Cambodia) បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន​ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដែរថា «តើអ្នកដឹងទេថា ប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា គឺជាសំណង់ឧទ្ទិសសាសនាធំជាងគេលើលោក? ថ្ងៃនេះ គឺខួបលើកទី២៨ នៃការដាក់បញ្ចូលតំបន់អង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ! (១៤ ធ្នូ ១៩៩២-១៤ ធ្នូ ២០២០)»។

សូមបញ្ជាក់ថា តំបន់ឧទ្យានអង្គរ មិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្ត តែមួយនោះទេ តែសំដៅរមណីយដ្ឋានអង្គរ ទាំងមូល ក្នុងនោះរួមបញ្ចូលទាំងប្រាសាទ រួមមានប្រាសាទអង្គរវត្ត (អង្គរតូច) បា្រសាទបាយ័ន (អង្គរធំ) បុរាណដ្ឋាន ស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ ដែលមានផ្ទៃក្រឡាសរុប ៤០១គីឡូម៉ែត្រក្រឡា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ក្នុងកិច្ចប្រជុំនៅទីក្រុង Santa Fe សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ដែលមកដល់សព្វថ្ងៃ មានរយះពេល ២៨ឆ្នាំហើយ។

សារព័ត៌មាន «នគរធំ» សូមចូលរួមអបអរសាទរជាមួយជនរួមជាតិទាំងមូល ក្នុងឱកាសខួបលើកទី២៨ នៃការដាក់បញ្ចូលតំបន់អង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២-១៤ ធ្នូ ២០២០) និងសូមកូនខ្មែរគ្រប់រូប ចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិយើង ឲ្យគង់វង្សជានិរន្តរ៍៕

RELATED ARTICLES