ស្រីស្អាតផាន វីរ៉ាទី ហៅរ៉ាប៊ី បានផ្អឹបមុខជំនួញដែលប្រើទុនខ្ទង់៤ទៅម៉ឺនដុល្លារ ក្នុងដំណាក់កាលដំបូង លើការរកស៊ីផ្នែកគ្រឿងសម្អាង បើកហាងនៅម្ដុំពោធិ៍ចិនតុង នោះ ដោយសារតែពេលនេះកូវីដ-១៩ មិនទាន់ស្ងាត់ ទើបផែនការចង់យកផលិតផលពីក្រៅស្រុក មកលក់នៅភ្នំពេញ នេះ មិនទាន់អាចដំណើរការបានឡើយ។

យ៉ាងណា មិនមែនរ៉ាប៊ី គាំងតែមុខជំនួញនោះទេ តែបទចម្រៀងថ្មីរបស់នាងក៏គាំងដូចគ្នាដែរ ដោយនាងវាចាថា បានធ្វើ និងមានក្នុងដៃទៅហើយ តែមិនហ៊ានបញ្ចេញឡើយ ព្រោះខ្លាចខុសកាលៈទេសៈ។ នាងថា ដំណាក់កាលនេះ ទោះជាមានបទល្អយ៉ាងណា ក៏ត្រូវតែទុកមួយអន្លើសិនដែរ មិនអាចបញ្ចេញបានទេ ដែលការតាំងចិត្តបែបនេះ គឺផ្ទុយពីកញ្ញាតន់ ច័ន្ទសីម៉ា របស់ Galaxy ព្រោះបទចម្រៀងរបស់នាងចេញស្ទើរតែរៀងរាល់ថ្ងៃតែម្ដង។

ចំណែករ៉ាប៊ី ប្រាប់ដែរថា ទោះជាពេលនេះមិនបានចេញច្រៀងសម្ដែងនៅតាមបណ្ដាឆាកតន្រ្ដីធំៗ ដូចឆ្នាំមុនៗមែន ប៉ុន្ដែនាងអត់មានវិបត្តិសេដ្ឋកិច្ចឡើយ ដោយសារតែនាងមិនមានទម្លាប់ខ្ចី, ជំពាក់ធនាគារ ឬត្រូវបង់រំលស់ដី ផ្ទះ និងឡាន នោះទេ តែអ្វីៗដែលនាងមានសព្វថ្ងៃនេះ គឺនាងបានទិញផ្ដាច់នូវទឹកលុយសុទ្ធតែម្ដង។

អតីតពិធីការិនីហង្សមាស រូបនេះ ក៏បានឲ្យដឹងដែរថា តាំងពីផ្ទុះកូវីដ-១៩មក ពេលនេះនាងមានចំណូលតក់ៗពីការងារសិល្បៈជាប្រចាំដែរ ដូចជា ការចេញច្រៀងតាមឆាកទូរទស្សន៍ និងបានធ្វើទូតសុច្ឆន្ទៈឲ្យបណ្ដាផលិតផលមួយចំនួនផងដែរ។

រ៉ាប៊ី ដែលប្ដេជ្ញាថា មិនដើរចេញពីថោន ព្រោះនាងគិតថា ទៅដល់ផលិតកម្មណា ក៏នាងនៅតែធ្វើបទចម្រៀងដោយខ្លួនឯងនោះ មានព័ត៌មានថា ផលិតកម្ម Galaxy ក៏ចង់បាននាងទៅធ្វើជាសមាជិករបស់ខ្លួនដែរ។

ប៉ុន្ដែរ៉ាប៊ី ថា នាងមិនធ្លាប់ត្រូវបានថៅកែ ឬថ្នាក់ដឹកនាំផលិតកម្មនេះ ទាក់ទងនាងដោយផ្ទាល់នោះទេ បើទោះជានាងធ្លាប់ចេញទៅច្រៀងនៅឆាកតន្ត្រីឲ្យ Galaxy នៅកូរ៉េ ក្ដី។ នាងថា មិនចង់ប្ដូរផលិតកម្មឡើយ ព្រោះទៅដល់ណា ក៏មានការកាច់កុងគ្នាដែរ អីចឹងនាងសុខចិត្តនៅថោន បន្ដទៀត និងមានជំនឿរថាផលិតកម្មមួយនេះមិនបិទទ្វារឡើយ បើទោះជាមុននេះ មាស សុខសោភា និងខេម ចេញក្ដី។

ចំណែករឿងស្នេហា រ៉ាប៊ី ថា នាងរងាបេះដូងណាស់ ព្រោះតាំងពីបែកសង្សារប្រុសក្មេងមក ពេលនេះរកតែមួយគ្រាប់ធ្វើថ្នាំមិនបានផង៕

