ខេត្តកោះកុង ៖ កុមារាខ្មែរម្នាក់ត្រូវបានរលកទឹកសមុទ្រ បោកយកទៅកណ្តាលសមុទ្រ ក្រោយកុមារារងគ្រោះកំពុងតែរត់លេងនៅឆ្នេរសមុទ្រ ក្នុងស្រុកខ្លងយ៉ៃ ខេត្តត្រាត យ៉ាងណា ក្រោយកើតហេតុភ្លាមៗ ក្រុមទាហានជើងទឹកថៃ លេខ១៨២ បានបើកប្រតិបត្តិការជួយសង្គ្រោះជីវិតកុមារាកម្ពុជារូបនេះបានទាន់ពេលវេលា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។

ពាក់ព័ន្ធនឹងករណីនេះដែរ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានថ្លែងអំណរគុណដល់អាជ្ញាធរ និងសមត្ថកិច្ចថៃ ដែលបានការពារសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជា ដែលបានទៅធ្វើសំណាកស្រុកនៅស្រុកខ្លងយ៉ៃ ខេត្តត្រាត ដើម្បីប្រកបអាជីកម្មដែលស្នាក់នៅស្រុកខ្លងយ៉ៃ មិនអាចវិលត្រឡប់មកប្រទេសវិញដោយ ដើម្បីការពារការរីករាលដាលនៃជំងឺឆ្លងកូវវីដ-១៩។

លោកឧត្តមសេនីយ៍ឯក គង់ មនោ បានគូសបញ្ជាក់ថា ប្រជាពលករកម្ពុជា ដែលបានចូលទៅស្នាក់នៅប្រទេសថៃ ស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រហែល២០០នាក់ ដែលបានរស់នៅទីនោះដែលអាជ្ញាធរថៃ មិនអនុញ្ញាតឱ្យធ្វើដំណើរឆ្លងដែនវិលចូលប្រទេសវិញ ដើម្បីការពារនូវការ រីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩។
ទន្ទឹមនេះ លោកឧត្តមសេនីយ៍ឯក បានថ្លែងអំណរគុណដល់កម្លាំងទាហានជើងទឹកថៃ ដែលបានជួយស្រោចស្រង់អាយុជីវិតកុមារា ម្នាក់ដែលលក់ទឹកស្ទើរនឹកស្មានមិនដល់ថាកុមារាម្នាក់នោះមានជីវិតវិញឡើយ ក្រោយពីកុមារានោះទៅលេងទឹកសមុទ្រនៅតាមឆ្នេរសមុទ្រ តែម្នាក់ឯង ហើយត្រូវទឹករលកសមុទ្របោកនាំយកទៅកណ្តាលសមុទ្រ។

លោកឧត្តមសេនីយ៍ គង់ មនោ បានបន្ថែមថា ក្រោយពីឃើញករណីក្មេងលង់ទឹកកម្លាំងទាហានជើងទឹកលេខ១៨២ ថៃបានហែលទៅជួយសង្គ្រោះភ្លាមៗ ដោយមិនគិតពីសុវត្ថិភាពខ្លួនឯងឡើយ។ ចំពោះកុមាររងគ្រោះអីឡូវបានរួចផុតពីគ្រោះថ្នាក់ហើយសុខភាពធម្មតាវិញហើយ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា សមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចថៃ នៅតែបន្តសាមគ្គីទំនាក់ទំនងគ្នាជាប់ជានិច្ច ទោះបីសមត្ថកិច្ចទាំងទ្វេរភាគីមិនអាចទំនាក់ទំនងគ្នាដោយផ្ទាល់ ក៏ដោយតែភាគីទាំងសងខាងនៅធ្វើការទំនាក់ទំនងគ្នាតាមប្រព័ន្ធអេឡិចត្រូនិច ជាប់ជានិច្ច ដើម្បីធ្វើការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ហើយសមត្ថកិច្ចទាំងទ្វេភាគី ត្រូវការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងសងខាង ដែលមិនអនុញ្ញាតឱ្យធ្វើការ ឆ្លងដែន ដើម្បីការពារការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩៕