ខេត្តស្វាយរៀង ៖ ក្មេងស្ទាវមួយក្រុមបានធ្វើសកម្មភាពបង្ហោះម៉ូតូនៅតាមផ្លូវជាតិលេខ១ បំណងបង្អួតបង្ហាញស្រីៗថាខ្លួនខ្លាំងពូកែ ប៉ុន្តែបែរជាត្រូវប្រជាពលរដ្ឋប្រតិកម្មស្នើសុំអន្តរាគមន៍ដល់សមត្ថកិច្ចចុះស៊ើបអង្កេតស្រាវជ្រាវរកមុខសញ្ញាបានម្នាក់ នាំយកមកអប់រំណែនាំ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តស្វាយរៀង បានឱ្យដឹងថា ក្មេងទំនើងដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះសោម ដារ៉ូ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស មានលំនៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។
របាយការណ៍ដដែល បានបន្តថា ឈ្មោះសោម ដារ៉ូ បានឱ្យម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំ២០១៩ ដែលមានស្លាកលេខស្វាយរៀង 1N-3973 ឱ្យមិត្តភក្តិខ្ចី ដោយមិត្តភក្តិរបស់គេប្រាប់ថា ខ្ចីទៅទិញស្រា តែការពិតពួកគេយកទៅជិះបង្ហោះនៅតាមដងផ្លូវសោះ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ស្វែងរកមុខសញ្ញាក្មេងទំនើង ដែលបានបង្ហោះម៉ូតូលើផ្លូវជាតិលេខ១នោះបន្តទៀត ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់។

សូមជម្រាបថា ក្រុមក្មេងទំនើងជាច្រើននាក់បាននាំគ្នាបង្ហោះម៉ូតូតាមផ្លូវជាតិលេខ១ សង្កាត់ចេក ក្រុងស្វាយរៀង ដែលបង្កឱ្យមានការភ្ញាក់ផ្អើលនិងរិះគន់យ៉ាងខ្លាំង ចំពោះក្មេងទំនើងទាំងនោះ ដែលខ្លាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរ និងស្នើឱ្យសមត្ថកិច្ចចាប់ក្មេងទំនើងទាំងនោះ មកអប់រំនិងធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថា មានក្មេងទំនើងបង្ហោះម៉ូតូលើផ្លូវជាតិលេខ១ ខាងមុខវិទ្យាល័យចេក ស្ថិតក្នុងសង្កាត់ចេក ក្រុងស្វាយរៀង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ដែលមិនខ្លាចរអាសមត្ថកិច្ចបន្តិចសោះ ប្រសេចប្រសាចតាមផ្លូវដូចត្រីចង្វា ត្រូវភ្លៀង។

ពាក់ព័ន្ធទៅនឹងករណី ក្មេងទំនើងបង្ហោះម៉ូតូនេះដែរ ពលរដ្ឋបានស្នើដល់សមត្ថកិច្ចក្រុងស្វាយរៀង ស្រាវជ្រាវចាប់ក្រុមក្មេងទំនើងទាំងនេះមកអប់រំណែនាំ និងហៅអាណាព្យាបាលធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការបង្ហោះម៉ូតូតាមផ្លូវតទៅទៀត ព្រោះមិនមែនតែបង្កគ្រោះថ្នាក់តែខ្លួនឯងទេ អាចបង្កគ្រោះដល់អ្នកដទៃផងដែរ៕