ខេត្តព្រះសីហនុ៖ លោកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុនម៉ុង ឬទ្ធី គ្រុប និងជាប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភាព្រះរាជាណាចក្រកម្ពុជា បានដាក់ងារឲ្យភរិយារបស់លោកថាជា «ជំទាវប្រហុក» បន្ទាប់ពីភរិយារបស់លោក ប្រកាសចាប់ផ្តើមធ្វើប្រហុកត្រីធំ ឲ្យបាន១៥០តោន នៅឆ្នាំនេះ ដោយត្រៀមថវិកា៥០ម៉ឺនដុល្លារ ។

បើទោះបីជាសល់ទ្រព្យសម្បត្តិរាប់លានដុល្លារក៏ដោយ ប៉ុន្តែជីវិតស្វាមីភរិយារបស់ឧកញ៉ាបណ្ឌិតម៉ុង ឫទ្ធី និងភរិយា គឺមានភាពសាមញ្ញបំផុត។ ជាក់ស្ដែងលោកទាំង២ បានចំណាយពេលវេលាយ៉ាងច្រើនរបស់ខ្លួននៅឯចម្ការ ដែលមានទីតាំងនៅតំបន់ឆ្នេរសមុទ្រកែវផុស ខេត្តព្រះសីហនុ ។ ទន្ទឹមនឹងនោះដែរ សម្រាប់ឧត្តមភរិយារបស់លោកឧកញ៉ាវិញ បើទោះបីជាមានទ្រព្យសម្បត្តិច្រើន ចាយមិនអស់យ៉ាងណាក៏ដោយ ប៉ុន្តែលោកស្រីនៅតែរស់នៅយ៉ាងសាមញ្ញ ហើយនៅតែធ្វើកិច្ចការងារកំប៉ិកកំប៉ុក ដូចជា ការធ្វើប្រហុកដែលមានក្លិនមិនសូវល្អនេះទៅវិញ ទាំងដែលការពិត លោកស្រីអាចទិញប្រហុកគេក៏បាន ឬអាចប្រើនរណាម្នាក់មកធ្វើកិច្ចការងារដ៏ហត់នឿយនេះជំនួសបានដែរនោះ ។

ក្រោយឃើញភរិយាមិនប្រកាន់ខ្លួនបែបនេះ ឧកញ៉ាបណ្ឌិតម៉ុង ឫទ្ធី ក៏បានហៅភរិយាខ្លួនថា “លោកជំទាវប្រហុក” ពេញៗមាត់ មុនទៅធ្វើប្រហុក១៥០តោន នៅកែវផុស ។ នេះបើយោងតាមការចែករំលែកឱ្យដឹងពីគណនីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ។
លោកម៉ុង ឬទ្ធី បានសរសេរថា “ព្រឹកថ្ងៃព្រហស្បតិ៍ទី០៣ ខែធ្នូ ឆ្នាំ២០២០ ដូចការគ្រោងទុកជាយូយារណាស់មកហើយ លោកជំទាវប្រហុកបានក្រោកឡើង រៀបចំខ្លួនស្អាតបាតតាំងពីម៉ោងបួនទៀបភ្លឺ ដើម្បីចេញដំណើរទៅធ្វើប្រហុក ចំនួន150ton នៅតំបន់ឆ្នេរសមុទ្រកែវផុស បែកគ្នារយៈពេល១៥ថ្ងៃ មុននឹងចេញដំណើរ សុំថតរូបទុកជាអនុស្សាវរីយ៍ជាមួយប្តីបន្តិចសិន”។

លោក ម៉ុង ឫទ្ធី បានសរសេរបន្ថែមថា “ចាប់ពីថ្ងៃទី៤ ខែធ្នូ រហូតមកដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ រយៈពេលមួយសប្ដាហ៍ ធ្វើប្រហុកនៅក្នុងឃុំកែវផុស បានចំនួន១០៣តោនហេីយ បើតាមការប៉ាន់ស្មាន ប្រហែលស្អែកមួយព្រឹកទៀតអស់ត្រីហើយ ។
កម្លាំងពលកម្មជាមធ្យម១៥០នាក់ រយៈពេលមួយសប្ដាហ៍ ភរិយាខ្ញុំបានចម្អិនម្ហូបដោយផ្ទាល់ដៃមានឱជារសឈ្ងុយឆ្ងាញ់ ហូបបាយអស់ច្រើនខ្លាំងណាស់ គិតជាអង្ករអស់២.៥០០គីឡូក្រាម ការហ្វេអស់ចំនួន៦០គីឡូក្រាម ស្ករសចំនួន១០០គីឡូក្រាម “ ។

លោកម៉ុង ឫទ្ធី បញ្ជាក់ថា “ចាប់ពីថ្ងៃសុក្រ ទី៤ រហូតមកដល់ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០នេះ លោកជំទាវប្រហុកបានដឹកនាំកម្លាំងពលកម្ម មានខ្មែរឥស្លាមរួមជាមួយអ្នកភូមិកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុផង សរុបចំនួន១៥៣នាក់ រហូតមកដល់ថ្ងៃនេះ ពួកគាត់ធ្វើប្រហុកបានចំនួន៩១តោន៥២១គីឡូក្រាមហើយ ប្រហែលជាបីថ្ងៃទៀត នឹងត្រូវបិតបញ្ចប់ កម្មវិធីធ្វើប្រហុកសម្រាប់ឆ្នាំ២០២០នេះហើយ “ ។
លោកម៉ុង ឫទ្ធី បានសរសេរបន្ថែមថា “ ធ្វើត្រីប្រហុកថ្ងៃទី២ ត្រូវនឹងថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០ នេះបានចំនួន១២តោន៤០០គីឡូក្រាម រយៈពេល២ថ្ងៃ ធ្វើបានចំនួនលើសពី២៤តោនហើយ ក្នុងគំរោង១៥០តោន អាចលើសឬខ្វះ អាស្រ័យលើការចាប់ត្រីបាន ថ្ងៃនេះត្រាំទឹកសាប ស្អែកម៉ោង១០ព្រឹក យកសាច់ត្រីដែលស្រង់ផ្អាប់មួយយប់មុនមកប្រឡាក់អំបិល ព្រមទាំងត្រៀមពាងអុង ចំនួន១៥០ពាង សម្រាប់ញាត់ចូល ដើម្បីរក្សាទុករយៈពេល០១ឆ្នាំ ទើបអាចយកមកបរិភោគបាន សូមបញ្ជាក់ថាលោកជំទាវបានត្រៀមថវិកា ចំនួន៥០ម៉ឺនដុល្លារអាមេរិក សម្រាប់ចំណាយធ្វើត្រីប្រហុកឆ្នំា២០២០នេះ “ ។

លោកម៉ុង ឫទ្ធី បានសរសេរបន្ថែម នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ថា “ សកម្មភាពធ្វើត្រីប្រហុកសម្រាប់ឆ្នាំ២០២០នេះ ត្រូវបានបញ្ចប់ការងារធ្វើត្រីភ្លាស់យកសាច់ហើយ ព្រឹកថ្ងៃអាទិត្យនេះ ខ្មែរឥស្លាមទាំង៤០នាក់ បាននាំគ្នាជម្រាបលាលោកជំទាវទាំងក្តីអាឡោះអាល័យបំផុត រយៈពេល៨ថ្ងៃនេះ ពួកគាត់រកប្រាក់ចំណូលបានជាមធ្យម ២,៥០០,០០០៛ ក្នុងម្នាក់ៗ ៤០នាក់ ស្មើនិង១០០លានរៀល ចឹងហើយបានជាពួកគាត់មិនចង់បែកពីលោកជំទាវប្រហុកទេ ពេលនេះនៅសល់តែកម្មករខ្មែរយើងនាំគ្នា ស្រង់សាច់ត្រីប្រឡាក់អំបិលញាត់ចូលពាងអុង ប្រហែលមួយសបា្តហ៍ទៀតនឹងអាចបញ្ចប់ការងារជាស្ថាពរហើយ ។

ទោះបីយ៉ាងណា លោកម៉ុង ឫទ្ធី មិនអាចសុំការបន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះបានទេ កាលពីម្សិលមិញ ដោយទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន ។