សុខ សោម៉ាវត្តី ក្រោយបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាង៣ឆ្នាំ ជាមួយកីឡាករបាល់ទាត់ លោកលី វ៉ាហេទ នោះ បានបិទច្រកស្នេហ៍មន្រ្ដីធំៗទាំងឡាយ ដែលចង់ចូលខ្លួនមកស្អំរបួសបេះដូងនាង ព្រោះតែអ្នកមេម៉ាយកូន១នេះ មិនចាប់អារម្មណ៍តំណែងជំទាវនោះទេ។ ប៉ុន្ដែសោម៉ាវត្តី នៅតែមិនព្រមដឹកដៃម្ចាស់ស្នេហ៍ចូលរោងការឡើយ ខណៈដែលវ៉ាហេទ ចាំតែសម្របខ្លួនតាមនាងប៉ុណ្ណោះ។

ការពន្យារពេលចូលរោងការរបស់សោម៉ាវត្តី នេះ ធ្វើឲ្យមានការលើកឡើងថា នាងអាចមិនទាន់ច្បាស់លាស់ជាមួយប្រុសក្មេងវ៉ាហេទ ព្រោះតែមានជម្រើសស្នេហ៍ច្រើន។

ប៉ុន្តែវត្ដី ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងបានរៀបការម្ដងរួចទៅហើយ ហេតុនេះហើយគ្មានគម្រោងចង់រៀបការជាលើកទី២នោះទេ។ នាងថា បើធ្លាប់ការហើយ មានចង់រៀបការអីម្ដងទៀត។

សុខ សោម៉ាវត្តី បានផាត់ចោលសំណើស្នេហ៍ពីសំណាក់មន្រ្ដីធំ ផ្កាយ២ម្នាក់ ក្រោយពីលោកធំនោះចែកផ្លូវគ្នាជាមួយតារាចម្រៀងផលិតកម្មរស្មីហង្សមាស ម្នាក់។ វត្តី ចាត់ទុកថា រឿងមានអ្នកធំ កូនអ្នកធំ តាមស្រលាញ់នោះ មិនមែនធ្វើឲ្យនាងរំភើបទៀតទេ ព្រោះបើនាងចង់ធ្វើ ”ជំទាវ”ម្ល៉េះសមនាងចាំបាច់លែងលះគ្នាជាមួយអតីតប្ដីនាងធ្វើអី ព្រោះពេលនេះឪពុករបស់កូនស្រីនាងនោះ ក៏មានតួនាទីធំដែរ។

សុខ សោម៉ាវត្តី បានរៀបការកាលពីខែវិច្ឆិកា ឆ្នាំ២០១២ ជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ ដែលបច្ចុប្បន្នជាស្នងការរងខេត្តរតនគិរី។ ចំណងស្នេហាមានអាយុត្រឹមតែ២ឆ្នាំ ក៏ចែកផ្លូវគ្នាកាលពីឆ្នាំ២០១៤នោះ ពួកគេទទួលបានកូនស្រីម្នាក់ ឈ្មោះចាស្មីន អាយុជាង៧ឆ្នាំ ហើយពេលនេះមូលហេតុដែលវត្តី មិនចង់ភ្ជាប់ស្នេហ៍មន្រ្ដីធំៗ និងប្រុសអ្នកមានទ្រព្យស្ដុកតាមស្នេហានោះ ដោយសារតែប្រុសក្មេងវ៉ាហេទ ស្រលាញ់កូនស្រីនាង ដូចជាកូនបង្កើតរបស់ខ្លួនដែរ។

យ៉ាងណា ទស្សនិកជនរង់ចាំមើលថា វត្តី ពិតជាសុខចិត្តសាងស្នេហ៍ដោយឥតខាន់ស្លាជាមួយវ៉ាហេទ រហូត ឬមួយនាងអាចប្ដូរចិត្តព្រមរៀបការជាលើកទី២ តាមសំណើក្រុមគ្រួសារទាំងសងខាង?៕

