Tuesday, July 29, 2025
Homeព័ត៌មានជាតិ"អាមុីមុី" អូនទៅ២ខែហើយ មិនទាន់វិលមកផ្ទះវិញទេ បងនិងកូននឹកណាស់

“អាមុីមុី” អូនទៅ២ខែហើយ មិនទាន់វិលមកផ្ទះវិញទេ បងនិងកូននឹកណាស់

ភ្នំពេញ ៖ ស្ត្រីម្នាក់គ្រាន់តែកើតមានទំនាស់ពាក្យសម្តីជាមួយនឹងប្តីបន្តិចបន្តួច ស្រាប់តែដាច់ចិត្តវេចបង្វេចចុះចោលផ្ទះចោលប្តីនិងកូនស្រី ២នាក់ ដោយគ្មានអាឡោះអាល័យ ធ្វើឱ្យបុរសជាប្តី ព្យាយាមដឹកដៃកូនស្រីដើរតាមរកប្រពន្ធ ជាច្រើនខេត្ត-ក្រុង អស់រយៈពេល២ខែមកហើយ នៅតែមិនមានដំណឹងបន្តិចណាសោះ ធ្វើឱ្យអស់សង្ឃឹម បានត្រឹមអង្វរប្រពន្ធ វិលវិញមកអូន បងនិងកូន កំពុងទន្ទឹងរង់ចាំផ្លូវ។

ករណីបុរសជាប្តី ដឹកដៃកូនស្រី ២នាក់ ដើរតាមរកប្រពន្ធ អស់រយៈពេល ២ខែ ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចស្ថានីយប្រេងឥន្ធនៈ មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ស្ត្រីជាប្រពន្ធដែលចុះចោលផ្ទះ ចោលប្តីនិងកូនស្រីនោះ មានឈ្មោះតាំង ម៉ីម៉ី ហៅអាហុង មានស្រុកកំណើតនៅខេត្តស្វាយរៀង។

តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ថា គាត់និងប្រពន្ធ បានរួមរស់នឹងគ្នា អស់ជាច្រើនឆ្នាំមកហើយ ដោយបង្កើតបានកូនចំនួន ៣នាក់ ជាចំណងនិស្ស័យ។ កន្លងមក ប្តីប្រពន្ធពួកគាត់ រស់នៅចុះសម្រុងនឹងគ្នាល្អណាស់ ប៉ុន្តែទើបតែមួយរយៈចុងក្រោយនេះ ប្រពន្ធចេះតែរករឿងឈ្លោះប្រកែក កើតមានភាពរកាំរកូសនឹងគ្នាជាបន្តបន្ទាប់។ លុះក្រោយមក នៅអំឡុងពេលប្រមាណ ២ខែមុននេះ ក្រោយពេលដែលគាត់និងប្រពន្ធ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាបន្តិចបន្តួច ស្រាប់តែប្រពន្ធ បាននាំកូនតូចម្នាក់ ចុះចោលផ្ទះបាត់ ដោយបន្សល់ទុកកូនស្រី ២នាក់ ឱ្យគាត់នៅមើលថែ។

បុរសជាប្តី បន្តថា ក្រោយពេលដែលប្រពន្ធបាត់ចេញពីផ្ទះ គាត់បានដឹកដៃកូនស្រី តាមស្វែងរកប្រពន្ធ សព្វទីកន្លែង អស់រយៈពេល ២ខែ មកហើយ និងស្កាត់ចេញតាំងពីខេត្តស្វាយរៀង រហូតមកដល់ភ្នំពេញ ក៏នៅតែតាមរកប្រពន្ធមិនឃើញសោះ។ ដោយសារតែគាត់មានជីវភាពទីទ័លក្រផង ណាមួយរវល់តែនាំកូនដើរតាមរកប្រពន្ធផង ទើបគ្មានពេលវេលាអាចរកប្រាក់ចំណូលបានឡើយ ខ្ចីប្រាក់គេបានតិចតួច ចេញតាមរកប្រពន្ធ តែពេលនេះ លុយក៏អស់ សូម្បីតែទូរស័ព្ទ ក៏បញ្ចាំយកលុយមកទិញបាយឱ្យកូនហូបអស់ដែរ មិនដឹងជាត្រូវរំពឹងលើអ្វីទៀតនោះទេ ទើបសម្រេចនាំកូនស្រី ដើរដេកតាមទីសាធារណៈ លុះមកដល់យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ គាត់ក៏នាំកូនមកដេកនៅក្នុងស្ថានីយប្រេង ខាងលើ និងធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមអ្នកសារព័ត៌មាន ចូលមកសួរនាំតែម្តង។

ជាចុងក្រោយ បុរសជាប្តី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញ ឬស្គាល់ស្ត្រីដែលមានភិនភាគដូចក្នុងរូបថតខាងលើ សូមមេត្តាជួយប្រាប់នាងឱ្យបានដឹងផង ថា ប្តីនិងកូន កំពុងតាមស្វែងរក។

ជាមួយនេះ បុរសជាប្តី ក៏បានអង្វរផ្តាំតាម «នគរធំ» ដល់ស្ត្រីជាប្រពន្ធថា «សូមអូនវិលត្រឡប់មកផ្ទះវិញ រួមរស់ជុំគ្នាដូចគ្រាមុន ដើម្បីផ្តល់ភាពកក់ក្តៅឱ្យកូនៗ បងនិងកូនកំពុងទន្ទឹងចាំផ្លូវអូន រាល់ថ្ងៃយប់»៕

RELATED ARTICLES