Tuesday, July 29, 2025
Homeព័ត៌មានជាតិអ្នកជិតខាងឃើញ ហើយបានរត់មកប្រាប់ក្រុមគ្រួសារតែប៉ុណ្ណោះ

អ្នកជិតខាងឃើញ ហើយបានរត់មកប្រាប់ក្រុមគ្រួសារតែប៉ុណ្ណោះ

ខេត្តមណ្ឌលគិរី ៖ ក្មេងប្រុសម្នាក់បានស្ពាយឧបករណ៍ឆក់ត្រី ចេញពីផ្ទះសំដៅទៅដើរឆក់ត្រីនៅតាមវាលស្រែ ស្រាប់តែអកុសល ដើររអិលជើងធ្លាក់ចូលទឹកទាំងដងឆក់ បណ្តាលឱ្យឆក់ខ្លួនឯងស្លាប់ យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ឆក់ត្រីខុសបច្ចេកទេស បណ្តាលឱ្យឆក់ខ្លួនឯងស្លាប់ ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង១៣នាទីល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចអូរច្បារ ស្ថិតក្នុងភូមិស្រែធំ ឃុំសុខសាន្ត ស្រុកកោះញែក។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះព្លែន សារ៉េត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិព្នង មានលំនៅក្នុងក្រុមស្រែថាស ស្ថិតក្នុងភូមិស្រែធំ ឃុំសុខសាន្ត ស្រុកកោះញែក។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ យុវជនរងគ្រោះ បានដើរចេញទៅឆក់ត្រី លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរអិលជើងដួលចូលក្នុងទឹក ខណៈដែលដៃកាន់ឧបករណ៍ឆក់ បណ្តាលឱ្យឆក់ខ្លួនឯងស្លាប់តែម្តង។

ប្រភពដដែល បន្តទៀតថា ពេលដែលជនរងគ្រោះទៅឆក់ត្រីនោះ មានគ្នាចំនួន ២នាក់ ម្នាក់ទៀតឈ្មោះអាន ក្លើប ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិព្នង ជាអ្នកនៅផ្ទះជិតគ្នា ហើយពេលកើតហេតុ គេប្រុងចូលទៅជួយដែរ តែពេលទៅជិតក៏ឆក់ដែរ ទើបថយក្រោយវិញ មិនហ៊ានចូលទៅជួយ ហើយបានរត់មកផ្ទះ ប្រាប់ឪពុកម្តាយបងប្អូនអ្នកនៅក្នុងភូមិ ឱ្យទៅជួយ ប៉ុន្តែជាអកុសល ពេលបងប្អូនទៅដល់ ឃើញជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យសពរួច បញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាត្រូវឧបករណ៍ឆក់ត្រី ឆក់បណ្តាលឱ្យស្លាប់ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES