ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពដើរលួចឆ្លងខេត្ត លុះក្រោយពីលួចបានកាបូបលុយមួយ ឃើញមានទាំងលុយ ខ្សែក ខ្សែជើង នៅក្នុងនោះ គិតថាគ្រប់ទឹក ក៏ប្រញាប់យកមកឱ្យប្រពន្ធរបស់ខ្លួនយកទៅលក់ ទើបដឹងថា សុទ្ធតែជារបស់កាឡៃ លុះមិនបានប៉ុន្មាន ក៏ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានទៀត។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យម្នាក់ដែលធ្លាប់ធ្វើសកម្មភាពលួចយ៉ាងសកម្មក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ និងខេត្តបាត់ដំបង ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាប់ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធី។

ជនសង្ស័យដែលត្រូវបានចាប់ឃាត់ខ្លួននោះ មានឈ្មោះជា វណ្ណា ភេទប្រុស អាយុ៤៥ឆ្នាំ មានលំនៅក្នុងភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យខាងលើ គឺជាមុខសញ្ញាចោរលួចយ៉ាងសកម្ម និងទើបបានប្រព្រឹត្តសកម្មភាពចុងក្រោយ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិអូរអំបិល ភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ បានជិះម៉ូតូរត់គេចខ្លួនទៅខេត្តបាត់ដំបង។
លុះដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ជននេះបានត្រឡប់ពីខេត្តបាត់ដំបង មកក្រុងសិរីសោភ័ណ បំណងធ្វើសកម្មភាពម្តងទៀត ក៏ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចាប់ឃាត់ខ្លួនបាន នៅចំណុចវេទិកាខេត្ត តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលការងារនគរបាលព្រហ្មទណ្ឌ ដើម្បីនាំខ្លួនមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះជា វណ្ណា បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកកាបូបលុយ នៅភូមិអូរអំបិលនោះប្រាកដមែន ដោយក្នុងកាបូបនោះ មានលុយ ៧៥០០រៀល ខ្សែក ចំនួន ២ខ្សែ ខ្សែជើង ១គូ កូនសោ ១ចង្កោម កាតអេធីអ៊ឹម១ សៀវភៅធនាគារ១ ក្រវិលកំប៉ុងរង្វាន់ ជាង២០ និងលុយដុល្លារក្លែងក្លាយ ១ដុំ។
ជនសង្ស័យបានសារភាពបន្តថា ក្រោយពីលួចបានហើយ ខ្លួនក៏បានជិះម៉ូតូទៅដល់ខេត្តបាត់ដំបងវិញ រួចក៏ឱ្យប្រពន្ធខ្លួន យកខ្សែក និងខ្សែជើង ទៅលក់ ទើបដឹងថា សុទ្ធតែជាគ្រឿងកាឡៃទាំងអស់។ លុះមកដល់ថ្ងៃទី១៣ ខែធ្នូ ខ្លួនបានជិះម៉ូតូ បំណងមកធ្វើសកម្មភាពនៅក្រុងសិរីសោភ័ណ ម្តងទៀត ក៏ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់តែម្តង។

ផ្អែកលើបណ្តឹងជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានរៀបចំសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យឈ្មោះជា វណ្ណា ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕