Sunday, July 27, 2025
Homeព័ត៌មានជាតិមិនដឹងមនុស្សមកពីណាខ្លះ មកជុំគ្នាគ្រឹកគ្រេងណាស់ មិនខ្លាចកូវីដ

មិនដឹងមនុស្សមកពីណាខ្លះ មកជុំគ្នាគ្រឹកគ្រេងណាស់ មិនខ្លាចកូវីដ

ខេត្តបាត់ដំបង ៖ ទីតាំងសង្វៀនជល់មាន់មួយកន្លែង កំពុងដំណើរការបើកឱ្យមនុស្សរាប់រយនាក់ ជួបជុំលេងភ្នាល់ដាក់ប្រាក់យ៉ាងគគ្រឹកគគ្រេង ផ្គើនទៅនឹងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល នៅក្នុងដំណាក់កាលដែលប្រទេសជាតិ កំពុងជួបវិបត្តិនៃជំងឺឆ្លងកូវីដ-១៩។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឱ្យដឹងថា ស្ទើររៀងរាល់ថ្ងៃ ពិសេសនៅថ្ងៃអង្គារ និងថ្ងៃសុក្រ ដែលពួកគាត់តែងសង្កេតឃើញមានមនុស្សមកពីគ្រប់ទិសទី ជួបជុំប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់ជល់មាន់យ៉ាងគគ្រឹកគគ្រេង នៅចំណុចភូមិអូរក្រសាំង ឃុំតាប៉ុន ស្រុកសង្កែ ដោយក្នុងមួយថ្ងៃ ជល់៣សង្វៀន នៅលើទីតាំងតែមួយ ដែលករណីនេះ បានកើតមានឡើងយូរខែ មកហើយ ដោយមិនដែលឃើញមានអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចជំនាញណា ចុះមកធ្វើការបង្ក្រាបឡើយ។

សេចក្តីរាយការណ៍ដដែល បានបន្តថា ការដែលអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ បណ្តែតបណ្តោយឱ្យមានការបើកលេងនូវល្បែងភ្នាល់ ស៊ីសងខុសច្បាប់ ដោយមានមនុស្សម្នារាប់រយនាក់ មកជួបជុំប្រមូលផ្តុំគ្នាលេងបែបនេះ វាអាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ពិសេសប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងម៉្យាងវិញទៀត ហាក់កំពុងផ្គើនទៅនឹងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល  ពិសេសអភិបាលខេត្ត តែម្តង ដែលលោកបាននិងកំពុងខិតខំយកចិត្តទុកដាក់ខ្លាំងក្នុងវិធានការផ្សព្វផ្សាយទប់ស្កាត់ប្រយុទ្ធប្រឆាំង កុំឲ្យមានការឆ្លងរីករាលដាលនៃជំងឺកូវិដ-១៩ ក្នុងសហគមន៍ដែលជាដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ។

ពាក់ព័ន្ធទៅនឹងសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ អំពីល្បែងស៊ីសង ជល់មាន់ ខាងលើនេះដែរ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ឱ្យដឹង កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ថា លោកនឹងចាត់ឱ្យជំនាញ ចុះទៅមើល។

ដោយឡែក លោកស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានឲ្យដឹងថា ករណីនេះ លោកនឹងឱ្យអធិការរង ចុះទៅមើល ព្រោះអ្នកលេងល្បែងតែងតែលួចលេង ហើយខាងលោកមិនបានដឹងនោះទេ៕

RELATED ARTICLES