Sunday, July 27, 2025
Homeតារាខ្មែរលោកលាន អាហ្រ្វីលគីនីន ឡើងឋានៈឧកញ៉ា ចាប់ផ្តើមរាយមន្តស្នេហ៍?

លោកលាន អាហ្រ្វីលគីនីន ឡើងឋានៈឧកញ៉ា ចាប់ផ្តើមរាយមន្តស្នេហ៍?

ទើបតែទទួលងារជា ”ឧកញ៉ា” បាន៧ខែសោះ ស្រាប់តែពេលនេះ លោកលាន អាហ្រ្វីលគីនីន ធ្វើឲ្យល្បីល្បាញរឿងស្នេហាត្រីកោណ ផ្អើលពេញផ្ទៃប្រទេសតែម្ដង បន្ទាប់ពីតារាចម្រៀងប៉ាត សុធារ៉ា បានហែកកេរ្ដិ៍លោកឧកញ៉ារូបនេះថា បានបោកប្រាស់នាងថា លោកលែងរួមរស់ជាមួយភរិយា អ្នកនាងកែវ វរលក្ខណ៍ ទៀតហើយ និងលួងលោមនាងសុំស្នេហ៍​រហូតធ្វើឲ្យនាងផុងខ្លួនធ្លាក់ចូលជ្រៅក្នុងល្បែងស្នេហាមួយនេះ ហើយចុងក្រោយ អ្នកដែលរកទុក្ខ គឺជារូបនាង។

លោកឧកញ៉ា លាន អាហ្វ្រីលគីនីន

ក្នុងជំនួបជាមួយអ្នកកាសែត កាលពីពេលថ្មីៗនេះ កញ្ញាប៉ាត សុធារ៉ា បានឲ្យដឹងថា តាមពិតទំនាក់ទំនងស្នេហានាងជាមួយលោកឧកញ៉ា លាន អាហ្រ្វីលគីនីន បានកើតមានជាង១ឆ្នាំទៅហើយ និងបានបញ្ចប់ទៅវិញ កាលពី៥ទៅ៦ខែមកនេះ។ ប៉ុន្ដែរឿងនេះផ្ទុះកាន់តែខ្លាំង នៅពេលដែលបងស្រីរបស់លាន អាហ្រ្វីលគីនីន បានបង្ហោះរូបនាងជាមួយលោកឧកញ៉ាគីនីន ដែលធ្វើឲ្យភរិយារបស់លោកឧកញ៉ា គឺអ្នកនាងកែវ វរលក្ខណ៍ ឆេះដុំតែម្ដង ទើបនាំឲ្យរឿងនេះកាន់តែកក្រើកលើសមុន។

កញ្ញាសុធារ៉ា បានរំលឹកថា ពេលនេះជីវិតនាងប្រៀបបាន ”ចុះទឹកក្រពើ ឡើងលើខ្លា” អីចឹង ព្រោះភាគីលាន អាហ្រ្វីលគីនីន ធ្លាប់បានទៅរករឿងនាងដល់កន្លែងច្រៀង និងធ្លាប់រុញនាងចូលឡាន ប្រើអំពើហិង្សាមកលើរូបនាងទៀតផង ខណៈដែលអ្នកនាងកែវ វរលក្ខណ៍ វិញ បានជេរត្មេះតិះដៀលនាង បើទោះជានាងធ្លាប់សុំទោសចំពោះកំហុសឆ្គងដែលនាង និងអាហ្រ្វីលគីនីន ធ្លាប់បានទាក់ទងគ្នាក្ដី។

សុធារ៉ា ថា ពេលនេះសុំតែសុខ និងមិនចង់ពាក់ព័ន្ធជាមួយភាគីទាំង២ខាងលើទៀតទេ ប៉ុន្ដែឧកញ៉ាអាហ្រ្វីលគីនីន ហាក់មិនចង់ដោះលែងនាងឡើយ ព្រោះសូម្បីតែរថយន្ដនាងជិះរាល់ថ្ងៃ ក៏លោកឧកញ៉ារូបនេះ មានដាក់ GPS ភ្ជាប់ Location ទោះជានាងទៅដល់ណា ក៏ឧកញ៉ារូបនេះដឹងដែរ ហេតុនេះហើយបានជានាងរត់ផ្ញើខ្លួនជាមួយប្អូនស្រី ដើម្បីគេចពីភាគីលោកឧកញ៉ារូបនេះ។

ដោយឡែក ចំពោះមូលហេតុដែលកញ្ញាប៉ាត សុធារ៉ា បានធ្លាក់ក្នុងអន្លង់ស្នេហ៍លោកឧកញ៉ាគីនីន នេះ ដោយសារតែអ្នកទាំង២ បានរកស៊ីដឹកថ្មជាមួយគ្នា រហូតលោកឧកញ៉ា ធ្វើឲ្យសុធារ៉ា បានកូន៣ខែ ដែលជាតំណក់ឈាមអតីតតារាសម្ដែង និងពិធីកររូបនេះទៀតផង តែកូននោះបានរលូតទៅវិញ។

លោកលាន អាហ្វ្រីលគីនីន និងភរិយា​ កែវ វរលក្ខណ៍

ជុំវិញសង្រ្គាមស្នេហាត្រីកោណកំពុងឆាបឆេះយ៉ាងសន្ធៅសន្ធៅ រវាងលោកឧកញ៉ាលាន អាហ្រ្វីលគីនីន និងភរិយា អ្នកនាងកែវ វរលក្ខណ៍ រួមទាំងស្រីស្នេហ៍លោកឧកញ៉ា កញ្ញាប៉ាត សុធារ៉ា នេះ អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅលោកឧកញ៉ាគីនីន ជាច្រើនលើក តែតេមិនចូលឡើយ។

ចំណែកការឆាតតាមហ្វេសប៊ុកវិញ លោកគីនីន ក៏មិនឆ្លើយតបដែរ ទោះជាលោកកំពុងតែ Online ក្ដី។

កញ្ញាប៉ាត សុធារ៉ា

មហាជនមួយចំនួនបង្ហាញក្ដីបារម្ភចំពោះមន្ដស្នេហ៍របស់លោកឧកញ៉ាគីនីន ខ្លាចមាននារីផ្សេងៗទៀត ធ្លាក់ខ្លួនចូលអន្លង់ស្នេហ៍លោកឧកញ៉ា ទាំងមិនដឹងខ្លួន ហើយអាចជួបរឿងធំទឹកភ្នែកក្បាលជូតជង្គង់ ដូចកញ្ញាប៉ាត សុធារ៉ា ដែរ។

ប៉ុន្ដែគេជឿថា លោកឧកញ៉ាលាន អាហ្រ្វីលគីនីន នឹងមិនបណ្ដោយឲ្យរឿងស្នេហាត្រីកោណរបស់លោក ក្លាយទៅជានាំទុក្ខដាក់ខ្លួន ដូចករណីលោកឧកញ៉ាសុខ ប៊ុន ដែលប្រើអំពើរហិង្សាលើអតីតពិធីការនី CTN នាងសាសា ហើយត្រូវតុលាការសម្រេចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីដើមខែកក្កដា ឆ្នាំ២០១៥ ដែលធ្វើឲ្យលោកបាត់ងារជាឧកញ៉ា និងឋានៈ ត្រឹមតែមួយប៉ព្រិចភ្នែកនោះឡើយ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES