ខេត្តព្រះសីហនុ ៖ ឃ្លាំងស្តុកអីវ៉ាន់របស់រីសតមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះទាំងកណ្តាលអធ្រាត្រ បង្កឱ្យរងការខូចខាតរបស់របរ និងទ្រព្យសម្បត្តិមានតម្លៃជាច្រើន គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចឃ្លាំងដាក់អីវ៉ាន់របស់រីសត សុខសាន្ត រីសត ដែលមានទីតាំងស្ថិតនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា គ្រោះអគ្គិភ័យនេះ បានបង្កឱ្យមានការការខូចខាតដូចជា រថយន្ត ១គ្រឿងម៉ាក Chevrolet ម៉ាស៊ីនអូប័រ ២៥០សេស ចំនួន២គ្រឿង ម៉ាស៊ីនត្រជាក់ ចំនួន៥គ្រឿង ទូទឹកកក តូច៤គ្រឿង ម៉ាស៊ីនស្វាន ២គ្រឿង ខ្សែភ្លើង ដងហ្វា តុកៅអី កង្ហារ រួមនិងសម្ភារ:មួយចំនួនទៀត។

សមត្ថកិច្ច បានបញ្ជាក់ថា ក្នុងករណីអគ្គីភ័យខាងលើ កម្លាំងនគរបាល និងប្រជាពលរដ្ឋបានចូលរួមពន្លត់ រហូតគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅវេលា ៧ព្រឹកថ្ងៃដដែល ដោយបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ទេ។ ចំណែកមូលហេតុនៃការឆេះ កម្លាំងជំនាញកំពុងបន្តធ្វើការស្រាវជ្រាវ៕
