Sunday, July 27, 2025
Homeព័ត៌មានជាតិប្តីរបស់ពួកគាត់ហាមយ៉ាងណាមិនស្តាប់ នៅតែបន្តសកម្មភាព ហៅប៉ូលិសចាប់

ប្តីរបស់ពួកគាត់ហាមយ៉ាងណាមិនស្តាប់ នៅតែបន្តសកម្មភាព ហៅប៉ូលិសចាប់

ខេត្តកណ្តាល ៖ ស្ត្រីមេផ្ទះមួយក្រុម ឆ្លៀតពេលប្តីចេញទៅធ្វើការងាររកលុយចូលផ្ទះ ក៏ពពាក់ពពូនគ្នាប្រព្រឹត្តល្បែងស៊ីសង បៀរ អាប៉ោង កន្ទុយលេខ ជារៀងរាល់ថ្ងៃ លុះបុរសៗជាប្តីបានដឹង ប្រឹងអូសទាញប្រពន្ធកុំឱ្យវក់នឹងល្បែងទៀតដែរ តែប្រពន្ធមិនចេះកែខ្លួន ទីបំផុត ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះចាប់ បំបែកវង់ល្បែងស៊ីសងទាំងនោះចោល។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបចំពោះម្ចាស់គណនីហ្វេសបុក សូមមិនបញ្ចោញ ឈ្មោះ ដែលបានសំណូមពរ និងរាយការណ៍ក្នុងប្រអប់សារផេកហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ មានខ្លឹមសារថា “នាងខ្ញុំសូមស្នើសុំដល់លោកស្នងការនគរបាលខេត្ត ជួយសម្រួលដល់បញ្ហា របស់ប្តីដែលបង្កឱ្យមានអំពើហិង្សាក្នុងគ្រួសារ ចំពោះ បញ្ហាល្បែងស៊ីសង (បៀរ) ចាក់ឆ្នោតយួន (កន្ទុយលេខ) ជាពិសេសអាប៉ោង និងមានយកលុយទៅឱ្យដល់កន្លែងបែបនេះ ហើយធ្វើឱ្យ ប្រជាពលរដ្ឋក្នុងភូមិក្រ ហើយទាស់ប្តីប្រពន្ធរៀងរាល់ថ្ងៃ សូមមេត្តាជួយសម្រួលផងភូមិក្រូចសើច ឃុំពុកឬស្សី ចាប់ផ្តើមលេង ម៉ោង១១ទៅ…”។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយបានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត លោកអធិការនគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាកម្លាំងចុះស្រាវជ្រាវបង្ក្រាបទីតាំងខាងលើ។

ជាលទ្ធផល នៅវេលាម៉ោង៤ និង១០នាទីរសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាល បានចុះស្រាវជ្រាវនិងបង្ក្រាបទីតាំងខាងលើ ដែលមានម្ចាស់ផ្ទះឈ្មោះ អឿន សុខខេង ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរកសិករ មានលំនៅភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល។

ហើយបានឃាត់ខ្លួនមនុស្សចំនួន០៥នាក់ និងចាប់យកវត្ថុតាងមួយចំនួន រួមមាន ទី១-ឈ្មោះអឿន សុខខេង ភេទស្រី អាយុ៥៣ឆ្នាំ (ម្ចាស់ផ្ទះ) ទី២-ឈ្មោះស៊ុំ ស្រីពៅ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកសិករ ទី៣-ឈ្មោះអឿន សំអុន ភេទស្រី អាយុ៤១ឆ្នាំ មុខរបរកសិករ ទី៤-ឈ្មោះឆែ សុខា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ កសិករ និងទី៥-ឈ្មោះហួត ស៊្រុន ភេទស្រី អាយុ៥០ឆ្នាំ មុខរបរកសិករ។ អ្នកទាំង៥នាក់ មានទីលំនៅភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ជាមួយគ្នា។

រីឯវត្ថុតាងចាប់យករួមមាន ប្រាក់រៀលចំនួន១៥៥ ៦០០រៀល និង១ដុល្លារ ប៊ិចចំនួន៣ដើម ហ្វឺតពណ៌ក្រហមចំនួន១ដើម ទឹកលុបចំនួន ១ដើម ក្រដាសកត់កន្ទុយលេខមួយចំនួន កាបូបស្ពាយចំនួន១ បៀរនីឡុងចំនួន៥២សន្លឹក ភួយកម្រាលចំនួន១ និងស្បែកជើងចំនួន២គូ។

ចំពោះស្ត្រីទាំង០៥នាក់ រួមជាមួយវត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីសាកសួរ បន្ទាប់មកដោយសមត្ថកិច្ចពិនិត្យឃើញថា ល្បែងស៊ីសងបៀរ និងកត់កន្ទុយលេខនេះមានលក្ខណៈតូចតាច ហើយអ្នកលេងសុទ្ធតែជាស្ត្រី ស្លូតត្រង់ សមត្ថកិច្ចបានធ្វើការណែនាំ អប់រំ និងកិច្ចសន្យា ជាលើកទី១ មិនឱ្យប្រព្រឹត្ត និងផ្តល់ទីតាំងលេងល្បែងស៊ីសងគ្រប់ប្រភេទ ចាប់ពីថ្ងៃ ចុះកិច្ចសន្យានេះ។

អាស្រ័យហេតុនេះសូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តា និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល៕

RELATED ARTICLES