Sunday, July 27, 2025
Homeតារាខ្មែរគឹម លីហ្សា ថាឱបប្តី ដូចឱបភ្លើង ប្រកាសលែងប្តី ក្រោយបែកគ្រែ១ឆ្នាំ

គឹម លីហ្សា ថាឱបប្តី ដូចឱបភ្លើង ប្រកាសលែងប្តី ក្រោយបែកគ្រែ១ឆ្នាំ

ភ្នំពេញ ៖ អតីតតារាសម្តែង គឹម លីហ្សា ដែលបានរៀបការប្តីជាអាណិកជនខ្មែរនៅប្រទេសអូស្ត្រាលី និងបានចេញទៅរស់នៅក្រៅប្រទេស ជាមួយស្វាមីបានមួយរយ: ក៏បានវិលមករស់នៅក្នុងប្រទេសកម្ពុជា វិញនោះ ដោយបោះបង់អាជីពសិល្ប: ងាកមកប្រកបរបរលក់ផលិតផលអនឡាញ និងម្ជូរក្រឡុកនោះ ថ្មីៗនេះ ស្រាប់តែត្អូញថា នាងរស់នៅជាមួយប្តី ដូចឱបភ្លើង និងបានប្រកាសលែងប្តីដុកទ័រនោះ ក្រោយពីបានរស់នៅបែកគ្រែ​ ជាមួយប្តី ជាង១ឆ្នាំមក។

គឹម លីហ្សា បានសរសរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ថា «គេឧកញ៉ា គេជំទាវ គេនៅប្រកាសលែងគ្នាបាន ចុះយើង ហេតុអីត្រូវខ្មាសបើនៅគ្មានសុភមង្គលអ៊ីចឹង! ម្នាក់ចង់ត្រូវ ចង់បានយុត្តិធម៌ ម្នាក់ចង់ឈ្នះ អ៊ីចឹងនៅជាមួយគ្នា ដូចឱបភ្លើង អ៊ីចឹងថ្ងៃនេះ សុំប្រកាសលែងប្តីដែរហើយ»។

គឹម លីហ្សា បានសរសេរបន្ថែមថា «មេម៉ាយ មានអីត្រូវខ្មាសគេ​ មេម៉ាយចេះរកស៊ី​ អត់ប្តីក៏អត់ដាច់ពោះងាប់ដែរ​ មិនមែនស៊េរីសុំលុយប្តីផង!»។

ជុំវិញការប្រកាសលែងប្តី ខាងលើនេះ «នគរធំ» មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាងគឹម លីហ្សា បានទេ កាលពីម្សិលមិញ។

ទោះជាយ៉ាងណា យោងតាមការឆ្លើយតប (Reply)  របស់គឹម លីហ្សា ទៅកាន់មិត្តភក្តិដែលចូលមកបញ្ចេញយោបល់ (Comment) ក្នុងគណនីហ្វេសប៊ុករបស់នាង លីហ្សា បានបញ្ជាក់ថា ការប្រកាសលែងប្តីរបស់នាង គឺជាការពិតមែន មិnមែនជាការលេងសើចទេ ដោយនាងបញ្ជាក់ថា មុនការប្រកាសបែបនេះ នាងនិងប្តី បានរស់នៅបែកផ្ទះ បែកបន្ទប់ បែកគ្រែ ជាង១ឆ្នាំមកហើយ ដោយសារតែការមិនចុះសម្រុងគ្នា។ គឹម លីហ្សា​ ថែមទាំងបង្ហើបថា គ្រោងធ្វើពិធីជប់លៀងលែងប្តី ដើម្បីលាកម្មជួបស្នេហ៍មិនសមប្រកបទៀតផង។  

គួររំលឹកថា អតីតតារាសម្តែងរូបស្រស់សាច់សខ្ចី គឹម លីហ្សា បានរៀបការ​ជាមួយ​បុរសអាណិកជន​ខ្មែរនៅ​អូស្រ្តាលី ឈ្មោះ គីវ វុឌ្ឍី ហៅស្តេវិន មាន​មុខរបរ​ជា​គ្រូពេទ្យ កាលពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ២០១៣ ដោយ​មាន​វត្តមានសិល្បករ-សិល្បការិនី​ជាច្រើន​រយ​នាក់ ​បាន​អញ្ជើញ​ចូលរួម​អបអរសាទរ បន្ទាប់ពី​នាង​និង​ស្វាមី មាន​ទំនាក់ទំនង​ស្នេហា​ផ្អែមល្ហែម​នឹង​គ្នា ​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំមក​។

ក្រោយរៀបការ​​មិន​បាន​​មួយ​ឆ្នាំ​ផង គឹម លីហ្សា ​ក៏បានចាកចេញ​ទៅ​រស់នៅ​ដែនដីកោះ​អូស្ត្រាលី ​ជាមួយ​ស្វាមី​ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤ ដោយបោះបង់ចោល​​អាជីព​សិល្បៈ​ទាំងស្រុងតែម្តង។

ក្នុងជីវិត​អាពាហ៍ពិពាហ៍​របស់គឹម លីហ្សា ជាមួយស្វាមីនៅលើ​​ទឹកដីអូស្ត្រាលី នោះ ​លីហ្សា តែងបង្ហាញនូវសុភមង្គល ​តាមរូបថត​ផ្អែមល្ហែមជាមួយប្តីជាញឹក​ញាប់​ ពិសេសក្រោយពេលនាងមានកូនប្រុសទី១ ស្រាប់​តែ​ថ្មីៗ​នេះ​ អ្នក​នាង​គឹម លីហ្សា បាន​ធ្វើ​ឲ្យ​មហាជន​ស្រឡាំង​កាំង បន្ទាប់ពីនាងបានវិលមករស់នៅក្នុងប្រទេសកម្ពុជា វិញ នៅឆ្នាំ២០១៨ លែងវិលទៅអូស្ត្រាលី ដោយចាប់យកមុខរបរលក់ផលិតផលរក្សាសម្រស់តាមអនឡាញ និងលោកម្ជូរក្រឡុក ជាពិសេស ក្រោយមានកូនប្រុសទី២ ស្រាប់តែគឹម លីហ្សា បង្ហាញសញ្ញានៃភាពរកាំរកូសជាមួយស្វាមី រហូតចុងក្រោយឈានដល់ប្រកាសថា សម្រេចចិត្តលែងប្តីតែម្តង។

ជាការកត់សម្គាល់ មុនពេលប្រកាសលែងប្តីនៅពេលនេះ កាលពីពេលកន្លងទៅ គឹម លីហ្សា ធ្លាប់បានបង្ហោះតាមហ្វេសប៊ុក ពី​ចំណង​ស្នេហ៍​រកាំ​រកូសរបស់នាងផងដែរ​ ដូចជានាងសរសេរថា «ឈ្លោះ​​គ្នា​ច្រើន​អ៊ីចឹង យក​​ចិញ្ចៀន​លក់​យក​លុយ​ចាយ​អស់ឥឡូវ​ហ្នឹង» និងថា  មក​ពីប្តី​ធ្វើ​ឲ្យ​ខឹង​ម្ដងៗ ​ចង់តែ​ធ្វើ​មែន​ទែនជាដើម៕

RELATED ARTICLES