ខេត្តបាត់ដំបង ៖ ដីភ្នំ វត្តតាមាឃ ស្ថិតនៅត្រង់ចំណុចភូមិលៀវ ឃុំអណ្តើកហែប ស្រុករតនមណ្ឌល កំពុងទទួលរងការទន្ទ្រានកាយយកអាចម៍ដី ស្ទើរអស់ពាក់កណ្តាលភ្នំទៅហើយ។

តាមប្រភពពីប្រជាពលរដ្ឋម្នាក់ ដែលរស់នៅក្បែរទៅនឹងទីតាំងខាងលើ បានបង្ហើបប្រាប់កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ថា ជារៀងរាល់ថ្ងៃ គាត់បានឃើញរថយន្តដឹកដីចេញពីចំណុចក្បែរវត្តតាមាឃ ចេញចូលកាត់មុខផ្ទះគាត់ ចំនួន ៥គ្រឿង និងមានគ្រឿងចក្រ ចូលកាយអាចម៍ដី ប្រហែលជិតដប់ថ្ងៃមកហើយ។

គួរបញ្ជាក់ដែរថា នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ តំណាងអង្គភាពកម្ចាត់មីន ស៊ីម៉ាក់ ដែលជាម្ចាស់គ្រឿងចក្រកាយដីភ្នំខាងលើ បានបញ្ជាក់ប្រាប់តាមទូរស័ព្ទថា គ្រឿងចក្រខាងលើ ជារបស់អង្គភាពស៊ីម៉ាក់ ប្រាកដមែន ហើយការចូលយកអាចម៍ដី នៅត្រង់ចំណុចខាងលើនេះ គឺមានការស្នើរសុំពីខាងភូមិ ឃុំ ស្រុក និងមានការឯកភាពពីខេត្ត ត្រឹមត្រូវ។ចំណែកការយកដីក្រួស ទៅធ្វើផ្លូវនេះ មានប្រវែង ៣០គីឡូម៉ែត្រ រយៈពេលនៃការជួសជុសផ្លូវ មួយឆ្នាំពេញ និងមានដៃគូជាមួយក្រុមហ៊ុនជប៉ុន ហើយនឹងត្រូវបញ្ចប់នៅខែមករា ឆ្នាំ២០២១។

ដោយឡែកលោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត បានបញ្ជាក់ឱ្យដឹង នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ថា ពាក់ព័ន្ធនឹងគ្រឿងចក្រចូលយកដីភ្នំ នៅចំណុចវត្តតាមាឃ នោះ ខាងមន្ទីរ មិនទាន់បានទទួលលិខិតស្នាមពីខាងឃុំ ស្រុក នៅឡើយទេ។ លោក ប្រធានមន្ទីរ បានបន្តថា បញ្ហានេះ លោកនឹងចាត់ឱ្យមន្ត្រីចុះទៅពិនិត្យមើលជាក់ស្តែង៕


