តារាសម្ដែងនិងពិធីកររូបសង្ហា លោកយឹត មាសឧស្សាហ៍ ហៅអេដ វីន កាន់តែបង្ហាញភាពស្អិតល្មួតជាមួយអតីតប្រពន្ធថៅកែ LD អ្នកនាងសុត បច្ចាការ ដែលមានឈ្មោះហ្វេសប៊ុកថា “Panhchaka June” បន្ទាប់ពីអេដ វីន បានរងរបួសធ្ងន់ ២លើកផ្ទួនៗ ដោយសារតែស្នាដៃអ្នកមេម៉ាយកូន២រូបនេះ ក្នុងនោះមានដូចជា ដេរចង្ការអស់១០ថ្នេរ និងរបួសក្រចកដៃខ្ទេច ដឹកចូលពេទ្យទាំងយប់ កាលពីពេលថ្មីៗនេះ។

ទោះជាយ៉ាងណា ក្រោយរងរបួស២លើកនេះមក ស្រាប់តែអេដ វីន មិនត្រឹមតែគ្មានការអាក់អន់ស្រពន់ចិត្តជាមួយសង្សារកូន២នោះទេ ប៉ុន្ដែលោកបានបង្ហាញកាយវិការស្រលាញ់អ្នកនាងបច្ចាការ លើសដើមទៅវិញ ទើបធ្វើឲ្យនារីៗជាច្រើនបានសរសើរអតីតប្រពន្ធថៅកែ LD រូបនេះថា មិនត្រឹមតែរកបានប្ដីរូបសង្ហាទេ តែលោកអេដ វីន ថែមទាំងជាបុរសពូកែថ្នមប្រពន្ធលេខ១តែម្ដង។

ប៉ុន្ដែក្នុងនោះ ក៏មានមនុស្សស្រីមួយចំនួនទៀត បានរិះគន់ថា លោកអេដ វីន នេះជាមនុស្សប្រុសអន់ ស្លាប់ក្រោមកន្ទុយក្បិនមនុស្សស្រី ជាដើម។

អេដ វីន បានធ្លាក់ក្នុងអន្លង់ស្នេហ៍ប្រពន្ធថៅកែ LD ក្រោយពីតារាសម្ដែងរូបនេះបានថតភាពយន្ដរឿង ”មនុស្សឆ្កួត” ឲ្យផលិតកម្មនេះ ហើយពេលនេះចំណងស្នេហ៍មួយនេះ គ្មានឧបសគ្គឡើយ ព្រោះលោកលៀក លីដា បានងាកទៅភ្ជាប់ស្នេហ៍ជាមួយតារាសម្ដែងសាច់សខ្ចី កញ្ញាសាឡាត់ ស្រីឡាង ទៅហើយ។

ចំណែកអេដ វីន វិញ បានទាត់ចោលសំណើស្នេហ៍ពីស្រី្ដមានទ្រព្យជាច្រើនរូប ដើម្បីមកភ្ជាប់ស្នេហ៍ជាមួយអតីតភរិយាថៅកែ LD រូបនេះ ហើយរូបគេថែមទាំងបានធ្វើឲ្យអ្នកនាងបច្ចាការ មានភាពកក់ក្ដៅក្នុងបេះដូងកាន់តែខ្លាំង ព្រោះលោកបានស្រលាញ់កូនស្រីរបស់នាង ដូចកូនបង្កើតដែរ ទើបគេហៅអេដ វីន ថា ”ស្រលាញ់មេ បំពេរកូន”។

ទោះជាយ៉ាងណា អេដ វីន មិនទាន់ហ៊ានកំណត់ថ្ងៃរៀបការជាក់លាក់ឡើយ ជាមួយប្រពន្ធមេម៉ាយកូន២នេះ ដោយមុននេះ ទាំងសងខាងបានតាំងចិត្តរៀងៗខ្លួនថា កំពុងសន្សំលុយដើម្បីរៀបការនៅពេលខាងមុខ៕


