Sunday, July 27, 2025
Homeព័ត៌មានជាតិហួសចិត្ត!! ថៅកែផ្សារលើ បិទផ្លូវ ផ្ញើម៉ូតូយកលុយ អាជីវកររិះគន់

ហួសចិត្ត!! ថៅកែផ្សារលើ បិទផ្លូវ ផ្ញើម៉ូតូយកលុយ អាជីវកររិះគន់

ខេត្តបាត់ដំបង ៖ ក្រុមុអាជីវករលក់ដូរក្នុងផ្សារអប្សរា កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានធ្វើការរិះគន់ទៅលើម្ចាស់គ្រប់គ្រងផ្សារ ថាបានយកបារ៉ាស់បិទផ្លូវសាធារណៈ មិនឱ្យ រថយន្តតូចធំឆ្លងកាត់ និងមិនឱ្យលក់ដូរ តែបែរជាយកម៉ូតូ មកដាក់ផ្ញើនៅទីនោះទៅវិញ។

ប្រភពពីប្រជាពលរដ្ឋជាអ្នកធ្វើដំណើរ ក៏ដូចជាអាជីវករដែលជាអ្នកលក់ដូរត្រី សាច់ នៅលើចិញ្ចើមផ្លូវ អបច្រាំងស្ទឹងសង្កែ ចំណុចអប្សរាផ្សារលើ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានលើកឡើងថា ពួកគាត់មានការមិនពេញចិត្តចំពោះទង្វើម្ចាស់គ្រប់គ្រង អប្សរាផ្សារលើ ដែលបានដាក់បារ៉ាស់បិទផ្លូវ មិនឱ្យរថយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ឆ្លងកាត់ និងដេញមិនឱ្យមានការលក់ដូរនៅទីនោះ ដើម្បីការពារការបាក់ផ្លូវច្រាំងស្ទឹងបន្ថែម តែបែរជាយកម៉ូតូ មកដាក់ផ្ញើ កេងយកផលប្រយោជន៍បុគ្គលទៅវិញ ធ្វើឱ្យពួកគាត់ពិបាកក្នុងការ ធ្វើដំណើរ ដោយត្រូវវាងផ្លូវ និងរាំងស្ទះដល់ការងារប្រកបរបររកស៊ីរបស់ពួកគាត់ប្រចាំថ្ងៃផងដែរ។

ជាមួយគ្នានេះពួកគាត់ជាអាជីវករ មានការមិនពេញចិត្ត ដោយខាងផ្សារ មកដេញពួកគាត់រាល់ថ្ងៃ មិនឱ្យលក់ បែជាយកម៉ូតូមកដាក់ផ្ញើពីមុខវិញ ដូច្នេះពួកគាត់សំណូមពរទៅដល់លោកអភិបាលខេត្ត ជួយដោះស្រាយឱ្យពួកគាត់បានលក់ដូរនៅទីនេះផង ហើយបើសិនជាខាងអាជ្ញាធរ ចុះរៀបចំធ្វើពេលណា ពួកគាត់នឹងចាកចេញភ្លាម។

ពាក់ព័ន្ធទៅនឹងការលើកឡើងខាងលើនេះ លោកសេង សិរីរតន: ជាអ្នកគ្រប់គ្រងអប្សរាផ្សារលើ បានបញ្ជាក់ថា លោកធ្វើនេះ មិនមែនធ្វើដោយចិត្តឯងទេ គឺធ្វើទៅតាមចំណារបស់អភិបាលខេត្ត ដោយសារខ្លាចប៉ះពាល់បាក់ច្រាំងស្ទឹង ដូច្នេះទើបគាត់សុំផ្អាកការលក់ដូរ នៅទីនេះ លុះត្រាតែជួសជុលច្រាំងស្ទឹងហើយ ទើបគិតតាមហ្នឹងទៀត។ ហើយចំពោះការដាក់ផ្ញើម៉ូតូលើផ្លូវ លោកថា បើខាងលោកមិនយកម៉ូតូមកដាក់ផ្ញើទេ ពួកគាត់នឹងមកលក់ដូរនៅទីនោះទៀត។

ពាក់ព័ន្ធនឹងការដាក់បារ៉ាស់បិទផ្លូវ មិនឱ្យរថយន្តគ្រប់ប្រភេទឆ្លងកាត់ ដោយយកម៉ូតូ មកដាក់ផ្ញើជំនួសនោះ លោកផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានឆ្លើយតបតាមទូរស័ព្ទ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ថា ពេលនេះ លោកកំពុងជាប់ប្រជុំ ហើយនៅពេលប្រជុំចប់ លោកនឹងចុះទៅពិនិត្យមើល។ លោកសូមឱ្យពលរដ្ឋនៅស្ងៀមសិនទៅ ព្រោះខ្លាចក្រែងធ្លាក់ទៅ វាគ្រោះថ្នាក់ដល់អាយុជីវិតគាត់ទេ ហើយមិនត្រូវធ្វើអ្វីតាមតែចិត្តទេ ។ លោកថាពេលប្រជុំចប់ លោកនឹងចុះទៅចាត់ចែងរឿងហ្នឹងហើយ។

គួរបញ្ជាក់ថា យោងតាមលិខិតរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០  ជម្រាបមកលោកអគ្គនាយកក្រុមហ៊ុន តារ៉ា អ៊ីមផត ខូអិលធីឌី (អប្សារាផ្សារលើ) កម្មវត្ថុ ករណីស្នើសុំជួសជុលការបាក់ច្រាំងស្ទឹង នៅខាងកើតផ្សារលើ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់បង យោងលិខិតលេខ ៦៥៦ សក.បប ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត។

ក្នុងលិខិតនោះ បានជម្រាបមកលោកអគ្គនាយកក្រុមហ៊ុនតារ៉ា អ៊ីមផត ខូអិលធីឌី (អប្សារាផ្សារលើ) ថា ករណីការបាក់ច្រាំងស្ទឹងនៅ ខាងកើតផ្សារលើ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង រដ្ឋបាលខេត្ត សម្រេចផ្អាកការធ្វើចរាចរណ៍ សម្រាប់ឡានធំ និងការលក់ដូរនៅទីនោះ ជាបណ្តោះអាសន្ន ដើម្បីការពារការបាក់ច្រាំងស្ទឹងបន្ថែម ព្រមទាំងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ទៅមក និងអាជីវករលក់ដូរនៅទីនោះដែលអាចកើតឡើងជាយថាហេតុ៕ ប៊ុនថេត

RELATED ARTICLES