Sunday, July 27, 2025
Homeព័ត៌មានជាតិពួកគាត់មកផ្ទះវិញ បានត្រឹមសោកស្តាយ បាត់អស់ហើយ

ពួកគាត់មកផ្ទះវិញ បានត្រឹមសោកស្តាយ បាត់អស់ហើយ

ខេត្តបាត់ដំបង ៖ ក្រុមគ្រួសារមួយបានងើបតាំងពីវេលាទៀបភ្លឺ ទៅផ្សារ ដើម្បីលក់ដូរដូចសព្វដង លុះចេញផុតបានតែបន្តិច ក៏ត្រូវចោរធ្វើសកម្មភាពចូលគាស់ផ្ទះលួចយកលុយអស់ប្រមាណជាង៦ពាន់ដុល្លារ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ៥និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៦ ខែធ្នូ  ឆ្នាំ២០២០ នៅចំណុចភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់។

ជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះអូន ចាន់ ភេទប្រុស អាយុ៤៧ឆ្នាំ មានមុខរបរលក់ដូរ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

ជនរងគ្រោះឈ្មោះអូន ចាន់ បានឱ្យដឹងថា ចោរបានគាស់ទ្វារផ្ទះគាត់ចូលលួចទ្រព្យសម្បត្តិ នៅពេលគាត់និងប្រពន្ធ រួមទាំងកូនស្រីផង បានងើបទៅផ្សារផុតបន្តិច ហើយបិទទ្វារទុកចោល។ លុះបន្តិចក្រោយមក ទើបដឹង ដោយសារអ្នកជិតខាងជិះម៉ូតូទៅប្រាប់ដល់ផ្សារ។

ជនរងគ្រោះបានរៀបរាប់បន្តថា ជារៀងរាល់ថ្ងៃ គាត់និងប្រពន្ធ រួមទាំងកូនស្រីម្នាក់ផង តែងងើបពីយប់ នាំគ្នាចេញទៅរៀបចំលក់ដូរ នៅផ្សារស្នឹង ហើយបិទទ្វារទុកចោល។ នៅព្រឹកកើតហេតុ ប្រពន្ធនិងកូនស្រីគាត់បានងើបជិះម៉ូតូចេញទៅផ្សារនៅម៉ោង៥ព្រឹក។ លុះប្រហែល១០នាទីក្រោយ ទើបគាត់ជិះម៉ូតូចេញទៅតាមក្រោយ ព្រោះគាត់នៅបិទទ្វារ និងរៀបចំទុកដាក់ផ្ទះ រួចរាល់សិន។

លុះពេលគាត់ជិះចេញទៅដល់ផ្សារស្នឹង នៅម៉ោងប្រហែល៥និង៥០នាទី ស្រាប់តែអ្នកនៅក្បែរផ្ទះគាត់ បានជិះម៉ូតូទៅតាមគាត់ ហើយប្រាប់ថា មានចោរចូលផ្ទះគាត់ តែបានចេញវិញ រួចជិះម៉ូតូគេចខ្លួនបាត់ទៅហើយ។ លុះគាត់ជិះមកដល់ផ្ទះ ឃើញស្នាមគាស់កម្ទេចសោទ្វារចូលទៅខាងក្នុង ហើយគាស់កម្ទេចទូ លួចយកលុយមួយកាបូបទៅបាត់។

ជនរងគ្រោះជាម្ចាស់ផ្ទះ បានបញ្ជាក់ថា ទឹកប្រាក់ដែលត្រូវចោរលួចទៅនោះ មានសរុបជិត៦០០០ដុល្លារ ដែលប្រពន្ធគាត់ទុកនៅក្នុងកាបូបយូរដៃ ក្នុងនោះមានលុយ ចំនួនជាង ៨លានរៀល ៣៥០០០បាត និង ១៦០០០ដុល្លារ។

បើតាមប្រពន្ធជនរងគ្រោះ បានបញ្ជាក់ថា លុយដែលបាត់នោះ មានលុយគេសងបំណុល លុយលក់ស្រូវ លុយបោកកូនជ្រូក និងលុយលក់អីវ៉ាន់។

លោកផុន ចិត្រា ជាសាក្សីនៅក្បែរនោះ បានប្រាប់សមត្ថកិច្ចថា នៅព្រឹកនោះ ពេលគ្រួសាររងគ្រោះនាំគ្នាចេញពីផ្សារអស់ គាត់ឃើញម្ចាស់ផ្ទះ បានបើកភ្លើងបំភ្លឺចោល នៅខាងក្រោមផ្ទះ ដូចសព្វដងដែរ។ ប៉ុន្តែពេលគាត់ចេញផុតបន្តិច ស្រាប់តែគាត់ឃើញភ្លើងរលត់ មិនដឹងនរណាបិទ តែពេលគាត់មើលទៅតាមបង្អូចកញ្ចក់បន្ទប់នៅខាងក្រោម បែរជាឃើញមានមនុស្សចុចភ្លើងពិល ហើយភ្លាមៗនោះ គាត់យល់ថា ប្រាដកជាចោរចូលផ្ទះ ជាមិនខាន។

ឃើញដូច្នេះ គាត់ក៏ប្រាប់ឱ្យប្រពន្ធគាត់ ជិះម៉ូតូទីប្រាប់ម្ចាស់ផ្ទះ នៅឯផ្សារ ដើម្បីឱ្យម្ចាស់មកមើលផ្ទាល់។ ប៉ុន្តែមិនទាន់បានប៉ុន្មាននាទីផង ស្រាប់តែចោរម្នាក់នោះ បានចេញពីផ្ទះ រួចដើរទៅឡើងជិះម៉ូតូនៅខាងក្រៅរបងផ្ទះ ឡើងផ្លូវជាតិលេខ៥៧ ឆ្ពោះទៅ ទិសខាងលិចបាត់ស្រមោលឈឹង ហើយពេលនោះ ម្ចាស់ផ្ទះក៏បានមកដល់ល្មម។ ពេលនោះ ម្ចាស់ផ្ទះចូលទៅពិនិត្យមើលក្នុងបន្ទប់ ស្រាប់តែប្រាប់ថា ចោរបានលួចលុយគាត់អស់ទៅហើយ។

យ៉ាងណា ករណីខាងលើនេះ សមត្ថកិច្ចបានចុះពិនិត្យដល់ទីតាំងកើតហេតុ និងបានធ្វើការសាកសួរសាក្សីនានាផងដែរ ប៉ុន្តែហាក់មិនទាន់ទទួលបានតម្រុយនៅឡើយ៕

RELATED ARTICLES