Sunday, July 27, 2025
Homeតារាខ្មែរឈាន នីហ្សា ផ្អាកធ្វើរឿងនេះនៅស្រុកខ្មែរ ចាំចាក់វ៉ាក់សាំងការពារកូវីដ

ឈាន នីហ្សា ផ្អាកធ្វើរឿងនេះនៅស្រុកខ្មែរ ចាំចាក់វ៉ាក់សាំងការពារកូវីដ

អតីតតារាចម្រៀងនិងសម្ដែង ឈាន នីហ្សា ដែលគ្រោងវិលត្រឡប់មកពីប្រទេសបារាំង មករស់នៅស្រុកខ្មែរ ដើម្បីរកស៊ីផ្នែកគ្រឿងសម្អាង និងលក់កាបូប ម៉ាកល្បីៗនោះ ពេលនេះនាងបានផ្អឹបទុកមួយអន្លើសិន បើទោះជាបានរត់ការសុំសិទ្ធិពីក្រសួងពាក់ព័ន្ធ (License) រួចរាល់ទៅហើយក្ដី។

នីហ្សា ដែលទៅរស់នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមស្វាមី ជិត៧ឆ្នាំនោះ បានឲ្យដឹងតាមឆាតហ្វេសប៊ុកថា នាងគ្រោងចុះមកស្រុកខ្មែរ តាំងពីខែកញ្ញា ឆ្នាំ២០២០ ដើម្បីរៀបគម្រោងរកស៊ី និងមករស់នៅស្រុកខ្មែរ ហើយចុះឡើងទៅបារាំង ប៉ុន្ដែគម្រោងនេះត្រូវបានគាំង ព្រោះតែកូវីដ-១៩ នៅតែមិនទាន់ស្ងាត់។

នីហ្សា ថា សព្វថ្ងៃនៅបារាំង អ្នកឆ្លងកូវីដ-១៩ នៅតែមាន ហើយអាជ្ញាធរនៅតែរឹតបណ្ដឹងពីសុវត្ថិភាព ដោយមិនអនុញ្ញាតឲ្យពលរដ្ឋដើរលើសពីម៉ោង៩យប់ឡើយ បើល្មើសបំរាមនេះ គេនឹងផាកវិន័យ។ ចំពោះការទទួលបានវ៉ាក់សាំងការពារកូវីដ-១៩នោះ ពេលនេះនាងមិនទាន់បានចាក់នៅឡើយ ហេតុនេះហើយនាងនឹងរៀបគម្រោងមកស្រុកវិញជាថ្មីម្ដងទៀត នៅដើមឆ្នាំ២០២១ ខាងមុខនេះ ដែលជឿថា ពេលនោះស្ថានភាពកូវីដ១៩ អាចនឹងប្រសើរជាងនេះ។

ឈាន នីហ្សា បានត្រៀមបោះទុនរកស៊ីធំនៅភ្នំពេញ ដោយនាំយកផលិតផលពីក្រៅស្រុកនូវកាបូបម៉ាកល្បីៗ និងគ្រឿងសម្អាងដែលមានគុណភាព ដោយចំណាយថវិកាវិនិយោគរាប់ម៉ឺនដុល្លា។ នាងថា ក្រោយចេញទៅរស់នៅតាមស្វាមី តាំងពីក្រោយរៀបការមកនាងទទួលបានសុភមង្គលយ៉ាងកក់ក្ដៅ ប៉ុន្ដែមូលហេតុដេលនាងចង់មករស់នៅស្រុកកំណើត និងរកស៊ីនៅភ្នំពេញ នោះ ដោយសារតែនៅបារាំង នាងពិបាកញាំអាហារបែបអឺរ៉ុប ព្រោះចូលចិត្តញាំតែម្ហូបខ្មែរ។

ឈាន នីហ្សា បានរៀបការជាមួយអាណិកជនខ្មែរ មកពីបារាំង កាលពីឆ្នាំ២០១៣ ហើយពេលនេះនាងទទួលបានចំណងដៃកូន២នាក់ គឺកូនប្រុសច្បង ឈ្មោះ Richard អាយុជាង៦ឆ្នាំ និងកូនស្រីទី២ ឈ្មោះ Laura អាយុជាង៣ឆ្នាំ៕

RELATED ARTICLES